កិច្ចប្រជុំកំពូល G៧ និងបញ្ហាប្រឈមចំពោះសាមគ្គីភាពរបស់លោកខាងលិច

(VOVWORLD) - ជាកិច្ចប្រជុំកំពូលដំបូងនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ - G៧ ចាប់តាំងពី ប្រធានាធិបតីអាមេរិក លោក Donald Trump វិលត្រឡប់មកកាន់អំណាចនៅដើមឆ្នាំ នេះ កិច្ចប្រជុំកំពូល G៧ ប្រព្រឹត្តទៅក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មសកល ដោយសារ
គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងជម្លោះភូមិសាស្ត្រ នយោបាយកាន់តែស្មុគស្មាញនៅតំបន់ជាច្រើនជុំវិញពិភពលោក។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនានៅទីក្រុង Kananaskis រដ្ឋ Alberta ប្រទេសកាណាដា កិច្ចប្រជុំកំពូល G៧ ឆ្នាំនេះគឺជាកិច្ចប្រជុំកំពូល G៧ លើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអាណត្តិទីពីរ ហើយក៏ ជាកិច្ចប្រជុំកំពូល G៧ លើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះលោក Mark Carney ផងដែរ។

ចក្ខុវិស័យរបស់កាណាដា

នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមិថុនា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា Mark Carney បានឲ្យដឹងថា អាទិភាពកំពូលរបស់ ប្រទេសកាណាដានៅក្នុងកិច្ចប្រជុំកំពូល G៧ ឆ្នាំនេះ គឺការពង្រឹងសន្តិភាព និងសន្តិ សុខសកល រួមទាំងការប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស និងឧក្រិដ្ឋកម្មឆ្លងដែន និងការកែលម្អសមត្ថភាពឆ្លើយតបទៅនឹងគ្រោះភ្លើងឆេះព្រៃ។

ក្រៅពីប្រធានបទខាងលើ កិច្ចប្រជុំកំពូល G៧ ឆ្នាំនេះ នឹងបន្តពិភាក្សាអំពីបញ្ហា ភូមិសាស្ត្រនយោបាយលេចធ្លោផ្សេងទៀតនៅលើពិភពលោក។ ការដែលប្រទេស ម្ចាស់ផ្ទះកាណាដាបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យចូលរួមកិច្ចប្រជុំកំពូលលើកនេះ បានបង្ហាញថាជម្លោះរុស្ស៊ី - អ៊ុយក្រែននឹងបន្តជា ការផ្តោតសំខាន់នៃកិច្ចពិភាក្សា។ ប្រការនេះក៏ស្របនឹងចក្ខុវិស័យដែលប្រទេស ម្ចាស់ផ្ទះកាណាដាបានដាក់ចេញនៅពេលកសាងរបៀបវារៈដែលថា អនាគតរបស់ G៧ ពឹងផ្អែកលើទំនាក់ទំនងជាមួយដៃគូខាងក្រៅ G៧ ច្រើនជាងក្នុងក្រុម ហើយ G៧ ត្រូវការស្តារឡើងវិញតួនាទីពីមុនរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រី ហិរញ្ញវត្ថុកាណាដា Francois-Philippe Champagne បានប្រកាសថា៖

"ខ្ញុំគិតថានេះគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ G៧ និងពិភពលោក។ បេសកកម្មរបស់យើងគឺស្តារស្ថិរភាព និងកំណើនឡើងវិញ។ នេះគឺជាគោលដៅសំខាន់ ទាំងពីរនៃកិច្ចប្រជុំកំពូល G៧"។

ដើម្បីបង្ហាញពីចក្ខុវិស័យខាងលើ ក្រៅពីប្រមុខរដ្ឋនៃបណ្តាប្រទេស G៧ (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា ជប៉ុន) នាយក រដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអញ្ជើញមេដឹកនាំនៃប្រទេសជាច្រើនឱ្យ ចូលរួមក្នុងកិច្ចប្រជុំកំពូល G៧ ឆ្នាំនេះ រួមមាន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese ប្រធានា ធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum។ គួរកត់សម្គាល់ថា កាណាដាក៏បានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ឱ្យចូលរួមកិច្ចប្រជុំកំពូលលើកនេះ បើទោះបីជាប្រទេសទាំងពីរកំពុង មានភាពតានតឹងផ្នែកការទូតក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពដែល នាយករដ្ឋមន្ត្រីឥណ្ឌាចូលរួមគឺមិនប្រាកដប្រជានោះទេ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្ត ហោះដ៏សោកនាដកម្មកាលពីថ្ងៃទី ១១ ខែមិថុនា នៅរដ្ឋ Gujarat នៃប្រទេសនេះ។

ពពកពន្ធគយ

ជាកិច្ចប្រជុំកំពូល G៧ លើកដំបូងដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់តាំងពីលោកវិលត្រឡប់កាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទីពីរនោះ កិច្ចប្រជុំកំពូល G៧ ឆ្នាំនេះត្រូវបានគេរំពឹងថា នឹង ជួយដោះស្រាយឧបសគ្គមួយក្នុងចំណោមឧបសគ្គដ៏ធំបំផុតនាពេលបច្ចុប្បន្ន ក្នុង ទំនាក់ទំនងរវាងប្រទេសជាសមាជិក ដែលជាជម្លោះពាណិជ្ជកម្មដែលបណ្តាលមកពី គោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ នៅមុនកិច្ចប្រជុំកំពូល មន្ត្រីជាន់ខ្ពស់ នៃសហភាពអឺរ៉ុប (EU) និងជប៉ុនបានសង្ឃឹមថា កិច្ចសន្ទនាដោយផ្ទាល់ជាមួយលោក Donald Trump នៅកាណាដា នឹងជួយពន្លឿនដំណើរការចរចា ហើយថែមទាំងអាច សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយនៅឯកិច្ចប្រជុំកំពូលផងដែរ។ ក្នុងនោះ ជប៉ុនមានការរំពឹងដ៏ធំពិសេស ពីព្រោះនេះជាដៃគូសេដ្ឋកិច្ចដែលប្រធានាធិបតីអាមេរិក លោក Donald Trump ផ្ទាល់បានទទួលស្គាល់ថា "បានខិតជិតបំផុតនឹងកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក"។ រដ្ឋមន្ត្រីក្រសួងស្ដារសេដ្ឋកិច្ច និងជាប្រធានគណៈប្រតិភូ ចរចាពាណិជ្ជកម្មជប៉ុន លោក Ryosei Akazawa មានប្រសាសន៍ថា៖

"យើងនឹងស្នើឱ្យមេដឹកនាំទាំងពីរ (នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតី អាមេរិក) ក្រើនរំលឹកថា តើការចរចាពន្ធគយរវាងសហរដ្ឋអាមេរិក និងជប៉ុនមានវឌ្ឍន ភាពដល់កម្រិតណារួចហើយ។ ដូច្នេះ កិច្ចប្រជុំកំពូល G៧ គឺជាពេលវេលាចាស់ទុំ សម្រាប់អ្នកចរចារបស់យើង"។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍មានការសង្ស័យអំពីលទ្ធ ភាពដែលកិច្ចប្រជុំកំពូល G៧ អាចបង្កើតជំហានទម្លុះទម្លាយក្នុងបញ្ហាពន្ធគយ។ កន្លង មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្ដា ប្រទេស G៧ កាលពីថ្ងៃទី ២២ ឧសភា នៅទីក្រុង Alberta ប្រទេសកាណាដា បណ្តា ប្រទេស G៧ មិនអាចសម្រេចបានលទ្ធផលណាមួយក្នុងគោលដៅបន្ថយភាពតាន តឹងពាណិជ្ជកម្មជាមួយអាមេរិកឡើយ។ បន្ទាប់ពីកិច្ចប្រជុំនេះ នៅថ្ងៃទី ២៣ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump ថែមទាំងបានគំរាមដាក់ពន្ធ ៥០% លើ ទំនិញរបស់ EU។

ក្រៅពីបញ្ហាប្រឈមផ្នែកពន្ធគយនោះ បណ្ដាប្រទេស G៧ និងដៃគូជិតស្និទ្ធ មួយចំនួន ក៏កំពុងប្រឈមមុខនឹងការខ្វែងគំនិតគ្នាផ្ទៃក្នុង លើវិស័យសន្តិសុខ និង ការពារជាតិផងដែរ ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក Donald Trump អំពីការដែលសហរដ្ឋអាមេរិកចង់ច្របាច់បញ្ចូលកាណាដា និងកោះ Greenland របស់ដាណឺម៉ាក ក៏ដូចជាការដែលរដ្ឋបាលអាមេរិកប្រកាសថា គេនឹងពិចារណាឡើង វិញនូវកិច្ចព្រមព្រៀងសន្តិសុខ Aukus ដែលបានចុះហត្ថលេខានៅឆ្នាំ ២០២១ រវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ ទីបំផុត ស្ថានការណ៍មនុស្សធម៌នៅ តំបន់ហ្គាហ្សា និងជម្លោះដែលទើបបានផ្ទុះឡើងនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និង អ៊ីរ៉ង់ ក៏អាចបង្កឱ្យមានការបែកបាក់រវាងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ បំផុតរបស់អ៊ីស្រាអែល ជាមួយបណ្តាប្រទេសអឺរ៉ុបដែលកំពុងប្រកាន់ជំហរតឹងរ៉ឹងចំពោះ អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ