វៀតណាមលើកត្រដែតទស្សនៈអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ា
(VOVWORLD) - នៅថ្ងៃទី ២៥ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមាន បញ្ហាប៉ាឡេស្ទីនផងដែរ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការវិវត្តជាក់ស្តែង ជាពិសេសគឺការពង្រីកតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនមានសញ្ញាណាបញ្ជាក់ពីការបញ្ឈប់ឡើយ។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានមានប្រសាសន៍ថាសកម្មភាពទាំងនេះរួមជាមួយសកម្មភាពរារាំងជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីនដូចជាការបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិនឹងបង្កើនភាពខុសប្លែកគ្នារវាងភាគីនានា ដែលរារាំងដល់ការតភ្ជាប់ឡើងវិញកិច្ចចរចា និងបង្រួញឱកាសសម្រេចឲ្យបានដំណោះស្រាយរយៈពេលយូរអង្វែងនិងប្រកបដោយចីរភាពចំពោះបញ្ហាប៉ាឡេស្ទីន។
ទាក់ទិនដល់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា វៀតណាមស្វាគមន៍និងគាំទ្ររាល់គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដែលអាចជួយពន្លឿនដំណើរការនេះដោយអំពាវនាវដល់ភាគីទាំងអស់អត់ធ្មត់ ហើយមិនអនុវត្តន៍បណ្ដាសកម្មភាព និងសេចក្ដីប្រកាស ដែលអាចបណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត។
ទាក់ទិននឹងការបោះឆ្នោតនៅប៉ាឡេស្ទីននាពេលខាងមុខ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអំពាវនាវ ឲ្យ ភាគីទាក់ទិននានាជួយសម្រួលដល់ការបោះឆ្នោតនៅគ្រប់តំបន់ ក្នុងនោះមានក្រុងយេរូសាឡឹម ខាងកើតផងដែរ៕