កិច្ចព្រមព្រៀងពន្ធគយរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប៖ ការបញ្ចប់ភាពជាប់គាំងឆ្លងមហាសមុទ្រអាត្លង់ទិក
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃទី ២៧ ខែកក្កដាថា ពួកសម្រេចបានកិច្ចព្រមព្រៀងពន្ធគយរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ដោយបញ្ចប់ភាពជាប់គាំងពាណិជ្ជកម្មរយៈពេលវែងរវាងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងពីរនេះ ទោះបីជាបានបង្កឲ្យមានការមន្ទិលសង្ស័យជាច្រើននៅអឺរ៉ុបក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ដៃជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង EU នៅក្នុងទីក្រុង Turnberry ស្កុតឡែន ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Evelyn Hockstein) |
កិច្ចព្រមព្រៀងពាណិជ្ជកម្មសំដៅបញ្ចប់ជម្លោះពន្ធគយរវាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រេចបានបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធាន EC លោកស្រី Ursula von der Leyen កាលពីថ្ងៃទី ២៧ ខែកក្កដានៅទីក្រុង Turnberry ប្រទេសស្កុតឡេន។
ការបញ្ចប់ដំណាក់កាលមិនប្រាកដប្រជា
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែល លោក Donald Trump និងលោកស្រី Ursula von der Leyen បានប្រកាសទៅកាន់សារព័ត៌មាន សហរដ្ឋអាមេរិកនឹងដាក់ពន្ធមូលដ្ឋានចំនួន ១៥% លើទំនិញនាំចេញភាគច្រើនរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសនេះ។ សម្រាប់វិស័យសំខាន់ៗផ្សេងទៀតរបស់សហភាពអឺរ៉ុប ដូចជាយន្តហោះ បរិក្ខារអាកាសចរណ៍ ផលិតផលគីមី ឬវត្ថុធាតុដើមសំខាន់ៗមួយចំនួនទៀត អត្រាពន្ធជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយ ហើយអាចត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ចរចាបច្ចេកទេសលម្អិត ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងអនុវត្តន៍នាពេលខាងមុខ។ ជាថ្នូរនឹងអត្រាពន្ធ ១៥% សហភាពអឺរ៉ុបរក្សាអត្រាពន្ធ ០% លើទំនិញអាមេរិក យល់ព្រមទិញបរិមាណថាមពលក្នុងតម្លៃ ៧៥០ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនគឺឧស្ម័នធម្មជាតិរាវ (LNG) ពីអាមេរិក ព្រមទាំងសន្យាវិនិយោគ ៦០០ ពាន់លានដុល្លារអាមេរិកចូលមកអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។
ការដែលអាមេរិក-សហភាពអឺរ៉ុប សម្រេចបានកិច្ចព្រមព្រៀង មុនថ្ងៃផុតកំណត់ទី ១ ខែសីហានោះ បានជួយភាគីទាំងពីរបន្ធូរបន្ថយក្ដីកង្វល់ជាច្រើន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសើរកិច្ចព្រមព្រៀងនេះជា "ធំបំផុតក្នុងប្រវត្តិសាស្ត្រលើវិស័យពាណិជ្ជកម្ម" និងល្អសម្រាប់មនុស្សគ្រប់គ្នា ខណៈដែលលោកស្រី Ursula von der Leyen បានចាត់ទុកថា ការដែលភាគីទាំងពីរអាចរក្សាទុកទំនាក់ទំនងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលមានតម្លៃប្រតិបត្តិការប្រហែល ១,៩ ទ្រីលានដុល្លារទាំងទំនិញ និងសេវាកម្មជារៀងរាល់ឆ្នាំ បាននាំមកនូវស្ថិរភាព និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឆ្លងមហាសមុទ្រអាត្លង់ទិកទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយសន្តិសុខ។
"កិច្ចព្រមព្រៀងនេះបង្កើតភាពប្រាកដប្រជានៅក្នុងពេលវេលាមិនប្រាកដប្រជា ហើយនាំមកនូវស្ថិរភាពនិងអាចទាយទុកជាមុនបាន សម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសនៅច្រាំងទាំងសង្ខាងនៃមហាសមុទ្រអាត្លង់ទិក។ ត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កិច្ចព្រមព្រៀងនេះគឺជាមូលដ្ឋានទីពីរដើម្បីអះអាងឡើងវិញនូវភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក។"
ទីផ្សារហិរញ្ញវត្ថុសកលជាទូទៅមានប្រតិកម្មជាវិជ្ជមានចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែមជ្ឈដ្ឋានសហគ្រិន និងវិនិយោគិនអឺរ៉ុបមិនមានសុទិដ្ឋិនិយមខ្លាំងពេកទេ។ យោងតាមលោក Wolfgang Niedermark សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មអាល្លឺម៉ង់ (BDI) ក្នុងរយៈពេលវែង កិច្ចព្រមព្រៀងនេះអាចត្រូវបានគេចាត់ទុក ជាការចាប់ផ្តើមនៃអនាគតមួយដែលសហគ្រាសអឺរ៉ុប ត្រូវតែស៊ូទ្រាំនឹងការដាក់សម្ពាធជាច្រើន។ លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៃធនាគារ ING (ហូឡង់) ក៏មានអត្ថាធិប្បាយដូច្នេះដែរ៖
"អត្រាពន្ធ ១៥% ដំបូងឡើយមើលទៅហាក់ដូចជាសមហេតុផល ជាពិសេសនៅពេលដែលសហភាពអឺរ៉ុបធ្លាប់ទទួលរងការគំរាមកំហែងដោយអត្រាពន្ធ ២៥% ឬ ៣០% ប៉ុន្តែបើប្រៀបធៀបទៅនឹងអត្រាពន្ធនៅដើមឆ្នាំនេះ គឺ ១៥% នៅតែច្រើនណាស់។ ប្រការនេះមានន័យថាប្រសិនបើមានភាគីម្ខាងខាតបង់នៅក្នុងការចរចានេះ វាគឺជាអឺរ៉ុប ពីព្រោះការខូចខាតសេដ្ឋកិច្ចដល់អឺរ៉ុបនឹងខ្ពស់ជាងគួរឲ្យកត់សម្គាល់បើធៀបនឹងការខូចខាតដែលអាចបណ្ដាលមកពីអតិផរណាទៅលើអាមេរិក”។
មិនមែនសញ្ញាខ័ណ្ឌទេ
ថ្នាក់ដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប បានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋ
អាមេរិកនិងសហភាពអឺរ៉ុប ដោយប្រយ័ត្នប្រយែង នៅពេលដែលភាគច្រើនចាត់ទុកថាក្នុងបរិបទបច្ចុប្បន្ន “កិច្ចព្រមព្រៀងនេះមិនមែនជាកិច្ចព្រមព្រៀងល្អដែរ ប៉ុន្តែនេះក៏ជាកិច្ចព្រមព្រៀងមិនអាក្រក់អាក្រៃពេចទេ" សម្រាប់សហភាពអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសថា លោកទំនងជាមិនអាចពេញចិត្តនឹងលទ្ធផលនៃការចរចាជាមួយសហរដ្ឋអាមេរិក ដោយអះអាងថា កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-សហភាពអឺរ៉ុបនឹងបង្កឱ្យមានការខូចខាតគួរឲ្យកត់ សម្គាល់ដល់សេដ្ឋកិច្ចដែលផ្តោតលើការនាំចេញដូចប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ អធិការបតីអាល្លឺម៉ង់ក៏បានទទួលស្គាល់ដែរថា លោកមិនរំពឹងថា នឹងមានកិច្ចព្រមព្រៀងប្រសើរជាង នៅពេលនេះទេ ដោយសារតែសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដូច្នេះពួកគេមិនមានជំហរចរចាល្អនោះទេ។ ទស្សនៈនេះត្រូវបានចែករំលែកដោយថ្នាក់ដឹកនាំនៃប្រទេសអ៊ីតាលី ហូឡង់ និងសាធារណរដ្ឋអៀរឡង់។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីឧស្សាហកម្មបារាំង Marc Ferracci បានចាត់ទុកថា កិច្ចព្រមព្រៀងដែលទើបតែសម្រេចបាននៅប្រទេសស្កុតឡែន មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែខាងអឺរ៉ុបចាំបាច់ត្រូវបន្តជំរុញការចរចាបច្ចេកទេស ដើម្បីនាំទំនិញអឺរ៉ុបបន្ថែមទៀតចូលក្នុងបញ្ជីលើកលែងពន្ធគយរបស់សហរដ្ឋអាមេរិក តាមនោះជួយឱ្យកិច្ចព្រមព្រៀងកាន់តែមានតុល្យភាព។ ចែករំលែកជាមួយអត្ថាធិប្បាយនេះ លោកស្រី Cinzia Alcidi អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអឺរ៉ុប (CEPS) ដែលមានទីស្នាក់ការនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) បានវាយតម្លៃថា៖ "ខ្ញុំគិតថា ជំហានបន្ទាប់គឺត្រូវសម្រេចបានកិច្ចព្រមព្រៀងពិតប្រាកដ ចំណែកឯឥឡូវនេះវាត្រឹមតែជាកិច្ចព្រមព្រៀងនយោបាយប៉ុណ្ណោះ។ យើងត្រូវមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាលាយលក្ខណ៍អក្សរពេញលេញ ហើយខ្ញុំគិតថានេះជាផ្នែក ដែលភាពឆ្លាតវៃរបស់អឺរ៉ុបនឹងមានប្រយោជន៍ខ្លាំងណាស់"។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ មាត្រាមួយចំនួនក្នុងកិច្ចព្រមព្រៀងនៅតែមិនច្បាស់លាស់ ហើយអាចបង្កើតកន្លែងទំនេរក្នុងការចរចាសម្រាប់ EU ទាញយកប្រយោជន៍ក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសខ្លឹមសារទាក់ទងនឹងការសន្យារបស់ EU ក្នុងការបណ្ដាក់ទុន ៦០០ ពាន់លានដុល្លារអាមេរិក ចូលមកអាមេរិក។ យោងតាមអ្នកជំនាញ Carsten Brzeski គណៈកម្មការអឺរ៉ុបមិនមានសមត្ថកិច្ចដើម្បីសំណូមពរឲ្យប្រទេសសមាជិក ឬក្រុមហ៊ុនឯកជន បោះទុនវិនិយោគនៅក្នុងប្រទេសមួយផ្សេងទៀតទេ ដូច្នេះរបៀបដែល EU អនុវត្តន៍ការសន្យានេះនៅតែជាសំណួរដ៏ធំមួយ៕