វៀតណាមកំណត់ទីតាំងសេដ្ឋកិច្ចសមុទ្រតាមទិសបៃតងប្រកបដោយចីរភាព

(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រតាមទិសបៃតង និងប្រកបដោយចីរភាព គឺជាទិសដៅដ៏ធំនិងខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងដំណាក់កាលបច្ចុប្បន្ន សំដៅទាញយកសក្តានុពលនៃសមុទ្រប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ក៏ដូចជា ធានាជីវភាពរស់នៅរយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយ។ វៀតណាមកំពុងរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយយកការផ្លាស់ប្តូរ ឌីជីថល និងការផ្លាស់ប្តូរបៃតងជាគោលដៅចម្បង។ នៅក្នុងយុទ្ធសាស្ត្ររួមនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង និងប្រកបដោយចីរភាព គឺជាជម្រើសយុទ្ធសាស្ត្រ ដែលមានចក្ខុវិស័យរយៈពេលវែង។

វៀតណាមកំណត់ទីតាំងសេដ្ឋកិច្ចសមុទ្រតាមទិសបៃតងប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃវេទិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចសមុទ្រវៀតណាមឆ្នាំ ២០២៥ (រូបថត៖ nhandan.vn)

វៀតណាមគឺជាប្រទេសសមុទ្រ ដែលមានមាត់សមុទ្រជាង ៣.០០០ គីឡូ ម៉ែត្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំទូលាយ និងកោះរាប់ពាន់គ្រប់ទំហំ។ សមុទ្រមិនត្រឹមតែជាកន្លែងសម្រាប់ការរស់រានមានជីវិត និងជាខ្សែការពារយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ។

ពង្រីកសក្តានុពលនៃសមុទ្រ បង្កើតកម្លាំងចលករកំណើនថ្មី

ជំនួសឱ្យគំរូដែលផ្តោតលើការធ្វើអាជីវកម្មធនធានឆៅ វៀតណាមកំពុងផ្តល់អាទិភាពដល់វិស័យសេដ្ឋកិច្ចសមុទ្របៃតង មានតម្លៃបន្ថែមខ្ពស់ ក្នុងនោះលេចធ្លោគឺការដឹកជញ្ជូនសមុទ្របៃតង ទេសចរណ៍ប្រកបដោយចីរភាព ជលវប្បកម្មបច្ចេកវិទ្យាខ្ពស់ និងថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ។

គួឲ្យកត់សម្គាល់ជាងនេអះ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការធានាជីវភាពរស់នៅ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ឆ្នេរសមុទ្រ និងកោះ។ នៅក្នុងវេទិកា "អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមឆ្នាំ ២០២៥" ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១២ និង ១៣ ខែធ្នូ នៅខេត្ត ក្វាងនិញ លោក ហ័ង ថាញ់ វិញ អ្នកគ្រប់គ្រងកម្មវិធីសម្រាប់កម្មវិធីសេដ្ឋកិច្ចវិលជុំ និងសមុទ្រ  UNDP បានវាយតម្លៃខ្ពស់ចំពោះការបង្កើតចង្កោមឧស្សាហកម្មជលវប្បកម្មសមុទ្រដែលវៀតណាមកំពុងអនុវត្ត។

“ការបង្កើតចង្កោមឧស្សាហកម្មវារីវប្បកម្មសមុទ្រជួយឱ្យបងប្អួនប្រជាជនចូលរួមដូចជាពួកគេស្ថិតនៅក្នុងតំបន់ឧស្សាហកម្មអញ្ជឹង។ តាមនោះ បង្កើតហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មវារីវប្បកម្មសមុទ្រដ៏រឹងមាំ ដោយផ្តល់នូវធាតុចូលនិងធាតុចេញ សម្រាប់ប្រជាជន។ នេះគឺជាទិសដៅដ៏សំខាន់បំផុត”។

ទន្ទឹមនឹងការអភិវឌ្ឍ វៀតណាមផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការការពារបរិស្ថានសមុទ្រនិងប្រព័ន្ធអេកូឡូស៊ី។ ការគ្រប់គ្រង និងការអភិរក្សសមុទ្រត្រូវបានបង្កើន។ ការកេងប្រវ័ញ្ចផ្នែកនេសាទត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង តាមរបៀបប្រកបដោយចីរភាព។ ហើយការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU គឺម៉ឺងម៉ាត់ ទាំងការការពារធនធានរយៈពេលវែង និងបំពេញតាមតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ។ ការស្តារព្រៃកោងកាង និងថ្មប៉ប្រះទឹកផ្កាថ្ម និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកមហាសមុទ្រកំពុងបង្កើតជា "ខែលបៃតង" សម្រាប់តំបន់ឆ្នេរសមុទ្រ។ ការដឹកជញ្ជូនសមុទ្របៃតងក៏ជានិន្នាការចំបាច់ ដែលបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែង និងបង្កើនភាពបត់បែន ភាពធន់ និងសមត្ថភាពស្តារឡើងវិញរបស់អាជីវកម្ម។ លោក ឌាវ ត្រុង ឃ័រ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអាជីវកម្មសេវាកម្មឡូជីស្ទីចវៀតណាម បានចាត់ទុកថា៖ “តម្រូវការបៃតង និងការសម្របខ្លួនយ៉ាងឆាប់រហ័សគឺជាសមាសធាតុសំខាន់ពីរនៃខ្សែសង្វាក់ផ្គត់ផ្គង់ណាមួយនៅក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃតម្រូវការសម្រាប់ "ការធ្វើឱ្យបៃតង" ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីប្រទេសនានាទូទាំងពិភព លោក។ បច្ចុប្បន្ននេះ ដំណើរឆ្ពោះទៅរកឡូជីស្ទិចបៃតង និងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សនឹងរួមចំណែកដល់ដំណើរការ កាត់បន្ថយការបំភាយឧស្ម័នកាបូននៃវិស័យឡូជីស្ទិចសមុទ្ររបស់វៀតណាម”។

កំណើន សន្តិសុខ បរិស្ថាន និងឋានៈអន្តរជាតិ

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របៃតង វៀតណាមកំពុងសុក្រិតរបៀបរបប  ចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងសេដ្ឋកិច្ចវិលជុំ និងបញ្ចូលគោលដៅការពារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដូចចែងក្នុងសេចក្តីសម្រេចចិត្តលេខ ៣៦ ស្តីពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ វិស័យជាច្រើនបានឃើញការអភិវឌ្ឍវិជ្ជមាន។ ថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់ ដែលវៀតណាមមានសក្តានុពលជាង ៦០០ ជីហ្គាវ៉ាត់ កំពុងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រភពថាមពល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ ជាមួយគ្នានេះ វៀតណាមកំពុងធ្វើជាម្ចាស់លើបច្ចេកវិទ្យាដើម្បីទាញយកផលប្រយោជន៍ពីសេដ្ឋកិច្ចសមុទ្រជាមួយនឹងផ្នត់គំនិតបៃតង។

លើសពីនេះ ដើម្បីបង្កើតប៉ូលកំណើនសមុទ្របៃតង និងតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីសហការ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍបណ្តាញសមុទ្រសកល។ នៅក្នុងសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិដែលបានប្រារព្ធឡើងនៅប្រទេសបារាំងកាលពីខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ជាប្រទេសឆ្នេរសមុទ្រមួយ វៀតណាមប្តេជ្ញាធ្វើជាដៃគូដែលអាចទុកចិត្តបាន ត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារមហាសមុទ្រ និងជាដៃគូសកម្មដែលត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំយន្តការសហប្រតិបត្តិការលើការអភិវឌ្ឍសមុទ្របៃតង និងប្រកបដោយចីរភាព។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមហិរញ្ញប្បទានសមុទ្រពណ៌ខៀវដោយយុត្តិធម៌ និងប្រកបដោយចីរភាព បង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីវិទ្យាសាស្ត្រសមុទ្រ។ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព”។

ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងទិសដៅបៃតង និងប្រកបដោយចីរភាពមិនត្រឹមតែជាតម្រូវការសំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយដើម្បីធ្វើមានពីសមុទ្រ និងថែរក្សាលំហរស់ នៅដ៏សំខាន់របស់ប្រទេសជាតិ ដោយរួមចំណែកជាវិជ្ជមានដល់គោលដៅ សកលនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ