ផ្ទាំង​រូបភាពនៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា​របស់​សហគ្រាសវៀតណាម

(VOVWORLD) - ជាមួយនឹងការបើកទូលាយខឿនសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA)ជំនាន់ថ្មី សហគ្រាសវៀតណាមកំពុងមានឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍។ ជំរុញការផ្លាស់ប្តូរ ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយនឹងការជួយឧបត្ថម្ភពីយន្តការនិងគោលនយោបាយជាក់លាក់ សហគ្រាសវៀតណាមកំពុងបង្កើតសមត្ថភាពប្រកួតប្រជែងមិនត្រឹមតែនៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅលើទីផ្សារក្នុងតំបន់ និងជុំវិញពិភពលោកទៀតផង។
ការអនុវត្ត ការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែងរបស់សហគ្រាស។ ដើម្បីលើកកំពស់ផលិតភាពនិងគុណភាពផលិតផល នាពេលថ្មីៗនេះ សហគ្រាសវៀតណាមជាច្រើនបាននិងកំពុងវិនិយោគយ៉ាងសកម្ម លើការច្នៃប្រឌិត និងអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង។
ផ្ទាំង​រូបភាពនៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា​របស់​សហគ្រាសវៀតណាម - ảnh 1រូបភាប៖ tapchitaichinh.vn

បង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មនិងសេវាកម្មប្រកបដោយនិរន្តរភាព

ក្នុងនាមជាសហគ្រាសប្រពៃណីដែលមានអាយុកាលជិត ៦៥ ឆ្នាំ ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងនិងបំពង់ទឹកក្ដៅ Rang Dong បានផ្លាស់ប្តូរបច្ចេកវិទ្យាជាច្រើនដង ដោយបន្តបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីកសាងយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល។ យោងតាមអគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងនិងបំពង់ទឹកក្ដៅ Rang Dong លោក Nguyen Doan Ket បានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតផលិតកម្មឆ្លាតវៃ ដោយប្រើប្រាស់មនុស្សយន្ត អនុវត្តន៍បច្ចេកវិទ្យាម៉ាស៊ីនសិក្សា (machine learning) បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណែតវត្ថុទាំងឡាយ តភ្ជាប់ឧស្សាហកម្ម (IIoT); អនុវត្តការផលិតទ្រង់ទ្រាយធំតាមតម្រូវការផ្ទាល់ខ្លួន៖ “យើងបានកសាងវេទិកាផលិតកម្មឆ្លាតវៃនិងអាចបត់បែនបាន ដោយឆ្ពោះទៅរកផលិតកម្មបៃតង អនុវត្តសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនទៅក្នុងផលិតកម្ម។ ដោយផ្អែកលើការស្រាវជ្រាវពីគំរូអន្តរជាតិ សហគ្រាសបានកសាងគំរូផ្ទាល់ខ្លួន និងឯកទេស សម្រាប់សហគ្រាសផលិតកម្មឧស្សាហកម្មបែបប្រពៃណីដែលមានប្រវត្តិយូរអង្វែង។ យើងខ្ញុំត្រូវធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធម៉ាស៊ីននិងឧបករណ៍ លើកកម្ពស់កម្រិតស្វ័យប្រវត្តិកម្ម ហើយប្រព័ន្ធម៉ាស៊ីន និងឧបករណ៍អាចតភ្ជាប់ជាមួយគ្នានៅលើវេទិកាតែមួយ”។

ស្រដៀងគ្នានេះដែរ ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម Nafoods Group គឺជាសហគ្រាសត្រួសត្រាយផ្លូវក្នុងការធ្វើឌីជីថលតំបន់ដាំដុះ អនុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងផលិតកម្ម បំពេញតម្រូវការនាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារតឹងរឹងបំផុត។ បច្ចុប្បន្ននេះ ផលិតផលពីផ្លែផាសិនរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៧០នៅជុំវិញពិភពលោក ដោយទទួលប្រាក់ចំណូលរាប់រយលានដុល្លារអាមេរិក។ លោក Phan Van Xuan តំណាង Nafoods Group បានចែករំលែកថា៖ “យើងប្រមូលទិញពីតំបន់វត្ថុធាតុដើម និងខ្សែសង្វាក់តភ្ជាប់។ វត្ថុធាតុដើម ទាំងនេះត្រូវបានគ្រប់គ្រង តាមដានប្រភពដើម និងថែទាំតាមដំណើរការបច្ចេកទេសដ៏តឹងរឹង និងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដូច្នេះតែងតែមានគុណភាពខ្ពស់ជាងធម្មតា”។

ក្នុងពេលនោះ សារជីវកម្មជលផល Minh Phu ជាមួយនឹងបច្ចេកវិទ្យាចិញ្ចឹមបង្គាជីវសាស្ត្រ MPBiO បានទទួលជោគជ័យក្នុងបច្ចេកវិទ្យានេះ ដោយប្រើប្រាស់មីក្រូសរីរាង្គក្នុងការបង្ការទប់ស្កាត់មេរោគ ប្រើប្រាស់មីក្រូសរីរាង្គដើម្បីបង្កើនភាពស៊ាំសម្រាប់បង្គា និងប្រើប្រាស់មីក្រូសរីរាង្គដើម្បីសម្អាតទឹកក្នុងស្រះ។ តាមនោះ ការចំណាយលើសារធាតុគីមីបានថយចុះ ៩៥% ថ្លៃអគ្គិសនីថយចុះ ៥០-៧០% ថ្លៃចំណីអាហារថយចុះជាង ៣០% ហើយទិន្នផលសម្រេចបានជាង ៧០,០០០ តោន/ឆ្នាំ។ ជាមួយនឹងលំដាប់លំដោយថ្មី Minh Phu បានទៅដល់ដៃអតិថិជននៅទីផ្សារអាមេរិក ជប៉ុន អឺរ៉ុប និងកូរ៉េខាងត្បូង។

អះអាងម៉ាកយីហោវៀតណាម និងឈានចូលទីផ្សារសកល

យោងតាមការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ច ឱកាសដ៏ធំបំផុតដែលបដិវត្តន៍ឧស្សាហកម្មទី ៤ នាំមកជូនសហគ្រាស គឺការទទួលបានបច្ចេកវិទ្យានៅកម្រិតខ្ពស់និងស្វ័យប្រវត្តិកម្មកាន់តែច្រើន។ ដោយសារការអនុវត្តបច្ចេកវិជ្ជាក្នុងផលិតកម្ម សហគ្រាសវៀតណាមមានទំនុកចិត្តកាន់តែខ្លាំងក្នុងការអះអាងម៉ាកយីហោរបស់ខ្លួន មិនត្រឹមតែនៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឈានដល់ទីផ្សារអន្តរជាតិទៀតផង។ ជាពិសេស វិស័យព័ត៌មានវិទ្យាបានកត់ត្រាកំណើនយ៉ាងខ្លាំង ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមជាបន្តបន្ទាប់ ទទួលប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក នៅក្នុងទីផ្សារបរទេស ជាពិសេសក្នុងវិស័យសូហ្វវែរ ដូចជា៖ សារជីវកម្មទូរគមនាគមន៍យោធា Viettel, សារជីវកម្មបច្ចេកវិទ្យា FPT , CMC...។ លោក Le Van Hoang ប្រធានប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា Kaopiz Holding សហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងទីផ្សារជប៉ុនលើវិស័យអភិវឌ្ឍន៍សូហ្វវែរ បានអះអាងថា៖ “វៀតណាមដើរតាមក្រោយក្នុងវិស័យព័ត៌មានវិទ្យា ទោះជាយ៉ាងណាក៏ដោយ វិស្វករវៀតណាមមានសមត្ថភាពល្អណាស់ មិនអន់ជាងវិស្វករពិភពលោកទេ ហើយយើងអាចផលិតបាននូវផលិតផលប្រកបដោយគុណភាពខ្ពស់ស្មើនឹងបណ្តាក្រុមហ៊ុននៅលើពិភពលោក។ ខ្ញុំគិតថា វៀតណាមកំពុងប្រឈមមុខនឹងកាលានុវត្តភាពដ៏អស្ចារ្យ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបញ្ជាក់ពីឋានៈរបស់វៀតណាមលើផែនទីបច្ចេកវិទ្យាព័ត៌មានពិភពលោក”។

ដោយមានកំណើននាំចេញគួរឱ្យកត់សម្គាល់ វៀតណាមមានវត្តមានក្នុងក្រុមប្រទេសពាណិជ្ជកម្មឈានមុខគេទាំង ២០ នៅលើពិភពលោក។ វៀតណាមក៏ត្រូវបានវាយតម្លៃខ្ពស់ក្នុងការកសាងនិងអភិវឌ្ឍម៉ាកយីហោជាតិ ហើយជាម៉ាកយីហោជាតិដែលមានអត្រាកំណើនលឿនបំផុតមួយនៅលើពិភពលោក សម្រាប់ដំណាក់កាល ២០២០-២០២២។

ក្នុងបដិវត្តន៍ ៤.០ សហគ្រាសវៀតណាមបានមើលឃើញប្រៀបខ្លាំងរបស់ខ្លួន ដើម្បីធ្វើការសម្រេចត្រឹមត្រូវបំផុត សម្របខ្លួនជានិច្ច ជំរុញការផ្លាស់ប្តូរថ្មី និងអនុវត្តបច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាពនិងគុណភាពផលិតផល។ ជាមួយនឹងការគាំទ្រនិងការរួបដំណើររបស់រដ្ឋាភិបាល សហគ្រាសវៀតណាមកំពុងមានទំនុកចិត្តដើម្បីចូលរួមកាន់តែជ្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ