សារទូរលេខ លិខិតអបអរសាទរប្រធានរដ្ឋវៀតណាមលោក លឿង គឿង
(VOVWORLD) - ក្នុងឱកាសដែលលោក លឿង គឿង (Luong Cuong) ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះ ថ្នាក់ដឹកនាំនៃប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងម៉ូសំប៊ិក បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ លឿង គឿង។
លោកប្រធានរដ្ឋ លឿង គឿង។ (រូបថត៖ VOV) |
ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់រវាងប្រទេសទាំងពីរលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយបានម្តែងនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ លឿង គឿង ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងហ្វីលីពីននៅក្នុងអាស៊ាននឹងកាន់តែរឹងមាំថែមទៀត។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ Maha Vajiralongkorn R. និងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានសម្តែងនូវបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋវៀតណាម ដើម្បីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរនាពេលខាងមុខ។
ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក លោក Filipe Jacinto Nyusi បានផ្ញើលិខិតអបអរសាទរចំពោះលោកប្រធានរដ្ឋ លឿង គឿង៕