ឥណ្ឌាត្រៀមខ្លួនជាស្រេចសម្រាប់ដើរតួនាទីយ៉ាងសកម្មដើម្បីសន្តិភាពនៅអ៊ុយក្រែន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី ២៣ ខែសីហា នៅទីក្រុងគៀវ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់អ៊ុយក្រែន ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត កាលពីជាង៣០ឆ្នាំមុន។
នៅទីនេះ មេដឹកនាំឥណ្ឌាបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន; ទន្ទឹមនឹងនោះ បានអះអាងសារជាថ្មីនូវគោលជំហររបស់ឥណ្ឌាថា ជម្លោះនៅអ៊ុយក្រែនអាចដោះស្រាយបាន តាមរយៈការសន្ទនានិងការទូតប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុង New Delhi ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំដើម្បីសន្តិភាព។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថត៖ ANI/TTXVN |
រីឯខ្លួនវិញ លោកប្រធានាធិបតី Zelensky បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងយោធារវាងអ៊ុយក្រែននិងឥណ្ឌា។ បើយោងតាមទូរទស្សន៍ឥណ្ឌា ប្រទេសនេះនិងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបួន ស្តីពីជំនួយមនុស្សធម៌ កសិកម្ម វេជ្ជសាស្ត្រ និងវប្បធម៌។
នាប៉ុន្មានសប្តាហ៍មុននោះ លោកនាយករដ្ឋមន្ត្រី Modi បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី ជាលើកដំបូងក្រោយរយៈពេល៥ ឆ្នាំ និងជាដំណើរទស្សនកិច្ចទៅបរទេសផ្លូវការដំបូងរបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិថ្មី។ មជ្ឈដ្ឋានអ្នកវិភាគជឿជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់រុស្ស៊ី និងអ៊ុយក្រែន គឺជាទង្វើដែលបង្ហាញថាទីក្រុង New Delhi កំពុងខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីជាអ្នកសម្របសម្រួល ដើម្បីរួមចំណែកដោះស្រាយជម្លោះរវាងប្រទេសអឺរ៉ុបទាំងពីរនេះ៕