អគ្គនាយិកា UNESCO៖ វៀតណាមជាគំរូក្នុងការអភិរក្ស ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌ
(VOVWORLD) - នារសៀលថ្ងៃទី៥ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) អគ្គនាយិកា UNESCO លោកស្រី Audrey Azoulay បានទទួលជួប ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅ UNESCO លោកស្រី Le Thi Hong Van ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។
អគ្គនាយិកា UNESCO លោកស្រី Audrey Azoulay ទទួលជួបឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅ UNESCO លោកស្រី Le Thi Hong Van។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ អគ្គនាយិកា UNESCO លោកស្រី Audrey Azoulay បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលអះអាងនូវតួនាទីជាសមាជិកដ៏សកម្ម មានការ ទទួលខុសត្រូវ ដែលជាប្រទេសឈានមុខគេមួយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកម្មវិធី និងសកម្មភាពរបស់ UNESCO។
លោកស្រីអគ្គនាយិកាអង្គការយូណេស្កូបានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ជាមួយនឹងចំនួនសំឡេងគាំទ្រច្រើនជាងគេនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ លោកស្រីបានអះអាងថា លទ្ធផលនេះបង្ហាញឱ្យឃើញពីជំនឿជាក់ និងទំនុកចិត្តអន្តរជាតិចំពោះវៀតណាម ដែលជាគំរូមួយក្នុងការអភិរក្ស ថែរក្សា និង លើកកំពស់តម្លៃបេតិកភណ្ឌ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកស្រីអគ្គនាយិកា Audrey Azoulay បានសន្យាថា UNESCO នឹងបន្តជួយឧបត្ថម្ភ វៀតណាមក្នុងការកសាង និងជំរុញសំណុំឯកសារបេតិកភណ្ឌ ក៏ដូចជាជួយឧបត្ថម្ភ ដល់ការអភិរក្ស និងលើកកំពស់តម្លៃនៃបេតិកភណ្ឌពិភពលោកនានាដែលត្រូវបាន UNESCO ទទួលស្គាល់ ក្នុងនោះមានគម្រោងអភិរក្ស ជួសជុលនិងលើកកំពស់តម្លៃ នៃមជ្ឈមណ្ឌលព្រះបរមរាជវាំងថាំងឡុង - ហាណូយ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយ UNESCO; សង្ឃឹមថា UNESCO នឹងបន្តជួយឧបត្ថម្ភ រួមដំណើរ និងចែករំលែកជាមួយវៀតណាម ជាពិសេស ចំណេះដឹង គំនិត បទពិសោធន៍ គំរូ និងកិត្តិនាម រួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ននៅវៀតណាម៕