ជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិងគុយបាជាភារកិច្ចរបស់ប្រជាជាតិ ទាំងពីរ
(VOVWORLD) -ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Mario Diaz Canel Bermudez បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា។ ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍដ៏ល្អប្រសើរដោយឥតឈប់ឈរនោះ គឺដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋគុយបារូបនេះនឹងរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងជាបងប្អូនប្រកបដោយសាមគ្គីភាពនិងស្មោះសក៏ដូចជាជំជឿទុកចិត្តនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបាផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបាលោក Nguyen Trung Thanh |
អស់រយៈពេល៥៨ឆ្នាំចាប់តាំងពីវៀតណាមនិងគុយបាបង្កើតទំនាក់ទំនងការទូតមក បើទោះជាសភាពការណ៍ពិភពលោកមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនក្ដី ប៉ុន្តែទំនាក់ទំនងជាបងប្អូនសាមគ្គីភាពរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងដោយលោកប្រធានគុយបា Fidel Castro និងលោកប្រធានហូជីមិញបានចាក់គ្រឹះ ជានិច្ចកាលអភិវឌ្ឍន៍និងបើកពង្រីកលើគ្រប់វិស័យ។ ជាពិសេសគឺក្នុងដំណាក់កាលនាបច្ចុប្បន្ន គឺប្រទេសទាំងពីរកាន់តែប្ដេជ្ញាចិត្តដើម្បីនាំទំនាក់ទំនងនេះឈានចូលដំណាក់កាលថ្មីប្រកបដោយប្រសិទ្ធភាពជាងមុន។
ទំនាក់ទំនងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ នាពេលកន្លងទៅ ថ្នាក់ដឹកនាំវៀតណាមនិងគុយបាជានិច្ចកាលផ្តោតទៅលើការពង្រីកទំនាក់ទំនងគ្រប់ជ្រុងជ្រោយសំដៅបម្រើបុព្វហេតុកសាងលទ្ធិសង្គមនិយម។ បុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាមនិងបុព្វហេតុកែទម្រង់នៅគុយបា មានលក្ខណៈបំពេញបន្ថែមសម្រាប់គ្នាទាំងខាងទ្រឹស្ដីផងនិងខាងការពិតជាក់ស្ដែងទៀតផង។វៀតណាមនិងគុយបាបាននិងកំពុងអនុវត្តន៍ប្រកបដោយភាពល្អប្រសើរនូវគោលជំហរធំៗដែលភាគីទាំងពីរបានព្រមព្រៀងគ្នាសំដៅនាំមកនូវប្រសិទ្ធភាពសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងសភាពការណ៍ថ្មី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបាលោក Nguyen Trung Thanh បានអះអាងថា៖
“ជំនះពុះពារលើការសាកល្បងជាច្រើនក្នុងប្រវត្តិសាស្ត្រ វៀតណាមនិងគុយបាបានបង្កើតឡើងទំនាក់ទំនងពិសេស។ យើងចាំបាច់ត្រូវបន្តពង្រីកទំនាក់ទំនងនេះផង និងផ្លាស់ប្ដូរថ្មីទំនាក់ទំនងនេះទៀតផង ដោយឈរលើមូលដ្ឋាននៃជំនឿទុកចិត្តនយោបាយ។ យើងចាំបាច់ត្រូវកសាងសំណង់ថ្មីៗលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ ប្រសិនបើចង់ពង្រីកទំនាក់ទំនងពិសេសគឺ ត្រូវបំពេញបន្ថែមនូវកម្លាំងរស់ថ្មីតាមរយៈវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌”។
នាបច្ចុប្បន្ន ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងគុយបានៅតែមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ដោយបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមដើម្បីជ្រៀតចូលនិងបណ្ដាក់ទុននៅគុយបាលើវិស័យសំណង់ ផលិតសម្ភារៈសំណង់និងទំនិញប្រើប្រាស់ ថាមពល ឧស្សាហកម្មកែច្នៃស្បៀងអាហារនិងចំណីអាហារ ជាដើម។ វៀតណាមឈរលំដាប់ថ្នាក់ទី២នៅទ្វីបអាស៊ីនិងជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេទាំង១០អំពីទំហំពាណិជ្ជកម្មជាមួយគុយបា។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងគុយបាទទួលបាន២២៤លាន៣សែនដុល្លាអាមេរិក។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនតួរលេខនេះឡើងទៅ៥០០លានដុល្លាអាមេរិកនាឆ្នាំ២០២០។
ពង្រីកកិច្ចសហប្រតិបតិ្តការក្នុងសភាពការណ៍ថ្មី
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Mario Diaz Canel Bermudez បន្ត មរតកនិងបើកពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្និងវិនិយោគ។ ដំណើរទស្សនកិច្ចលើកនេះរួមចំណែកធ្វើអោយទំនាក់ទំនងទ្វេភាគីកាន់តែរស់រវើក ជាក់ស្ដែង ក៏ដូចជាប្រកបដោយប្រសិទ្ធភាពនិងចីរភាពថែមទៀតក្នុងដំណាក់កាលថ្មីនៃបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាមនិងបុព្វហេតុធ្វើបច្ចុប្បន្នកម្មរបស់គុយបាផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបាលោក Nguyen Trung Thanh បានចាត់ទុកថា៖
“ប្រសិនបើយើងទាក់ទងយ៉ាងល្អថែមទៀត គឺមិនត្រឹមតែអាចបង្កើតឡើងកិច្ចសហប្រតិបតិ្តការដ៏រឹងមាំខាងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងអាចបង្កើតឡើងការតភ្ជាប់គ្នាយ៉ាងស្អិតរមួតដែលមិនធ្លាប់មានតាំងពីមុនមកផងដែរ។ ខ្ញុំចាត់ទុកថា នេះជាឱកាសនិងក៏ជាភារកិច្ចចំពោះប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។ ធ្វើយ៉ាងម៉េចដើម្បីដាក់គ្រឹះស្ថានដ៏ជាក់ស្ដែងនិងនាំមកនូវទស្សនៈវិស័យដើម្បីប្រជាជាតិទាំងពីរអាចប្រែសុបិនអោយក្លាយទៅជាការពិត”។
ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Mario Diaz Canel Bermudez ត្រូវបានគេរំពឹងទុកថា នឹងរួមចំណែកពង្រឹងការជំនឿទុកចិត្តនយោបាយ ព្រមទាំងជំរុញអោយកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍអោយបានសក្ដិសមទៅនឹងទំនាក់ទំនងនយោបាយផងដែរ៕