លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយយុវជនលើបញ្ហាចំនួន ៣ ក្រុម
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ (រូបថត៖ VOV) |
កិច្ចសន្ទនានេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតពីទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ ទៅកាន់ទីភ្នាក់ងារនៃគណៈកម្មាធិការប្រជាជននៅតាមខេត្តចំនួន ៦៣ និងទីក្រុងចំណុះមជ្ឈិម រួមទាំងភ្នាក់ងារមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ។
ក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានអះអាងថា យុវជនគឺជាផ្នែកសំខាន់និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ កម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជន គឺជាវេទិកាដ៏មានសារៈសំខាន់ និងមានអត្ថន័យសម្រាប់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីស្តាប់ និងចែករំលែកនូវមតិយោបល់និងសេចក្តីប្រាថ្នាដ៏សមស្របរបស់យុវជនលើមាគ៌ាឆ្ពោះទៅរកភាពជឿជាក់លើខ្លួនឯង ចាប់ផ្តើមអាជីវកម្ម ប្រាថ្នាចង់ធ្វើជាម្ចាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងប្រទេសជាតិ។ ទន្ទឹមនឹងនោះ បង្ហាញពីក្តីស្រឡាញ់ ទំនួលខុសត្រូវ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីផ្ទាល់ចំពោះការអភិវឌ្ឍ យុវជន សំដៅលើកកម្ពស់នូវស្មារតីលះបង់ កម្លាំងចិត្ត និងការស្ម័គ្រចិត្តរបស់យុវជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម។
សំណួរ អនុសាសន៍ និងសំណើរបស់យុវជនក្នុងកិច្ចសន្ទនានេះ បានផ្តោតទៅលើបញ្ហាចំនួន ៣ ក្រុម រួមមានៈ ការអប់រំ-បណ្តុះបណ្តាល ក្នុងគោលបំណងកសាង និងអភិវឌ្ឍធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ស្របតាមតម្រូវការនៃយុគសម័យ ៤.០; ការហ្វឹកហ្វឺនកាយសមប្បទារ ធ្វើអោយប្រសើរឡើងនូវជីវភាពខាងវប្បធម៌ និងស្មារតីរបស់យុវជន; បង្កើតបរិយាកាសសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម និងមានភាពច្នៃប្រឌិត៕