ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ

(VOVWORLD) - តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃច័ន្ទ ទី៩ ខែសីហា នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះគឺជាការបញ្ជាក់ថា ទោះជាកាលៈទេសៈអន្តរជាតិនិងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសគឺការផ្ទុះរាលដាលនៃជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរវៀតណាមនិងឡាវនៅតែសាមគ្គី ស្រុះចិត្តគំនិតជានិច្ច រួមគ្នាជំនះលើគ្រប់ការលំបាកឧបសគ្គនិងអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។
ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវត្រូវបានធ្វើឡើងដោយពិធីកិច្ចខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ (រូបថត៖ VOV)

ឡាវជាប្រទេសដើមដំបូងដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc ជ្រើសរើសទៅបំពេញទស្សនកិច្ច បន្ទាប់ពីត្រូវបានរដ្ឋសភានីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋក្នុងអាណត្តិថ្មី ហើយមិនយូរប៉ុន្មានក្រោយពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith កាលពីខែមិថុនាកន្លងទៅ។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យពិសេស ដោយបញ្ជាក់នូវគោលមាគ៌ាកិច្ចការបរទេសដ៏ឥតងាករេរបស់ប្រទេសទាំងពីរ ដែលយកចិត្តទុកដាក់ពិសេសដល់ការថែរក្សានិងអភិវឌ្ឍដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ ចូលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរក្នុងអាណត្តិថ្មី។

ទំនាក់ទំនងស្មោះត្រង់ពិសេស

ជាប្រទេសភូមិផងរបងជាមួយគ្នា ទំនាក់ទំនងជាបងប្អូនដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរវៀតណាមនិងឡាវត្រូវបានបង្កើតនិងពូនជ្រុំក្នុងអំឡុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំកន្លងមក។ ជាពិសេស ក្នុងរយៈពេល៨ទសវត្សរិ៍កន្លងមកនេះ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ ភាពស្អិតរមួតដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ត្រូវបានលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Suphanouvong ចាក់គ្រឹះ ហើយត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រុំដើម្បីក្លាយទៅជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរនៅលើមាគ៌ាអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលសុខ ប្រជាជនសម្បូរធូធារនិងសុភមង្គល។

ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ - ảnh 2ឯកអគ្គរដ្ឋទូតឡវប្រចាំវៀតណាមលោក Sengphet Houngboungnuang 

ក្រោយរយៈពេល ៥៩ ឆ្នាំបង្កើតទំនាក់ទំនងការទូតនិង៤៤ឆ្នាំចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមក កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ កាន់តែសម្បូរបែប ដោយត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ជួយគាំទ្រគ្នាអភិវឌ្ឍហើយសម្រេចបានសមិទ្ធិផលដ៏ធំធេង ប្រកបដោយអត្ថន័យជាច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេស។ ដោយមិនអើពើដល់ផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅតែរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំតាមរូបភាពសមស្រប ហើយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយបន្តត្រូវបានរឹតបន្តឹង បង្ហាញនូវការជឿទុកចិត្តគ្នាយ៉ាងស៊ីជម្រៅ។ វាយតម្លៃចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឯកអគ្គរដ្ឋទូតឡវប្រចាំវៀតណាមលោក Sengphet Houngboungnuang បានចាត់ទុកថា៖ “ខ្ញុំគិតថា ដំណើរទស្សនកិច្ចលើកនេះបានចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការថែរក្សាប្រពៃណីល្អប្រសើរនិងភាពរស់រវើកនៃទំនាក់ទំនងពិសេសឡាវ-វៀតណាម ហើយបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជាតិទាំងពីរឡាវ-វៀតណាម សំដៅបន្តពង្រឹងទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ក៏ជាការបញ្ជាក់ឲ្យពិភពលោកឃើញថា ទោះជាកាលៈទេសៈអន្តរជាតិនិងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុនក៏ដោយ ជាពិសេសគឺការឆ្លង រាលដាលនៃជម្ងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ការធ្វើដំណើរសួរសុខទុក្ខគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសយើងទាំងពីរនៅតែប្រព្រឹត្តទៅជាប្រចាំ។ ប្រការនេះបង្ហាញនូវចំណងសាមគ្គីភាព ការរួបរួមគ្នាជំនះពុះពារលើគ្រប់ការលំបាកទាំងអស់ ហើយរួបរួមគ្នាអភិវឌ្ឍដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាមផងដែរ”។

ទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ហើយជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋាភិបាលនិងរដ្ឋសភាឡាវ ដើម្បីបន្តផ្លាស់ប្ដូរទស្សនៈនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យសម្រេចបានប្រសិទ្ធភាពជាក់ស្ដែងតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលសំណង់អគាររដ្ឋសភាថ្មីរបស់ឡាវផងដែរ។ នេះជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនបក្ស រដ្ឋនិងប្រជាជនឡាវ ជានិមិត្តរូបមួយនៃទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាម។ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានបញ្ជាក់ថា៖ “ក្នុងបរិបទដែលពិភពលោកនិងតំបន់បន្តមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងពិបាកទាយទុកជាមិនដូចនាបច្ចុប្បន្ន ជាងពេលណាៗទាំងអស់ បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសយើងទាំងពីរ ត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការ រួមកម្លាំងកាយចិត្ត ពង្រីកកម្លាំងប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមក បន្តនាំឲ្យបុព្វហេតុបដិវត្តន៍នៃប្រទេសយើងទាំងពីរបោះជំហានទៅមុខយ៉ាងរឹងមាំតាមគោលដៅសង្គមនិយម”។

ក្រោយពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith កាលពីចុងខែមិថុនាកន្លងទៅ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវចំណងមិត្តភាពពិសេសកាន់តែជិតស្និទ្ធនិងរឹងមាំរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ