Buon Ma Thuot៖ គោលដៅនៃកាហ្វេពិភពលោក
(VOVWORLD) - មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមីនា ក្រោមប្រធានបទ "Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក"។ ព្រឹត្តិការណ៍នេះសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាព សក្ដានុពល និងប្រៀបខ្លាំងរបស់ខេត្ត ដល់វិនិយោគិននិងភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។
"ប្រអប់កាហ្វេកញ្ចប់ធំបំផុតនៅវៀតណាម" នឹងត្រូវបានប្រគល់ជូន ប៉ូស្ត៍យោធាការពារព្រំដែន Tam Hop ឃុំ Tam Hop ស្រុក Tuong Duong ខេត្ត Nghe An។ (រូបថត៖ VOV)
|
ពិធីបើកបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ ខែមីនា នៅទីលាន ១០ មីនា ទីក្រុង Buon Ma Thuot។ កម្មវិធីសិល្បៈក្នុងពិធីបើកមាន៣ជំពូក៖ ក្លិនផ្កានៅក្នុងព្រៃជ្រៅ - រីកសាយភាយដល់ទ្វីបទាំង៥; វប្បធម៌កាហ្វេ - បណ្តុំសមាហរណកម្ម និង Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក។
មុននោះ នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុង Buon Ma Thuot សមាគមកាហ្វេ Buon Ma Thuot បានប្រារព្ធពិធីបើកការប្រកួតប្រជែងផលិតកាហ្វេប្រចាំតំបន់របស់វៀតណាមឆ្នាំ ២០២៣។ នេះក៏ជាចំណុចលេចធ្លោមួយនៃមហោស្រព។ ការប្រកួតនេះសំដៅឧទ្ទេសនាម ផ្សព្វផ្សាយ និងអភិវឌ្ឍឧស្សាហកម្មកាហ្វេពិសេសរបស់វៀតណាម វប្បធម៌កាហ្វេវៀតណាម និងរួមចំណែកបង្កើនការប្រើប្រាស់ក្នុងស្រុក និងតម្លៃនៃកាហ្វេវៀតណាម។ លោក Trinh Duc Minh ប្រធានសមាគមកាហ្វេ Buon Ma Thuot បានឲ្យដឹងថា៖ “ការប្រកួតនេះត្រូវបានរៀបចំឡើងតាមគំរូអន្តរជាតិ ប៉ុន្តែយើងក៏បានដាក់បញ្ចូលកត្តាវៀតណាមមួយចំនួន ដូចជាការប្រឡងឆុងកាហ្វេហ្វីន ទៅក្នុងការប្រកួតផងដែរ។ ការប្រកួតនេះ ជួយលើកកំពស់ជំនាញបារីស្តា ទន្ទឹមនឹងនោះ ក៏លើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីតួនាទីយ៉ាងសំខាន់នៃការឆុងកាហ្វេយ៉ាងដូចម្តេច ដើម្បីឲ្យយើងរីករាយនឹងកាហ្វេដ៏ល្អមួយពែង។ ក្រៅពីការស្វែងរកទេពកោសល្យក្នុងការផលិតកាហ្វេ ដើម្បីលើកតម្កើងនិងផ្សព្វផ្សាយនោះ ការប្រកួតក៏ជាឱកាសសម្រាប់វៀតណាម ឧទ្ទេនាមអំពីវិធីសាស្រ្តធ្វើកាហ្វេផងដែរ”។
នាព្រឹកថ្ងៃដដែលនោះ នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak ក៏មានការតាំងពិព័រណ៌ឯកទេសស្តីពីកាហ្វេផងដែរ។ នៅទីនេះ ក្រុមហ៊ុនភាគហ៊ុន សាជីវកម្មសេដ្ឋកិច្ច My Viet បានក្លាយជាម្ចាស់កំណត់ត្រា "ប្រអប់កាហ្វេកញ្ចប់ធំបំផុតនៅវៀតណាម" ជាផ្លូវការ៕