ជំរុញនិងលើកកំពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈាំង នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម កាលពីខែសីហា ហើយនឹងបន្តជំរុញ ពង្រីក និងលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃវិស័យសហប្រតិបត្តិការនានា នាំកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិងចិនឲ្យកាន់តែស៊ីជម្រៅនិងទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។

ជំរុញនិងលើកកំពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន - ảnh 1រូបថតឧទាហរណ៍៖ qdnd.vn

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាមក្រោយរយៈពេល ១១ ឆ្នាំរបស់នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក លី ឈាំង ក្នុងឋានៈជានាយករដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋចិន ដែលបង្ហាញពីការគោរពរបស់បក្សនិងរដ្ឋចិន ក៏ដូចជានាយករដ្ឋមន្ត្រី លី ឈាំង ផ្ទាល់ចំពោះទំនាក់ទំនងវៀតណាម-ចិនផងដែរ។

ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងចំពេលដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥) និងជាការបន្តប្រពៃណីនៃការផ្លាស់ប្តូរជាន់ខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ ពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

សន្ទុះអភិវឌ្ឍន៍ជាវិជ្ជមានចាប់តាំងពីការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-
ចិនមក

ចាប់តាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ២០២៣ មក ទំនាក់ទំនងរវាងប្រទេសទាំងពីររក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ដែលរីកសាយភាយយ៉ាងខ្លាំងក្លាទៅគ្រប់កម្រិត និងគ្រប់ផ្នែក ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។

ការផ្លាស់ប្តូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅចិន លោក Pham Sao Mai បានធ្វើអត្ថាធិប្បាយថា៖

“ចំណុចលេចធ្លោបំផុតក្នុងការជួបប្រាស្រ័យនោះគឺភាគីទាំងពីរសុទ្ធតែបញ្ជាក់ថា គេចាត់ទុកប្រទេសម្ខាងទៀតជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ។ ក្នុងពេលជាមួយគ្នានោះ ចិនបានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយអ្នកជិតខាង។ ចិនក៏បានអះអាងនូវការគាំទ្រវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាព ប្រជាជនមានសុភមង្គល និងកសាងសេដ្ឋកិច្ចដ៏រឹងមាំ ឯករាជ្យ និងខ្លួនទីពឹងខ្លួន”។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាទីផ្សារនាំចេញធំទីពីររបស់វៀតណាម ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និងជាដៃគូធំទី ៥ របស់ចិននៅលើពិភពលោក។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចូល-នាំចេញទ្វេភាគីសម្រេចបាន ១៤៨,៦ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់ជិត ២០០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញយ៉ាងសកម្ម នូវ“ការតភ្ជាប់រឹង” រវាងប្រទេសទាំងពីរលើផ្លូវរថភ្លើង ផ្លូវគោកល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន; លើកកំពស់ "ការតភ្ជាប់ទន់" ផ្នែកគយឆ្លាតវៃ និងច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីសម្រួលនិងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា វប្បធម៌ អប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ... ក៏ទទួលបានលទ្ធផលជាក់ស្តែងជាច្រើនផងដែរ។ ភាគីទាំងពីរក៏សម្រេចបានសមិទ្ធផលច្រើនក្នុងការកសាងព្រំដែនគោកវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អនុប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាមលោក Nguyen Thi Huong បានអះអាងថា៖

“ការដោះដូរពាណិជ្ជកម្មតាមច្រកទ្វារព្រំដែនមានការរីកចម្រើនយ៉ាងខ្លាំង។ ការងារបើក និងកែលម្អច្រកទ្វារព្រំដែន ក៏សម្រេចបានលទ្ធផលលេចធ្លោជាច្រើន ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ចរាចរណ៍នៅតាមតំបន់ព្រំដែនក៏ត្រូវបានបង្កើនផងដែរ។ ការផ្លាស់ប្តូរមិត្តភាពរវាងមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរត្រូវបានរក្សាក្នុងទម្រង់ចម្រុះ និងជាក់ស្តែង។ យន្តការសហប្រតិបត្តិការត្រូវបានរៀបចំយ៉ាងទៀងទាត់ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ហើយកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែនគោកតែងតែត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយតម្លៃថា ជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម-ចិន”។

ទន្ទឹមនឹងនោះ ភាគីទាំងពីរជានិច្ចកាលខិតខំរក្សាការផ្លាស់ប្តូរ គ្រប់គ្រងការខ្វែងគំនិតគ្នានៅសមុទ្រ និងសម្របសម្រួលយ៉ាងសកម្មនៅវេទិកាពហុភាគីផងដែរ។

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវក្របខណ្ឌនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយឈរលើមូលដ្ឋាននៃសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងល្អប្រសើរនោះ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នឹងមានជំនួបពិភាក្សាការងារនិងជំនួបសវនាការសំខាន់ៗជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន។ ភាគីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ តាមនោះពង្រឹងជំនឿទុកចិត្តនយោបាយបន្ថែមទៀត។ ជាពិសេស នាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សា កំណត់ចំណុចស្នូលនិងវិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ការអប់រំ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ល។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ក៏បានបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កម្រិត ផ្នែក និងមូលដ្ឋានរបស់វៀតណាមបន្តរក្សា និងពង្រីកទំនាក់ទំនងដែលមានស្រាប់ជាមួយចិន តាមនោះ រួមចំណែកពង្រឹងថែមទៀតនូវមូលដ្ឋានសង្គមដ៏រឹងមាំ និងល្អប្រសើរសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចលើកនេះ ពូនជ្រុំថែមទៀតដល់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ឲ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ