ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់៖ ចំណុចរបត់ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា
(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ មិថុនា បានបើកការវាយប្រហារជាមុនលើប្រទេសអ៊ីរ៉ង់ ដោយហេតុផលថា សំដៅទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ការវិវត្តន៍នេះ បានបង្កឱ្យមានជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងមហាអំណាចក្នុងតំបន់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ហើយបានរុញច្រានមជ្ឈិមបូព៌ាទាំងមូលឲ្យធ្លាក់ចូលស្ថានភាពថ្មីដ៏គ្រោះថ្នាក់។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីរ៉ង់បានបើកយុទ្ធនាការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាទៅលើទីក្រុងធំៗជាច្រើនរបស់អ៊ីស្រាអែល ដែលនាំឱ្យភាគីទាំងពីរបង្កើនការវាយប្រហារគ្នាតាមផ្លូវអាកាសទៅវិញទៅមក នាប៉ុន្មានថ្ងៃថ្មីៗនេះ។
យន្តហោះមួយគ្រឿងបានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Jamal Awad |
ការសងសឹកកាន់តែកើនឡើង
ការវាយប្រហារជាមុនរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នៅថ្ងៃទី ១៣ ខែមិថុនាបានកត់សម្គាល់ការផ្ទុះឡើងដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដោយសារតែទស្សនៈដែលមិនអាចផ្សះផ្សាបានលើបញ្ហាសាសនានិងសិទ្ធិរបស់ជនប៉ាឡេស្ទីន និងផលប្រយោជន៍របស់ភាគីនីមួយៗនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពន្យល់ថា អ៊ីស្រាអែលត្រូវធ្វើសកម្មភាពដើម្បីទប់ស្កាត់អ៊ីរ៉ង់ធ្វើម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ដែលអ៊ីស្រាអែលចាត់ទុកជា "ការគំរាមកំហែងមានលក្ខណៈស្លាប់រស់" សម្រាប់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធពីចេតនាប្រដេញតាមអាវុធនុយក្លេអ៊ែរ ហើយចាត់ទុកថា ប្រទេសនេះមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរស៊ីវិល ហើយសកម្មភាពយោធារបស់អ៊ីស្រាអែលគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
ការដែលប្រទេសទាំងពីរបដិសេធមិនធ្វើសម្បទានចំពោះការទាមទាររបស់គ្នាទៅវិញទៅមក ក៏ដូចជាភាពជាប់គាំងក្នុងការចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់ក្នុងរយៈពេលជាង២ខែកន្លងទៅ បានបណ្តាលឲ្យរដ្ឋាភិបាលរឹងរូសរបស់អ៊ីស្រាអែល ជ្រើសរើសដំណោះស្រាយផ្សងព្រេងបំផុតគឺ ការវាយប្រហារដោយយោធាលើប្រទេសអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីលដ៏ធំបំផុតមិនធ្លាប់មាន សំដៅទៅលើទីក្រុងធំៗជាច្រើនក្នុងប្រទេសអ៊ីស្រាអែល។ លទ្ធផលស្ថិតិបឋមគិតត្រឹមថ្ងៃទី ១៧ ខែមិថុនា បានបង្ហាញថា មនុស្សប្រហែល ៣០០ នាក់នៅខាងអ៊ីរ៉ង់ និងជិត ៤០ នាក់នៅខាងអ៊ីស្រាអែលបានស្លាប់ ខណៈដែលមនុស្សរាប់ពាន់នាក់រងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ភាគីទាំងសងខាងត្រូវបានបំផ្លាញ។ អ្វីដែលធ្ងន់ធ្ងរបំផុតនោះ បើតាមអ្នកសង្កេតការណ៍ គឺជម្លោះឡើងជណ្ដើរ ដែលជំរុញឱ្យប្រទេសទាំងពីរខិតមកជិតខណ្ឌសីមានៃសង្រ្គាមពេញលេញ ជាមួយនឹងហានិភ័យខ្ពស់នៃការបាត់បង់ការគ្រប់គ្រង។ លោកស្រី Negar Mortazavi អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ (CIP) នៅទីក្រុងតេហេរ៉ង់ (អ៊ីរ៉ង់) បានធ្វើអត្ថាធិប្បាយថា៖ "តាមទស្សនៈរបស់អ៊ីរ៉ង់ ប្រហែលជារដ្ឋាភិបាលអ៊ីរ៉ង់ចង់បង្ហាញតុល្យភាព ដោយការឆ្លើយតបតាមរបៀបដែលអាចរារាំងអ៊ីស្រាអែលមិនឱ្យបង្កើនការវាយប្រហារ ខណៈពេលដែលមិនរុញឲ្យភាគីទាំងពីរធ្លាក់ចូលសង្រ្គាមដ៏ធំជាង។ ប៉ុន្តែតុល្យភាពនោះស្ថិតនៅត្រង់ណា ខ្ញុំពិតជាមិនដឹងទេ"។
មិនត្រឹមតែបង្កហានិភ័យនៃសង្គ្រាមពេញលេញដែលរីករាលដាលក្នុងតំបន់ប៉ុណ្ណោះទេ ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់នាបច្ចុប្បន្ន ក៏ធ្វើឱ្យក្តីសង្ឃឹមនៃការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមរយៈផ្លូវការទូត កាន់តែផុយស្រួយ។ លោក Andrew Miller អតីតឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបច្ចុប្បន្នជាអ្នកជំនាញនៅមជ្ឈមណ្ឌលសម្រាប់វឌ្ឍនភាពអាមេរិក (CAP) បានវាយតម្លៃថា៖ “ខ្ញុំមិនគិតថា ការវាយប្រហារទាំងនេះនឹងប៉ះពាល់ដល់ការចរចាលើតំបន់ហ្គាហ្សានោះទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់ការចរចាអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ដំណោះស្រាយយូរអង្វែងសម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រឹមតែសម្រេចបានតាមរយៈវិធីការទូតប៉ុណ្ណោះ ប៉ុន្តែភាគី អ៊ីរ៉ង់នឹងពិបាក់ទទួលយកការចរចាក្នុងបរិបទនាបច្ចុប្បន្ន”។
ប្រជាជនជ្រកពួន នៅពេលមានការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់ នៅក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Ronen Zvulun |
តើអាមេរិកមានតួនាទីអ្វីខ្លះ?
សញ្ញាសួរដ៏ធំ ហើយក៏ជាកត្តាសម្រេចក្នុងស្ថានភាពបច្ចុប្បន្ន គឺតួនាទីរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល។ យោងតាមលោក Brian Katulis អ្នកវិភាគនៅវិទ្យាស្ថានមជ្ឈិមបូព៌ា (សហរដ្ឋអាមេរិក) រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងប្រឈមមុខនឹងជម្រើសដ៏លំបាកចំនួនពីរ៖ ការដាក់សម្ពាធដល់ភាគីនានាឱ្យបញ្ឈប់ជម្លោះ និងបន្តការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ឬចូលរួមក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែល។ នៅក្នុងសេចក្តីប្រកាសនាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់លើដំណោះស្រាយការទូត ដោយអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាមេរិកបានស្នើឡើងកាលពីមុននេះ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៦ ខែមិថុនា រដ្ឋបាលអាមេរិកក៏បានសម្រេចចិត្ត បញ្ជូនក្រុមនាវាផ្ទុកយន្តហោះផ្សេងទៀតទៅកាន់មជ្ឈិមបូព៌ា ហើយទន្ទឹមនឹងនោះ លោក Trump ក៏បានកាត់បន្ថយកាលវិភាគក្នុងការចូលរួមកិច្ចប្រជុំកំពូល G7 ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ សម្រាប់ពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា។ សកម្មភាពទាំងនេះបង្ហាញពីភាពមិនអាចទាយទុកជាមុនបាននាពេលបច្ចុប្បន្ន នៅក្នុងគោលនយោបាយរបស់អាមេរិកចំពោះតំបន់។ អ្នកជំនាញ Brian Katulis បានធ្វើអធិប្បាយថា៖ “នៅពេលដែលបានវិលត្រឡប់ឡើងកាន់អំណាចនាដើមឆ្នាំនេះ លោកប្រធានាធិបតី Donald Trump បានប្រកាសថា លោកចង់បញ្ឈប់ជម្លោះ ដូចជារុស្ស៊ី-អ៊ុយក្រែន ឬនៅតំបន់ហ្គាហ្សា និងជៀសវាងសង្រ្គាមធំៗនៅមជ្ឈិមបូព៌ា។ លោកមិនទាន់សម្រេចបានជោគជ័យទេ ហើយសកម្មភាពរបស់អ៊ីស្រាអែលបានបង្ហាញពីរឿងនេះ។ លោកបានសង្ឃឹម ហើយបានខិតខំប្រឹងប្រែងជាច្រើនផ្នែកការទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនសម្រេចបានលទ្ធផលឡើយ”។
សម្រាប់មហាអំណាចជាច្រើនផ្សេងទៀត ដំណោះស្រាយការទូតក៏ជាជម្រើសតែមួយគត់ដើម្បីទប់ស្កាត់ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់កុំឱ្យកាន់តែធ្ងន់ធ្ងរឡើង។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់រវាងភាគីនានា ហើយបានបង្ហាញពីលទ្ធភាពដែលរុស្ស៊ីអាចដើរតួជាអ្នកសម្រុះសម្រួល។ នៅក្នុងកិច្ចប្រជុំកំពូល G7 មេដឹកនាំនៃបណ្តាប្រទេសនៅអឺរ៉ុប (បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី) ក៏បានដាក់សម្ពាធលើប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីតម្រូវការជំរុញដំណោះស្រាយការទូតរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍ព្រមានថា កិច្ចខិតខំប្រឹងប្រែងការទូតណាមួយចាំបាច់ត្រូវអនុវត្តជាបន្ទាន់ មុនពេលដែលជម្លោះនាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឡើងដល់កម្រិតដែលមិនអាចគ្រប់គ្រងបាន៕