វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាផ្លាស់ប្តូរថ្មី ដោយរឹងមាំជម្នះរាល់បញ្ហាប្រឈម
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Marcelo Rodriguez ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនីស្តអាហ្សង់ទីន បានចែករំលែកការវាយតម្លៃអំពីសមិទ្ធផលលេចធ្លោរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងអាណត្តិមហាសន្និបាតលើកទី ១៣ ក៏ដូចជាមាគ៌ាកិច្ចការបរទេស និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
លោក Marcelo Rodriguez ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនីស្តអាហ្សង់ទីន។ រូបថត៖ TTXVN |
វាយតម្លៃអំពីលទ្ធផលដែលសម្រេចបានក្នុងអាណត្តិមហាសន្និបាតលើកទី១៣ លោក Marcelo Rodriguez បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ពិសេសរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងការដឹកនាំ លើគ្រប់ជ្រុងជ្រោយនៃបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិនាប៉ុន្មានទសវត្សរ៍កន្លងមក ជាពិសេសនៅពេលដែលវៀតណាមត្រៀមខ្លួនអបអរសាទរខួប ៤០ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី (១៩៨៦ - ២០២៦)។ លោកបានវាយតម្លៃថា ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនវៀតណាមត្រូវបានកែលម្អជាលំដាប់ តួនាទីដឹកនាំផ្ទាល់និងគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការមជ្ឈិមបក្សត្រូវបានពង្រឹង ខណដែលតួនាទី និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមត្រូវបានលើកកម្ពស់កាន់តែខ្លាំង។
ដោយលើកឡើងពីមាគ៌ាកិច្ចការបរទេសរបស់វៀតណាម លោក Marcelo Rodriguez បានអះអាងថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ។ តាមលោក គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ៕