លំហអ៊ីនធឺណិតនិងជម្លោះសកលបង្កសម្ពាធលើសិទ្ធិមនុស្សនៅឆ្នាំ ២០២៥
(VOVWORLD) - ជម្លោះរីករាលដាលនៅក្នុងតំបន់ជាច្រើនទូទាំងពិភពលោក រួមជាមួយនឹងគម្លាតឌីជីថល និងកង្វះយន្តការគ្រប់គ្រងលំហអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព បានបណ្តាលឲ្យស្ថានភាពសិទ្ធិមនុស្សសកលនៅឆ្នាំ ២០២៥ បន្តកត់ត្រាបញ្ហាសាកល្បងកាន់តែច្រើន។
នាថ្ងៃទី ១០ ខែធ្នូ ជាទិវាសិទ្ធិមនុស្សពិភពលោក ការិយាល័យឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបញ្ជាក់ថា នៅឆ្នាំ ២០២៥ ស្ថានភាពសិទ្ធិមនុស្សសកលបានទទួលរងសម្ពាធធ្ងន់ធ្ងរពីជម្លោះ និងការកាត់បន្ថយថវិកាឧបត្ថម្ភ ខណៈដែលចលនាប្រឆាំងសិទ្ធិមនុស្សកំពុងលេចចេញគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន។
រូបភាព៖ VGP |
ផ្ទាំងគំនូរនៃសិទ្ធិមនុស្សដ៏គួរឱ្យព្រួយបារម្ភ
យោងតាមតួលេខស្ថិតិមិនពេញលេញរបស់អង្គការសហប្រជាជាតិ ជម្លោះប្រដាប់អាវុធបានឆក់យកជីវិតមនុស្សប្រហែល ២៥០.០០០ នាក់នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ និងបង្កអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅតាមចំណុចក្តៅៗចំនួន ១៤ នៅលើពិភពលោក។ សរុបមក មនុស្សជាង ២៩៥ លាននាក់នៅទូទាំងពិភពលោកប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ច្រើនជាង ១៤ លាននាក់បើធៀបនឹងឆ្នាំមុន។ ចំនួនមនុស្សដែលជួបប្រទះនឹងគ្រោះទុរ្ភិក្សបានឈានដល់ ១,៩ លាននាក់ ដែលកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។ លោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ “នៅពេលដែលប្រព័ន្ធស្បៀងអាហាររងការវាយប្រហារ ហើយត្រូវបានប្រើប្រាស់ជាអាវុធ វានឹងបង្កផលប៉ះពាល់នៅទូទាំងពិភពលោក។ ស្បៀងអាហារបានក្លាយជាអាវុធ ដូចដែលយើងបានឃើញជាប្រចាំនូវយុទ្ធសាស្ត្របង្អត់អាហារដោយចេតនា ក៏ដូចជាការបំផ្លាញប្រព័ន្ធកសិកម្មផងដែរ”។
ក្នុងបរិបទនោះ សកម្មភាពរបស់ទីភ្នាក់ងារទទួលខុសត្រូវចំពោះសិទ្ធិមនុស្សនិងជំនួយមនុស្សធម៌ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការខ្វះខាតថវិកា។ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ការិយាល័យ OHCHR កំពុងប្រឈមមុខនឹងការខ្វះខាតថវិកាប្រតិបត្តិការចំនួន ៩០ លានដុល្លារនៅឆ្នាំ ២០២៥ ដែលនាំឱ្យមានការលុបបំបាត់ការងារធ្វើចំនួន ៣០០កន្លែង រួមទាំងកន្លែងការងារសំខាន់ៗផងដែរ។ នៅក្នុងរបាយការណ៍បូកសរុបស្ថានភាពមនុស្សធម៌សកលឆ្នាំ ២០២៦ អង្គការសហប្រជាជាតិក៏បានបញ្ជាក់ថា មូលនិធិសង្គ្រោះបន្ទាន់ថ្នាក់កណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ត្រូវការថវិកាចំនួន ២៣ ពាន់លានដុល្លារនៅឆ្នាំ២០២៦ ដើម្បីផ្តល់ជំនួយបន្ទាន់ដល់មនុស្ស ៨៧ លាននាក់នៅទូទាំងពិភពលោក ប៉ុន្តែការសន្យារួមចំណែករបស់ជាតិនាពេលបច្ចុប្បន្ន បានបំពេញផ្នែកតូចមួយនៃតម្រូវការនេះតែប៉ុណ្ណោះ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Tom Fletcher បានឲ្យដឹងថា៖ “អាទិភាពរបស់យើងនៅឆ្នាំ ២០២៦ គឺជួយសង្គ្រោះអាយុជីវិតមនុស្ស ៨៧ លាននាក់។ ផែនការមេនេះ រួមមានផែនការលម្អិតចំនួន ២៩ សម្រាប់ប្រទេសជាង ៥០ ក្នុងនោះ ថវិកា ៤ ពាន់លានដុល្លារសម្រាប់មនុស្ស ៣ លាននាក់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ ថវិកា ២,៨ ពាន់លានដុល្លារសម្រាប់មនុស្ស ២០ លាននាក់នៅប្រទេសស៊ូដង់ ដែលកំពុងកើតមានវិបត្តិអន្តោប្រវេសន៍ដ៏ធំបំផុតរបស់ពិភពលោក និងថវិកា ២ ពាន់លានដុល្លារសម្រាប់ប្រជាជនស៊ូដង់ ៧ លាននាក់ដែលត្រូវជម្លៀសចេញដោយសារជម្លោះ។ លើសពីនេះ ថវិកាប្រមាណ ១,៤ ពាន់លានដុល្លារនឹងត្រូវបានបែងចែកដើម្បីជួយសង្គ្រោះមនុស្ស ៤,៩ លាននាក់នៅមីយ៉ាន់ម៉ា និងអ្នកដែលត្រូវជម្លៀសចេញដោយសារតែវិបត្តិនៅក្នុងប្រទេសនេះ ហើយមានកន្លែងជាច្រើនទៀតដែលត្រូវការជំនួយ”។
គម្លាតឌីជីថល
ក្រៅពីជម្លោះ កត្តាមួយទៀតដែលបង្កសម្ពាធកាន់តែខ្លាំងឡើងលើកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីធានាសិទ្ធិមនុស្សគឺវិសមភាពបច្ចេកវិទ្យា និងកង្វះយន្តការដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងលំហអ៊ីនធឺណិត។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត កំពុងបង្កើនគម្លាតឌីជីថលរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ ខណៈដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាពិសេសឧក្រិដ្ឋកម្មដែលផ្អែកលើ AI ធ្វើឱ្យពិភពលោកខាតបង់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយជនរងគ្រោះភាគច្រើនមកពីប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិងអាហ្វ្រិក។
នៅថ្ងៃទី ២៤ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានថា បញ្ញាសិប្បនិម្មិតបង្កើតមាតិកា(generative AI) អាចក្លាយជា " Frankenstein សម័យទំនើប" ដែលជនរងគ្រោះដំបូងទំនងជាសិទ្ធិមនុស្ស។ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បញ្ញាសិប្បនិម្មិតមានសក្តានុពលដ៏ធំធេង ប៉ុន្តែការប្រើប្រាស់វាសម្រាប់ផលប្រយោជន៍នយោបាយ ឬសេដ្ឋកិច្ចអាចរៀបចំ បំភាន់ និងធ្វើឲ្យរំខាន។ លោកបានព្រមានថា នៅពេលដែលសាជីវកម្មបច្ចេកវិទ្យាបាននាំចេញបច្ចេកវិទ្យាថ្មីៗដូចជា AI បង្កើតមាតិកា សិទ្ធិមនុស្ស រួមទាំងសិទ្ធិឯកជនភាព សិទ្ធិចូលរួមក្នុងនយោបាយ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិធ្វើការ "អាចក្លាយជាជនរងគ្រោះដំបូង"។ ក្រៅពី AI បង្កើតមាតិកា លោក Turk បានសង្កត់ធ្ងន់លើការគំរាមកំហែងពីការប្រមូលផ្តុំអំណាចកាន់តែខ្លាំងឡើងរបស់សាជីវកម្ម និងការប្រមូលផ្តុំទ្រព្យសម្បត្តិរបស់បុគ្គល និងសហគ្រាសនៅក្នុងដៃរបស់មនុស្សមួយចំនួនតូច អាចនាំឱ្យមានការរំលោភបំពាន និងការធ្វើជាទាសករ។ នាពេលខាងមុខ បាតុភូតដ៏គួរឱ្យព្រួយបារម្ភជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលំហអ៊ីនធឺណិត កំពុងជំរុញឲ្យមានចលនាប្រឆាំងសិទ្ធិជាច្រើន ដូចជា៖ ការប្រឆាំងនឹងសមភាពយេនឌ័រ និងសិទ្ធិអន្តោប្រវេសន៍ ដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន។ លោក Volker Turk បានព្រមានថា៖ “បច្ចុប្បន្ននេះ មានលំហូរថវិកាយ៉ាងច្រើនពីអ្នកផ្តល់ជំនួយនៅអឺរ៉ុប រុស្ស៊ី និងសហរដ្ឋអាមេរិកចូលទៅក្នុងរបៀបវារៈប្រឆាំងសិទ្ធិ។ ថវិកាដ៏ច្រើននេះ រួមជាមួយនឹងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធសាស្ត្រព័ត៌មានមិនពិត បានធ្វើឱ្យរបៀបវារៈប្រឆាំងសិទ្ធិទាំងនេះ ក្លាយជាកម្លាំងអន្តរតំបន់ដ៏មានឥទ្ធិពលយ៉ាងខ្លាំង”។
ការព្រមានរបស់ឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏ត្រូវបានលើកឡើងម្តងហើយម្តងទៀតដោយសភាអឺរ៉ុប (EP) ក្នុងឆ្នាំនេះផងដែរ។ យោងតាមតួលេខពីវេទិកាសភាអឺរ៉ុបស្តីពីសិទ្ធិផ្លូវភេទនិងបន្តពូជ (EPFSRR) ក្នុងដំណាក់កាល ២០១៩ - ២០២៣ ក្រុមប្រឆាំងសិទ្ធិនៅអឺរ៉ុបបានរៃអង្គាសថវិកាប្រហែល ១,២ ពាន់លានដុល្លារ ខ្ពស់ជាងច្រើនដងបើធៀបនឹងការរួមចំណែកដល់កម្មវិធីសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន។ នាពេលថ្មីៗនេះ ក្រុមចលនាជាច្រើននៅអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួន ដោយមានការគាំទ្រពីរដ្ឋាភិបាល ក៏កំពុងស្វែងរកការដកបទប្បញ្ញត្តិមួយចំនួននៅក្នុងអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស សំដៅអនុវត្តន៍គោលនយោបាយតឹងរ៉ឹងជាង លើជនភៀសខ្លួន ដែលបង្កើនការព្រួយបារម្ភពីសិទ្ធិរបស់ក្រុមងាយរងគ្រោះកាន់តែធ្លាក់ចុះ៕