កិច្ចប្រជុំកំពូល ណាតូ ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី២៤ ខែមីនា កិច្ចប្រជុំកំពូល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានប្រារព្ធធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ព្រឹត្តិការណ៍ នេះជាការចាប់ផ្ដើមសម្រាប់កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូល G7 និងសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។ ខ្លឹមសារស្នូលនៃកិច្ចប្រជុំទាំងនេះ គឺស្វែងរកដំណោះស្រាយសម្រាប់ការកើន ឡើងនៃភាពតានតឹងនៅអ៊ុយក្រែន។

កិច្ចប្រជុំកំពូល ណាតូ ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន - ảnh 1ថ្នាក់ដឹកនាំអង្គការណាតូអញ្ចើញចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២៤ មីនា។ (រូបថត៖ AFP)

នេះជាលើកដំបូងដែលថ្នាក់ដឹកនាំណាតូបានជួបគ្នាជាផ្លូវការចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

បញ្ជាក់ជំហររបស់ណាតូ

សេចក្តីថ្លែងការណ៍រួមរបស់ណាតូបន្ទាប់ពីកិច្ចប្រជុំបានបញ្ជាក់ពីសាមគ្គីភាព និងការប្រឆាំងដាច់ខាតនឹងប្រតិបត្តិការរបស់រុស្ស៊ី ការផ្ដល់ជំនួយដល់រដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន ក៏ដូចជាការការពារសន្តិសុខនៃសម្ព័ន្ធមិត្តទាំងអស់ផងដែរ។ ថ្នាក់ដឹកនាំអង្គការណាតូក៏បានយល់ព្រមបង្កើតក្រុមកលយុទ្ធចំនួន៤បន្ថែមទៀតនៅប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។ ក្រៅពីទាហានអឺរ៉ុប ទាហានអាមេរិកចំនួន១០ម៉ឺននាក់ក៏ត្រូវបានគេដាក់ពង្រាយដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូ។

សមាជិកណាតូបានឯកភាពលើការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ហើយពង្រីកការជួយឧបត្ថម្ភដល់អ៊ុយក្រែន ដោយបំពាក់ជូនប្រទេសនេះ ជាមួយនឹងឧបករណ៍យោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរថក្រោះ ការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ផងដែរ។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការយោធាជួរមុខនៅអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា ណាតូត្រូវតែសាមគ្គីគ្នាដើម្បីរក្សាសម្ព័ន្ធភាពដ៏រឹងមាំ ហើយធានាសុវត្ថិភាពរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ ជំហររបស់អង្គការណាតូ គឺមិនដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែននោះទេ ប៉ុន្តែត្រូវបំពេញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាថា ជម្លោះមិនកើនឡើងបន្ថែមទៀត ជៀសវាងបង្កឡើងគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត។

ជំរុញសកម្មភាពមនុស្សធម៌នៅអ៊ុយក្រែន

គិតមកដល់ពេលនេះ គឺគម្រប់១ខែហើយ ដែលរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ការចរចាររវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ ទោះបីជាមិនទាន់ឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅឡើយក៏ដោយ ប៉ុន្តែមានវឌ្ឍនភាពដ៏ជាក់លាក់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកមិនទទូចលើការនាំអ៊ុយក្រែនក្លាយជាសមាជិកណាតូ ទៀតឡើយ ហើយត្រៀមខ្លួនជាស្រេចដើម្បី "សម្របសម្រួល" លើស្ថានភាពនៃតំបន់ដែនដីបំបែកខ្លួនទាំងពីរគឺ Donetsk និង Luhansk ដែលត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទទួលស្គាល់ពីឯករាជ្យភាព មុនពេលបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នា បង្កើតច្រករបៀងមនុស្សធម៌ចំនួនប៧។ ចាប់តាំងពីច្រករបៀងមនុស្សធម៌ត្រូវបានបង្កើតឡើង ជនស៊ីវិលប្រហែល ៣០ម៉ឺន នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះ។ ក្នុងពេលជាមួយគ្នានោះ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រជាជនអ៊ុយក្រែនចំនួន ៣,៦ លាននាក់បានចាកចេញពីប្រទេសទៅជ្រកកោននៅប្រទេសជិតខាងនានា។

តាមការប៉ាន់ស្មានថាបច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានទទួលយកជនភៀសខ្លួនច្រើនជាងចំនួនជនភៀសខ្លួនកាលពីឆ្នាំ ២០១៥ និង ២០១៦ បូកបញ្ចូលគ្នា ដែលជាពេលវេលាដែលជម្លោះនៅប្រទេសស៊ីរីបានបណ្តាលឲ្យលំហូរជនចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមជ្ឈិមបូព៌ានិងអាហ្វ្រិកទៅកាន់អឺរ៉ុប។ យោងតាមស្នងការកិច្ចការផ្ទៃក្នុង EU ជនភៀសខ្លួនអ៊ុយក្រែនទាំងអស់ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែននៃប្រទេសជាសមាជិក EU។ ប្លុកនេះក៏បានសម្រេចចិត្តអនុញ្ញាតឲ្យជនភៀសខ្លួនអ៊ុយក្រែនអាចទៅធ្វើការ បញ្ជូនកូនទៅសាលារៀន ទទួលបានលំនៅដ្ឋាន និងសុខុមាលភាពសង្គមយ៉ាងឆាប់រហ័សនៅក្នុងប្លុកផងដែរ។

រហូតមកដល់ពេលនេះ ទោះបីជាបទឈប់បាញ់មួយមិនទាន់ត្រូវបានសម្រេចក៏ដោយ ក៏រុស្ស៊ីនិងអ៊ុយក្រែន តែងតែបង្ហាញការត្រៀមខ្លួនជាស្រេចសម្រាប់ការចរចា។ លើសពីនេះទៅទៀត ការដែល ណាតូ និងអាមេរិកសុទ្ធតែបញ្ជាក់ពីជំហរមិនដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែន បានផ្តល់នូវក្តីសង្ឃឹមថា ជម្លោះនេះនឹងមិនលិចចូលជ្រៅទៅក្នុងចរន្តទឹកកួចដ៏គ្រោះថ្នាក់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ