(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមករា។ ដំណើរទស្សនកិច្ចនេះគឺជាការរំលេចក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នាំមកនូវកម្លាំងចលករដ៏ខ្លាំងក្លាដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់នាពេលខាងមុខ។
វៀតណាមនិងអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៥។ (រូបថត៖ Vietnam+) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់មកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ហើយប្រព្រឹត្តទៅត្រឹមតែជាង ១ ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz (ខែវិច្ឆិកា ឆ្នាំ ២០២២)។ នេះក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកវៀតណាមរបស់ប្រមុខប្រទេសអឺរ៉ុបមួយក្នុងឆ្នាំ ២០២៤ ផងដែរ។
ភាពជាដៃគូយុទ្ធសាស្ត្រត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ
វៀតណាមនិងសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៥។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីខែតុលា ឆ្នាំ២០១១ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាវិជ្ជមាន កាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-១៩ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ការជឿទុកចិត្តយ៉ាងស៊ីជម្រៅ ទំនាក់ទំនងការទូត និងនយោបាយ រួមទាំងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់មូលដ្ឋាន និងរវាងប្រជាជនជាមួយប្រជាជន គឺជាសមិទ្ធិផលដ៏សំខាន់បំផុតក្នុងការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់។
ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អាល្លឺម៉ង់បន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសម្រេចបាន ១២,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ កើនឡើងជាង ១២% បើធៀបនឹងឆ្នាំ ២០២១។ អាល្លឺម៉ង់គឺជាវិនិយោគិនធំជាងគេទី ១៨ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១៤៣ ដែលវិនិយោគនៅវៀតណាម ដោយមានដើមទុនចុះបញ្ជីជិត ២,៧ ពាន់លានដុល្លារ។
ទាក់ទងនឹងការអប់រំ-បណ្តុះបណ្តាល នាពេលបច្ចុប្បន្នមាននិស្សិតវៀតណាមជាង៧ពាន់នាក់កំពុងសិក្សានៅអាល្លឺម៉ង់។ គម្រោងសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ត្រូវបានគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋ Hesse ដើម្បីអភិវឌ្ឍន៍ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។ សហគមន៍
វៀតណាមនៅអាល្លឺម៉ង់បច្ចុប្បន្នមានប្រជាជនប្រហែល ២០ ម៉ឺននាក់ ដែលបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងមានការរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអាល្លឺម៉ង់ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លើកម្រិតអន្តរជាតិ វៀតណាមនិងអាល្លឺម៉ង់ គឺជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ប្រទេសទាំងពីរចែករំលែកតម្លៃគន្លឹះរួម ការយកចិត្តទុកដាក់ និងផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើននៅក្នុងតំបន់ និងលើពិភពលោក។ វៀតណាមនិងអាល្លឺម៉ង់ ជានិច្ចកាលគាំទ្រ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅវេទិកាអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ ក្រុម G២០ វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G៧)។ ប្រទេសទាំងពីរក៏បានសហការគ្នាប្រកបដោយប្រសិទ្ធភាព នៅពេលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ក្នុងឆ្នាំ ២០២២ ក្នុងឋានៈជាប្រធាន G៧ អាល្លឺម៉ង់បានជំរុញការជ្រើសរើស
វៀតណាមជាដៃគូសម្រាប់ផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ជាមួយ G៧។ នាពេលថ្មីៗនេះ អាលឺម៉ង់បានជាប់ឆ្នោតជាថ្មីម្ដងទៀតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយវៀតណាមក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ ផងដែរ ដែលបើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នានៅវេទិកាដ៏សំខាន់នេះ។
ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវ Elke Büdenbender។ (រូបថត៖ ស្ថានទូតអាល្លឺម៉ង់) |
បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងរីកចម្រើននោះ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier នឹងបើកឱកាសថ្មីជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ យោងតាមអត្ថាធិប្បាយរបស់មជ្ឈដ្ឋានអ្នកជំនាញ ការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមមានល្បឿនលឿនជាងកម្រិតមធ្យមនៃតំបន់ និងពិភពលោក ហើយទីផ្សាររបស់ប្រទេសទាំងពីរ រួមទាំងពាណិជ្ជកម្ម និងការវិនិយោគមានទំនោរកើនឡើងកាន់តែខ្លាំង។ ដូច្នេះ វៀតណាមត្រូវបានមជ្ឈដ្ឋានសហគ្រិននិងវិនិយោគិនអាល្លឺម៉ង់វាយតម្លៃថា ជាទីផ្សារទាក់ទាញឈានមុខគេ។
ក្រៅពីវិស័យជាច្រើន ដែលនៅតែមានសក្តានុពលជាច្រើនសម្រាប់ភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការដូចជា៖ ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្គត់ផ្គង់កម្លាំងពលករជំនាញ ថាមពលកកើតឡើងវិញ ឱសថសាស្ត្រ ការកែច្នៃកសិផល និងឧស្សាហកម្មផលិតនោះ កិច្ចសហប្រតិបត្តិការថាមពល ត្រូវបានចាត់ទុកថាជាវិស័យដ៏លេចធ្លោ។ វៀតណាមមានប្រៀបខ្លាំងខាងធនធានធម្មជាតិ សម្បូរពន្លឺព្រះអាទិត្យនិងខ្យល់ ហើយមានឆ្នេរសមុទ្រលាតសន្ធឹងដ៏វែង... ដូច្នេះហើយមានលក្ខខណ្ឌអំណោយផល ដើម្បីសហប្រតិបត្តិការជាមួយក្រុមហ៊ុនថាមពលអាល្លឺម៉ង់ ដោយមានបច្ចេកវិទ្យាទំនើបសម្រាប់អភិវឌ្ឍន៍ថាមពលស្អាតនិងថាមពលកកើតឡើងវិញ ដូចជាវាយោអគ្គីសនី ថាមពលព្រះអាទិត្យ ឬផលិតអ៊ីដ្រូសែន។ ផ្ទុយទៅវិញ អាឡឺម៉ង់ក៏កំពុងពន្លឿនដំណើរការផ្លាស់ប្តូរថាមពលទៅកាន់ប្រភពថាមពលកកើតឡើងវិញ និងស្អាតផងដែរ ដោយអភិវឌ្ឍន៍យ៉ាងខ្លាំងនូវបច្ចេកវិទ្យាថ្មីៗក្នុងវិស័យនេះ រួមទាំងបច្ចេកវិទ្យាផលិតនិងប្រើប្រាស់អ៊ីដ្រូសែនផងដែរ។ បរិបទនេះកំពុងបង្កើតឱកាសសហប្រតិបត្តិការថ្មីដ៏ធំធេងជាច្រើនរវាងប្រទេសទាំងពីរ ជាពិសេសនៅពេលដែលវៀតណាមត្រូវបាន G៧ ជ្រើសរើសជាដៃគូសកលក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាផលិតម៉ាស៊ីន និងឧបករណ៍របស់អាល្លឺម៉ង់ គោលនយោបាយអំពីការអភិវឌ្ឍប្រកបដោយតុល្យភាព និងការការពារបរិស្ថាន រួមជាមួយការសន្យារបស់វៀតណាមនៅ COP២៦។ ទាំងនេះគឺជាកត្តាអំណោយផលដើម្បីឲ្យវៀតណាម និងអាល្លឺម៉ង់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier នឹងពង្រឹងនិងជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្តនយោបាយ ហើយបង្កើតកម្លាំងចលករថ្មីសម្រាប់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕