សន្ទស្សន៍ PMI ក្នុង​វិស័យ​ផលិតកម្ម​របស់វៀតណាមបានស្តារឡើងវិញយ៉ាងខ្លាំង​ ក្រោយ​ព្យុះទីហ្វុងយ៉ាហ្គី

(VOVWORLD) - បន្ទាប់ពីរងការអាក់ខានដោយឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាហ្គី វិស័យផលិតកម្មរបស់វៀតណាមបានចាប់ផ្តើមស្តារឡើងវិញក្នុងខែតុលា ឆ្នាំ ២០២៤ នៅពេលដែលទាំងបរិមាណផលនិងចំនួននៃការបញ្ជាទិញថ្មីបានកើនឡើងម្តងទៀត។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់វិស័យផលិតកម្មនៅវៀតណាម ត្រូវបានក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global កត់ត្រានៅកម្រិត ៥១,២ ពិន្ទុក្នុងខែតុលា ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងសន្ទស្សន៍ ៤៧,៣ ពិន្ទុនៅក្នុងខែកញ្ញា។

យោងតាមការស្ទង់មតិរបស់ S&P Global មកទល់ពេលនេះ ស្ថានភាពធ្វើអាជីវកម្មបានប្រសើរឡើងវិញ។ គួរកត់សម្គាល់គឺកំណើនទាំងបរិមាណផល និងចំនួននៃការបញ្ជាទិញថ្មី នៅពេលដែលដំណើរការស្តារឡើងវិញក្រោយព្យុះកំពុងប្រព្រឹត្តិទៅ។ ទន្ទឹមនឹងនោះ ចំនួននៃការបញ្ជាទិញនាំចេញថ្មីក្នុងខែតុលាក៏បានកើនឡើងផងដែរ។ គួរឲ្យកត់សម្គាល់ ការស្ទង់មតិរបស់ S&P Global បានបង្ហាញថា សកម្មភាពទិញទំនិញបានកើនឡើងនៅក្នុងបរិបទនៃចំនួនការបញ្ជាទិញថ្មីកើនឡើង ហើយនិងបរិមាណទិន្នផលក៏ត្រូវបានរំពឹងថានឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខផងដែរ។

សន្ទស្សន៍ PMI ក្នុង​វិស័យ​ផលិតកម្ម​របស់វៀតណាមបានស្តារឡើងវិញយ៉ាងខ្លាំង​ ក្រោយ​ព្យុះទីហ្វុងយ៉ាហ្គី - ảnh 1ការផ្គុំគ្រឿងអេឡិចត្រូនិចនៅរោងចក្រ Chee Yuen Vietnam ដែលវិនិយោគដោយតៃវ៉ាន់ (ចិន) នៅមណ្ឌលឧស្សាហកម្ម An Duong ស្រុក An Duong ទីក្រុង Hai Phong។ រូបថត៖ Vu Sinh/TTXVN

វាយតម្លៃសន្ទស្សន៍ PMI របស់វៀតណាមក្នុងដំណាក់កាលនេះ  លោក Andrew Harker នាយកផ្នែកសេដ្ឋកិច្ចនៅ S&P Global Market Intelligence បានឲ្យដឹងថា ទិន្នន័យក្នុងខែតុលាបានបង្ហាញថា ការស្តារឡើងវិញបន្ទាប់ពីរងការអាក់ខានដោយព្យុះទីហ្វុងយ៉ាហ្គី កំពុងប្រព្រឹត្តិទៅការក្នុងកំឡុងខែនេះ។ ក្រុមហ៊ុននានាបានមើលឃើញការកើនឡើងនៃការបញ្ជាទិញថ្មី និងអាចពង្រីកផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយចំនួននៅតែរងផលប៉ះពាល់ដោយព្យុះ បានជិះឥទ្ធិពលដល់ល្បឿនកំណើន។ ដូច្នេះហើយ ទីផ្សាររំពឹងថា នឹងកត់ត្រាកំណើន នៅពេលដែលក្រុមហ៊ុនផលិតកម្មជាច្រើនបានដំណើរការឡើងវិញដោយសមត្ថភាពពេញលេញ នៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ