ជំរុញទំនាក់ទំនងវៀតណាម - បារាំង ឲ្យកាន់តែស៊ីជម្រៅ និងជាក់​ស្តែង​

(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Luong Cuong ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Emmanuel Macron ទៅកាន់ប្រទេសវៀតណាមក្នុងនាមជាប្រធានាធិបតីបារាំង ហើយជាដំណើរទស្សនកិច្ចលើកទី៥ របស់ប្រធានាធិបតីបារាំងមកកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣មក។

កិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែង

ដោយប្រព្រឹត្តទៅក្នុងរយៈពេលជាង ៧ ខែ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅប្រទេសបារាំងក្នុងខែតុលា ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍សំខាន់គឺប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Emmanuel Macron នៅវៀតណាមបានបង្ហាញពីសារៈសំខាន់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។

ចាប់តាំងពីការដំឡើងទំនាក់ទំនងឡើងដល់កម្ពស់ថ្មី វៀតណាម និងបារាំងបានបន្តកត់ត្រានូវជំហានដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទាក់ទងនឹងនយោបាយនិងការទូត ការផ្លាស់ប្តូររវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងរឹតបន្តឹងថែមទៀត ហើយយន្តការសហប្រតិបត្តិការត្រូវបានពង្រីក ដូចជាការរៀបចំកិច្ចសន្ទនាដែនសមុទ្រលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងហាណូយ។ ប្រទេសទាំងពីរក៏បានបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាពិភពលោក ដូចនៅកិច្ចប្រជុំកំពូលបញ្ញាសិប្បនិមិត្តនៅទីក្រុងប៉ារីស (កុម្ភៈ ២០២៥) សន្និសីទ P4G (ខែមេសា ឆ្នាំ ២០២៥) នៅទីក្រុងហាណូយ និងសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិនៅទីក្រុង Nice (មិថុនា ២០២៥)។ ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះនៅទីក្រុងហូជីមិញរបស់នាវាការពារពហុបេសកកម្ម Provence របស់កងទ័ពជើងទឹកបារាំង (មីនា ២០២៥) បង្ហាញពីការបន្តការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក រួមចំណែកដល់សន្តិភាព ធានាសន្តិសុខនិងសេរីភាពនាវាចរណ៍ក្នុងតំបន់ ស្របតាមច្បាប់អន្តរជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា៖ “ក្នុងពិភពលោកដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដូចសព្វថ្ងៃនេះ វៀតណាម និងបារាំងបន្តចែករំលែកទស្សនៈស្រដៀងគ្នាលើបញ្ហាសំខាន់ៗជាច្រើន។ នោះគឺពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីនាំមកនូវវិបុលភាពរួម; នោះគឺរួមគ្នាប្រដេញតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; នោះគឺការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល”។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលជាសសរស្តម្ភសំខាន់បំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងក៏បានកត់ត្រាការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម - បារាំងក្នុងឆ្នាំ២០២៤បានកើនឡើង ១២% បើធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបានជាង ៥,៤ ពាន់លានដុល្លារ។ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ថាមពល ការដឹកជញ្ជូនក្នុងទីក្រុង ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការថែទាំសុខភាព ការអប់រំ... ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលជាវិស័យពិសេសក្នុងទំនាក់ទំនងទ្វេភាគីបន្តត្រូវបានពង្រីក។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីដើមខែឧសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជនបរទេសបារាំង ក្រសួងការបរទេសបារាំង លោក Laurent Saint-Martin បានអះអាងថា នៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងបារាំង ហើយប្រទេសទាំងពីរអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាច្រើននាពេលខាងមុខ។ 

“បារាំងជាប្រទេសមួយក្នុងចំណោមប្រទេសដែលអាចបំពេញអាទិភាពយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋាភិបាលវៀតណាម ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកថាមពល ឬអាកាសចរណ៍។ ទន្ទឹមនឹងនោះ វៀតណាមជាទីផ្សារដែលកំពុងរីកចម្រើនជាមួយនឹងប្រជាជន ១០០ លាននាក់ មានអាយុវ័យក្មេង និងវណ្ណៈកណ្តាលដែលកំពុងរីកចម្រើន ជាកន្លែងដែលផលិតផលរបស់បារាំងអាចស្វែងរកកម្លែងឈរជើងបាន”។

ជំរុញអាទិភាពនៃកិច្ចសហប្រតិបត្តិការថ្មី

ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី វៀតណាម និងបារាំងក៏មានឱកាសល្អដើម្បីជំរុញទិសដៅសហប្រតិបត្តិការថ្មី បំពេញគោលដៅអភិវឌ្ឍន៍របស់វៀតណាម និងស្របតាមប្រៀបខ្លាំងរបស់បារាំងដូចជា៖ ថាមពលនុយក្លេអ៊ែរ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI)ជាដើម។ រីឯភាគីវៀតណាមវិញ សេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិបានកំណត់នូវយុគសម័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ។ លោកស្រី Sarah Mamiese នាយិកាប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះសបណ្តាល នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD Campus) បានវាយតម្លៃថា វៀតណាមគឺជាប្រទេសនវានុវត្តន័ឈានមុខគេក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យម ដោយមានសក្តានុពលខ្លាំងក្នុងការលើកកំពស់សមត្ថភាពច្នៃប្រឌិតនវានុវត្តន៍ និងប្រកួតប្រជែងក្នុងទីផ្សារបច្ចេកវិទ្យាខ្ពស់ពិភពលោក។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលដែលរបាយការណ៍សន្ទស្សន៍ច្នៃប្រឌិតនវានុវត្តន៍សកលឆ្នាំ ២០២៤ បានបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមទាំង ៣៨។ លោកស្រី Sarah Mamiese បានធ្វើអត្ថាធិប្បាយថា៖

“ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមបាននាំមកនូវសមិទ្ធិផល ជាក់ស្តែង វៀតណាមបានក្លាយជាប្រទេសឈានមុខគេក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យម ក្នុងការច្នៃប្រឌិតនវានុវត្តន៍ឆ្នាំ ២០២២។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ននេះ ត្រូវបានចាត់ទុកជាគោលនយោបាយជាតិកំពូល ហើយយើងកំពុងមើលឃើញរបក់គំហើញជាយុទ្ធសាស្ត្រនៅក្នុងវិស័យនេះ”។

ក្នុងនាមជាមហាអំណាចបច្ចេកវិទ្យាមួយក្នុងវិស័យថាមពល អាកាសចរណ៍ កុំព្យូទ័រ បញ្ញាសិប្បនិមិត្ត... ហើយជាប្រទេសដែលទាក់ទាញការវិនិយោគច្រើនបំផុតនៅអឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ បារាំងមានប្រៀបខ្លាំងជាច្រើនដែលអាចសហការនិងបំពេញបន្ថែមអាទិភាពយុទ្ធសាស្ត្រថ្មីរបស់វៀតណាម។ ការដែលលោកប្រធានាធិបតី Emmanuel Macron គ្រោងនឹងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយ បានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរក្នុងការជំរុញសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងប្រទេសទាំងពីរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ