អ៊ីស្រាអែលវាយប្រហារកងកម្លាំងអង្គការសហប្រជាជាតិនៅលីបង់៖ ទង្វើដ៏គ្រោះថ្នាក់

(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡា នៅក្នុងប្រទេសលីបង់ កំពុងឡើងដល់កម្រិតថ្មីមួយដ៏គ្រោះថ្នាក់ជាង  នៅពេលដែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថា បានអនុវត្តន៍ការវាយប្រហារមួយចំនួនប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់។

ភាពតានតឹងរវាងអ៊ីស្រាអែល និងអង្គការសហប្រជាជាតិបានកើនឡើងនៅពេលដែលនៅថ្ងៃទី ១១ ខែតុលា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានអនុវត្តន៍ការវាយប្រហារមួយចំនួនតម្រង់ទៅលើមូលដ្ឋានរបស់កងកម្លាំងនេះនៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបំផ្លាញប៉មយាមមួយ ឧបករណ៍ទំនាក់ទំនង និងឧបករណ៍បំភ្លឺជាច្រើននិងបណ្តាល់ឲ្យបុគ្គលិក UNIFIL មួយចំនួនរងរបួស។

ទង្វើដ៏គ្រោះថ្នាក់

ការដែល UNIFIL រងការវាយប្រហារ បង្ហាញពីការឡើងជណ្តើរដ៏គ្រោះថ្នាក់ថ្មីមួយនៃជម្លោះ ដែលកាន់តែបង្ហាញសញ្ញានៃការរីករាលដាលនៅក្នុងប្រទេសលីបង់។ យោងតាមព័ត៌មានរបស់អង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់បានរងផលប៉ះពាល់ដោយការវាយប្រហារចំនួន ២០ ដងចាប់តាំងពីអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមយុទ្ធនាការវាយលុកមានកម្រិតទៅលើគោលដៅនៃកងកម្លាំង ហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ កាលពីចុងខែកញ្ញា។ ក្នុងនោះ បុគ្គលិកនៃកងកម្លាំងនេះបានរងរបួស ហើយច្រកទ្វារនៃមូលដ្ឋាន UNIFIL ត្រូវបានកម្ទេចដោយរថក្រោះអ៊ីស្រាអែល ដែលជាអំពើមួយដែលភាគីអង្គការសហប្រជាជាតិជឿថាមានចេតនា។ Andrea Tenenti អ្នកនាំពាក្យ UNIFIL បានប្រកាសថា៖ “ខ្ញុំដឹងថា ភាគីអ៊ីស្រាអែលកំពុងស៊ើបអង្កេតអ្វីដែលបានកើតឡើង ប៉ុន្តែខ្ញុំគិតថាអ្វីដែលច្បាស់នោះគឺថា នៅពេលដែលពួកគេបានទម្លាក់គ្រាប់បែកមកលើប៉មយាមនៅខាងក្នុងទីស្នាក់ការ UNIFIL ឬកាមេរ៉ា ឧបករណ៍ទំនាក់ទំនង និងភ្លើងបំភ្លឺនៅទីតាំងរបស់ UNIFIL ឬបញ្ចូនយន្តហោះគ្មានមនុស្សបើកនៅជិតបន្ទាយ UNIFIL។ ទាំងនេះគឺជាការព្រួយបារម្ភខ្លាំងណាស់ ព្រោះយើងចាត់ទុកនេះជាការវាយប្រហារដោយចេតនាប្រឆាំងនឹងកងកម្លាំងរបស់យើង”។

ធ្វើការបកស្រាយពីទង្វើដែលបង្កឱ្យមានភាពតានតឹងជាមួយអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាត់ទុកថា ការរិះគន់លើ កងទ័ពរបស់ខ្លួន គឺមិនត្រឹមត្រូវទេ ដោយសារតែ កងទ័ពអ៊ីស្រាអែលបានស្នើម្តងហើយម្តងទៀតឱ្យ UNIFIL ដកខ្លួនចេញពីភាគខាងត្បូងលីបង់ ជាពិសេសនៅទីតាំងជុំវិញខ្សែបន្ទាត់បៃតង  ដែលបែងចែកលីបង់ជាមួយអ៊ីស្រាអែលភាគខាងជើងនិងខ្ពង់រាប Golan ដើម្បីជៀសវាងការដែល  UNIFIL ត្រូវបានប្រែក្លាយទៅជា "ខែលរស់" សម្រាប់កងកម្លាំងហេសបូឡា។ ទោះជាយ៉ាងណាក៏ដោយ ការពន្យល់នេះមិនបានសហគមន៍អន្តរជាតិគាំទ្រទៀតសោត។ ប្រទេសនិងអង្គការភាគច្រើនបានចេញសេចក្តីប្រកាស ដោយចាត់ទុកការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើ UNIFIL គឺមិនអាចទទួលយកបានឡើយ ហើយចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់។

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែតុលា ប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានអំពាវនាវឱ្យភាគីទាំងអស់គោរពសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងមូលដ្ឋានរបស់ UNIFIL។ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខបានអះអាងថា កងកម្លាំងរក្សាសន្តិភាព និងមូលដ្ឋានរបស់អង្គការសហប្រជាជាតិ មិនមែនជាគោលដៅនៃការវាយប្រហារនោះទេ ហើយបានអះអាងជាថ្មីនូវការគាំទ្ររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ UNIFIL និងសារៈ សំខាន់របស់កម្លាំងនេះសម្រាប់ស្ថិរភាពនៅក្នុងតំបន់។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកងកម្លាំងរក្សាសន្តិភាព លោក Jean-Pierre Lacroix ក៏បានបញ្ជាក់ថា UNIFIL នឹងមិនដកខ្លួនចេញពីទីតាំងណាមួយជុំវិញខ្សែបន្ទាត់បៃតងទេ ទោះបីជាមានការទាមទារពីអ៊ីស្រាអែលក៏ដោយ៖

“កងកម្លាំងរក្សាសន្តិភាពនៅតែរក្សាវត្តមាននៅទីតាំងទាំងអស់របស់ខ្លួន។ នេះជាការសម្រេចចិត្តដែលយើងបានដាក់ចេញ បន្ទាប់ពីបានពិចារណាលើកត្តាទាំងអស់ រួមទាំងសន្តិសុខ និងសុវត្ថិភាពនៃកងរក្សាសន្តិភាពរបស់យើង ក៏ដូចជាទំនួលខុសត្រូវរបស់យើងក្នុងបេសកកម្មនេះ និងចំពោះទាំងប្រជាជនផង”។

អ៊ីស្រាអែលប្រឈមនឹងរលករិះគន់

ក្នុងចំណោមប្រទេស និងអង្គការអន្តរជាតិដែលប្រឆាំងជំទាស់ចំពោះ ទង្វើរបស់យោធាអ៊ីស្រាអែលតម្រង់ទៅលើ UNIFIL ប្រទេសសហភាពអឺរ៉ុប (EU) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងបំផុត។ នៅក្នុងសេចក្តីប្រកាសជាបន្តបន្ទាប់ដែលចេញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំនៃប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ... សុទ្ធតែបានរិះគន់យ៉ាងចាស់ដៃចំពោះអំពើរបស់កងទ័ពអ៊ីស្រាអែល។ ទាំងនេះគឺជាប្រទេសដែលមានទាហានចូលរួមក្នុង UNIFIL និងជាអ្នកគាំទ្រខ្លាំងបំផុតនៃការអនុវត្តដំណោះស្រាយ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៦ ដើម្បីរក្សាសន្តិភាពនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។ ដូច្នេះហើយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿថា EU អាចនឹងចាត់ទុកការវាយប្រហារលើ UNIFIL ជាការញុះញង់ផ្នែកការទូត ហើយនេះនឹងនាំឱ្យមានប្រតិកម្មកាន់តែខ្លាំងពីបណ្តាប្រទេសអឺរ៉ុបចំពោះអ៊ីស្រាអែល។ ប្រធានា ធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី ១២ ខែតុលា បានព្រមានថា ប្រទេសបារាំងនឹង "មិនអត់ឱន" លើការវាយប្រហារម្តងទៀតលើ UNIFIL ខណៈដែលនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានអំពាវនាវឱ្យ EU ទាំងមូលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល។

“ខ្ញុំជឿថា គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំងអស់ ចាំបាច់ត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសំណើផ្លូវការដែលប្រទេសអឺរ៉ុបពីរ គឺអេស្ប៉ាញ និងអៀរឡង់ ដែលបានធ្វើឡើង កាលពី ៩ ខែមុន ហើយផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរដ្ឋាភិបាលអ៊ីស្រាអែល”។

ចំណែកគណៈកម្មការអឺរ៉ុបវិញ នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ រួបរួមគ្នាស្នើអ៊ីស្រាអែលបញ្ឈប់រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ ប្រទេសជាច្រើនផ្សេងទៀតក៏ស្នើសុំឱ្យយោធាអ៊ីស្រាអែលបញ្ឈប់រាល់សកម្មភាពវាយប្រហារ UNIFIL ដោយគ្មានហេតុផលណាមួយឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវទាំងនេះមានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងភាពជាប់គាំង នៅពេលដែលនៅក្នុងសេចក្តីប្រកាសចុងក្រោយបំផុតកាលពីថ្ងៃទី ១៥ ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា យោធារបស់ប្រទេសនេះនឹងបន្តយុទ្ធនាការទាំងអស់ប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់ ខណៈពេលដែលបន្តព្រមាន UNIFIL នៅឆ្ងាយពីតំបន់សង្រ្គាម បង្កើនការព្រួយបារម្ភអំពីឧប្បត្តិហេតុបន្ថែមទៀតជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ