គោលដៅកំណើនពេញមួយឆ្នាំកំពុងស្ថិតនៅកំណាត់ផ្លូវខ្លីខាងមុខ

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៧,៤% ហើយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបានប្រហែល ៦,៨២% ខ្ពស់ជាងការរំពឹងទុក នៅក្នុងបរិបទដែលសេដ្ឋកិច្ចនៃតំបន់ភាគខាងជើងមួយចំនួនបានរងផលប៉ះពាល់អវិជ្ជមានដោយសារព្យុះទីហ្វុង Yagi នៅខែកញ្ញាកន្លងមក។ ជាពិសេស ការកើនឡើង GDP ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (៦,៨២%) គឺជាការកើនឡើងខ្ពស់បើធៀបទៅនឹងការកើនឡើង GDP ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣(៤,៤%)។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល មូលដ្ឋាន អាជីវកម្ម និងប្រជាជនទាំងមូល គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ ស្ថិតក្នុងកម្រិតពី ៦.៥ - ៧% គឺគៀកមកជិតបំផុតហើយ។

ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំក្នុងកម្រិត ៧% ដូចដែលបានដាក់ចេញ នៅត្រីមាសទី ៤ ឆ្នាំ ២០២៤ វៀតណាមចាំបាច់ត្រូវសម្រេចបាននូវការកើនឡើង ៧,៥%។ កំណើនវិជ្ជមានក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ គឺខ្ពស់ជាងការព្យាករណ៍ រួមជាមួយនឹងមតិវិជ្ជមានរបស់អ្នកជំនាញលើនិន្នាការកំណើនក្នុងខែចុងក្រោយនៃឆ្នាំ គឺជាកត្តាអំណោយផល ដែលបង្កើតសន្ទុះសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៤។

គោលដៅកំណើនពេញមួយឆ្នាំកំពុងស្ថិតនៅកំណាត់ផ្លូវខ្លីខាងមុខ - ảnh 1ការផ្ទុក និងលើកកុងតឺន័រដឹកទំនិញនៅកំពង់ផែ Cat Lai ទីក្រុងហូជីមិញ។ រូបថត៖ Hong Dat/TTXVN

សក្កានុពលជាច្រើនដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច

កាលពីខែកញ្ញាកន្លងទៅ រដ្ឋាភិបាលវៀតណាមមានដំណោះស្រាយជាច្រើន ដោយបានគាំទ្រយ៉ាងសកម្មដល់ប្រជាជន និងអាជីវកម្មដើម្បីជំនះលើផលវិបាកបណ្តាលពីព្យុះទីហ្វូង Yagi។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីគ្រោះធម្មជាតិ ដោយបន្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដែលទទួលបានការវាយតម្លៃខ្ពស់ពីអង្គការ និងធុរកិច្ចអន្តរជាតិ។ សេដ្ឋកិច្ចទទួលបានសន្ទុះកំណើនឡើងវិញ ដូចនៅសម័យមុនការរាតត្បាតនៃកូវីដ-១៩ ជាមួយនឹងចំណុចភ្លឺជាច្រើន ជាពិសេសក្នុងផលិតកម្មឧស្សាហកម្ម ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ វៀតណាមបន្តជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេសជាមួយនឹងដើមទុន FDI សរុបដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញាគឺសម្រេចបាន ២៤,៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គោលដៅកំណើនពេញមួយឆ្នាំកំពុងស្ថិតនៅកំណាត់ផ្លូវខ្លីខាងមុខ - ảnh 2ការកែច្នៃត្រីធូណាសមុទ្រក្លាសេសម្រាប់ការនាំចេញ នៅរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុនជលផល  Binh Dinh។ រូបថត៖ Vu Sinh/TTXVN

ទន្ទឹមនឹងនោះ កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៧,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង សមតុល្យសំខាន់ៗត្រូវបានធានា ស្ថានភាពហិរញ្ញវត្ថុ - ថវិកាបានប្រសើរឡើងយ៉ាងច្បាស់ ការអភិវឌ្ឍអាជីវកម្មបន្តនិន្នាការវិជ្ជមាន នវានុវត្តន៍បានរីកចម្រើនយ៉ាងខ្លាំង សន្តិសុខសង្គមនិងវិស័យដូចជា វប្បធម៌ សង្គម ការអប់រំ និងសុខភាពទទួលបានលទ្ធផលល្អៗ។ លោកស្រី Phi Thi Phuong Nga ប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្មនិងសំណង់ ការិយាល័យស្ថិតិទូទៅបានវាយតម្លៃថា៖ “ព្យុះទីហ្វុង Yagi ប៉ះពាល់ដល់តំបន់ភាគខាងជើង រួមទាំងតំបន់មួយចំនួនដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដូចជា Hai Phong និង Quang Ninh។ ក៏ប៉ុន្តែ អង្គភាពអាជីវកម្មបានបង្កើតផែនការយ៉ាងសកម្មដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌផលិតកម្មដ៏លំបាកក្នុងខែកញ្ញា ដោយរៀបចំផលិតកម្មឡើងវិញនិងធ្វើការបន្ថែមម៉ោង ដើម្បីធានាបាននូវការបញ្ជាទិញទាន់ពេលវេលាដែលបានចុះហត្ថលេខាជាមួយដៃគូ”។

គោលដៅកំណើនពេញមួយឆ្នាំកំពុងស្ថិតនៅកំណាត់ផ្លូវខ្លីខាងមុខ - ảnh 3លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។ រូបថត៖ GDP

ជាមួយនឹងលទ្ធផលកំណើនវិជ្ជមាន ដែលវៀតណាមសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ និងរយៈពេល៩ខែកន្លងមកនេះ លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា៖ “យោងតាមលទ្ធផលនៃត្រីមាសទី៣និងរយៈពេល ៩ ខែ ក្រសួងផែនការនិងវិនិយោគបន្តរាយការណ៍ជូននាយករដ្ឋមន្ត្រី ហើយជាមួយរដ្ឋាភិបាលនៅតែរក្សាទិសដៅនៃការខិតខំរក្សាកំណើន ៧% ពេញមួយឆ្នាំ។ ហើយប្រសិនបើមានលទ្ធភាព យើងអាចព្យាយាមឱ្យខ្ពស់ជាង ៧% ទៅទៀត”។

អង្គការសេដ្ឋកិច្ចជាច្រើន និងអ្នកជំនាញអន្តរជាតិក៏បានបញ្ចេញមតិសុទិដ្ឋិនិយមអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម និងធ្វើការព្យាករណ៍ជាវិជ្ជមានអំពីយថាទស្សន៍កំណើន។

ខិតខំព្យាយាមសម្រេចគោលដៅដែលបានដាក់ចេញ

ទោះបីជាមានសញ្ញាកំណើនវិជ្ជមានជាច្រើនក៏ដោយ ប៉ុន្តែដើម្បីវៀតណាមសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមនៃសង្គមទាំងមូល ការសម្របសម្រួលដោយរលូនរវាងក្រសួង ស្ថាប័ន សាខា មូលដ្ឋាន ភាពច្នៃប្រឌិតរបស់សហគមន៍ធុរកិច្ច។ ថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា និងសន្និសីទរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋាន នាថ្ងៃទី ៧ តុលា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានស្នើថា៖ “ត្រូវផ្តោតសំខាន់លើការផ្តល់អាទិភាពសម្រាប់កំណើន គោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយផ្សេងទៀតត្រូវតែសម្របសម្រួលប្រកបដោយភាពចុះសម្រុងគ្នា ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសគោលនយោបាយរូបិយវត្ថុត្រូវតែសកម្ម វិជ្ជមាន និងទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ផ្តោតលើកត្តាជំរុញកំណើនប្រពៃណីចំនួនបី៖ ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ និងកត្តាជំរុញកំណើនថ្មី។ មិនគួរមានការខ្វះខាតអគ្គិសនី ខ្វះសាំង ខ្វះថ្នាំពេទ្យ ឬខ្វះការផ្គត់ផ្គង់សម្រាប់ផលិតកម្ម អាជីវកម្ម និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនឡើយ។ យើងត្រូវតែបង្កើតកន្លែងសម្រាប់ការអភិវឌ្ឍ ប្រមូលធនធានទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្តល់អាទិភាពដល់កំណើន។ ជំរុញការវិនិយោគសាធារណៈ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើកកម្ពស់ផលិតកម្មនិងអាជីវកម្ម បង្កើតជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅខាងវិញ្ញាណនិងសម្ភារៈរបស់ប្រជាជន។ បង្ហើយការសាងសង់លំនៅដ្ឋានសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅដោយសារគ្រោះធម្មជាតិ។ ហើយជាពិសេសការជំនះពុះពារលើផលវិបាកនៃព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះ”។

គោលដៅកំណើនពេញមួយឆ្នាំកំពុងស្ថិតនៅកំណាត់ផ្លូវខ្លីខាងមុខ - ảnh 4កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន។ រូបថត៖ Duong Giang/TTXVN

វៀតណាមនៅមានពេល៣ខែចុងក្រោយនៃឆ្នាំដើម្បីអនុវត្តគោលដៅដែលបានកំណត់។ ក្នុងរយៈពេលប៉ុន្មានខែមុននេះ វៀតណាមបានបន្តរក្សាបាននូវកំណើនល្អ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមបានកំណត់ទិសដៅនិងការសម្រេចចិត្តទាន់ពេលវេលា ជាពិសេសគោលនយោបាយរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គម បន្ទាប់ពីព្យុះទីហ្វុង Yagi។ ទាំងនេះគឺជាកត្តាអំណោយផលសម្រាប់វៀតណាម ដើម្បីជឿជាក់លើលទ្ធផលកំណើនវិជ្ជមានសម្រាប់ឆ្នាំ ២០២៤ ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ