វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយដែលមានសារសំខាន់បំផុត
(VOVWORLD) - នារសៀលថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន GE Vernova របស់សហរដ្ឋអាមេរិក។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន GE Vernova របស់សហរដ្ឋអាមេរិក។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយដែលមានសារសំខាន់បំផុត ហើយបានសម្តែងគោលបំណងចង់ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រុយ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តជាកម្លាំងចលករចម្បង និងជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងអន្តរជាតិ។ លោកអគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលរបស់អាមេរិក ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្ពាននិងជាច្រកទ្វារដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង GE Vernova និងប្រទេសនានាក្នុងតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍។
រីឯខ្លួនវិញ លោក Scott Strazik ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន GE Vernova បានឲ្យដឹងថា ក្រុមហ៊ុនបានជ្រើសរើសវៀតណាមជាប្រទេសអាស៊ីដំបូងគេសម្រាប់រៀបចំសន្និសីទថាមពលជាប្រចាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១០០ នាក់របស់ក្រុមហ៊ុនថាមពលឈានមុខគេទូទាំងពិភពលោក តាមនោះចាប់ផ្ដើមដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការវាងក្រុមហ៊ុន GE Vernova ជាមួយប្រទេសវៀតណាម និងតំបន់។ លោក Scott Strazik បានអះអាងថា GE Vernova កំពុងអមដំណើរប្រទេសវៀតណាមមិនត្រឹមតែក្នុងគោលដៅធានាសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមទៀតផង៕