ពន្ធបដិការបស់អាមេរិក៖ សេណារីយ៉ូមុនថ្ងៃផុតកំណត់

(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានា ធិបតីអាមេរិក លោក Donald Trump បានផ្ញើលិខិតប្រកាសអត្រាពន្ធថ្មី ទៅកាន់បណ្តាប្រទេស ជុំវិញពិភពលោក បានបង្កសម្ពាធយ៉ាងខ្លាំង បង្ខំឱ្យដៃគូពាណិជ្ជកម្មរបស់អាមេរិកត្រូវរត់ប្រណាំងជាមួយពេលវេលា ដើម្បីចៀសវាងអត្រាពន្ធខ្ពស់លើការនាំចេញទំនិញទៅកាន់សហរដ្ឋ អាមេរិក ចាប់ពីថ្ងៃទី ១ ខែសីហា។

ក្នុងអំឡុងពេលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើលិខិតប្រកាសអត្រាពន្ធថ្មីទៅកាន់ប្រទេសជាង ៣០ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក រួមទាំងសហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក និងកាណាដា ហើយបានឲ្យដឹងថា លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសជាង ១៥០ ផ្សេងទៀត។

ពន្ធបដិការបស់អាមេរិក៖ សេណារីយ៉ូមុនថ្ងៃផុតកំណត់ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយអំពីពន្ធបដិកា នៅឯសេតវិមានក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Carlos Barria

តើអ្វីជាជម្រើសសម្រាប់សហភាពអឺរ៉ុប?

យោងតាមខ្លឹមសារក្នុងលិខិតដែលបានផ្ញើដោយលោក Donald Trump សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ហើយយកពន្ធ ៣៥% លើប្រទេសកាណាដាចាប់ពីថ្ងៃទី ១ ខែសីហា ប្រសិនបើភាគីទាំងនេះ មិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិកមុនថ្ងៃកំណត់។ សម្រាប់កូរ៉េខាងត្បូង និងជប៉ុន ដែលជាដៃគូពាណិជ្ជកម្មធំៗទាំងពីរ និងជាសម្ព័ន្ធមិត្តនយោបាយកំពូលរបស់អាមេរិកនៅទ្វីបអាស៊ី អត្រាពន្ធបដិកាគឺ ២៥%។ សម្រាប់ប្រទេសជាង ១៥០ ផ្សេងទៀត ដែលភាគច្រើនជាប្រទេសតូចៗនៅទ្វីបអាហ្រ្វិក និងតំបន់ការ៉ាបៀន ដោយមិនមានការជួញដូរពាណិជ្ជកម្មច្រើនជាមួយសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលអាមេរិកនឹងផ្ញើលិខិតបញ្ជាក់យ៉ាងច្បាស់អំពីអត្រាពន្ធថ្មី ជំនួសឱ្យការចរចា។

ចំណាត់ការថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក បានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសនិងអង្គការនានាដែលមានបំណងចង់ជៀសវាងសេណារីយ៉ូនៃជម្លោះពាណិជ្ជកម្មដ៏ទូលំទូលាយ ជាមួយខឿនសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ សម្រាប់សហភាពអឺរ៉ុប អត្រាពន្ធថ្មីដែសហរដ្ឋ អាមេរិកបានប្រកាស (៣០%) គឺខ្ពស់ជាងអត្រាពន្ធបឋម (២០%) ដែលលោក Donald Trump បានប្រកាសកាលពីដើមខែមេសា។ បើយោងតាមស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic អត្រាពន្ធនេះគឺស្មើនឹងការលុបបំបាត់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ នាពេលខាងមុខ សហភាពអឺរ៉ុបនៅតែផ្តល់អាទិភាពលើដំណោះស្រាយនៃការចរចា ដោយផ្អាកការសងសឹកចំពោះការដំឡើងពន្ធរបស់អាមេរិកលើផលិតផលដែកថែបនិងអាលុយមីញ៉ូម។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សហភាពអឺរ៉ុបនាបច្ចុប្បន្ននេះគឺថា តើត្រូវជ្រើស រើសវិធីសាស្ត្រតឹងរឹងឬទន់ជ្រាយ ក្នុងដំណាក់កាលចរចាចុងក្រោយរបស់អាមេរិក។

យោងតាមលោក Jacob Funk Kirkegaard អ្នកជំនាញនៅវិទ្យាស្ថាន Bruegel នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) សហភាពអឺរ៉ុបត្រូវតែបង្ហាញពីភាពតឹងរឹងជាង។ លោក Cyrus de la Rubia ប្រធានសេដ្ឋវិទូនៃធនាគារ ពាណិជ្ជកម្ម Hamburg (អាល្លឺម៉ង់) បានធ្វើអត្ថាធិប្បាយថា៖ “ប្រសិនបើគ្រាន់តែក្រឡេកមើលទិដ្ឋភាពពាណិជ្ជកម្មសុទ្ធសាធ ខ្ញុំគាំទ្រគោលជំហរដ៏តឹងរឹង ពីព្រោះយោងតាមការវាយតម្លៃរបស់ខ្ញុំ ហើយត្រូវបានបញ្ជាក់ដោយគំរូសេដ្ឋកិច្ចនានា សហរដ្ឋអាមេរិកអាចរងការខូចខាតច្រើនជាង EU ប្រសិនបើ EU មានគម្រោងអនុវត្តន៍ពន្ធសងសឹក”

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋវិទូមួយចំនួនផ្សេងទៀតជឿជាក់ថា ការដែលលោក Donald Trump បានពន្យារពេលដាក់ពន្ធម្តងហើយម្តងទៀតបានបង្ហាញថា ប្រធានាធិបតីអាមេរិកនៅតែចង់សម្រេចបានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៃធនាគារ ING (ហូឡង់) បានចាត់ទុកថា សហភាពអឺរ៉ុបអាចស្នើឲ្យទិញទំនិញរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដូចជា៖ សណ្តែក ឧស្ម័នធម្មជាតិរាវ (LNG) និងជាពិសេសគឺ សព្វាវុធ ក្នុងបរិបទដែលសហភាពអឺរ៉ុបកំពុងបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ។

ពន្ធបដិការបស់អាមេរិក៖ សេណារីយ៉ូមុនថ្ងៃផុតកំណត់ - ảnh 2អេក្រង់បង្ហាញរូបភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅផ្សារហ៊ុន Bombay (BSE) នៅទីក្រុង Mumbai ប្រទេសឥណ្ឌា ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Francis Mascarenhas

ឥទ្ធិពលនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ

នៅក្នុងសេចក្តីប្រកាសថ្មីបំផុតកាលពីថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗជាច្រើននាប៉ុន្មានថ្ងៃខាងមុខនេះ រួមទាំងប្រទេសឥណ្ឌា ដែលជាខឿនសេដ្ឋកិច្ចធំជាងគេទីបួន និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅលើពិភពលោកបច្ចុប្បន្ន អាចធ្វើឱ្យការចរចារពន្ធកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ នាដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពេលវេលា ៥០ ថ្ងៃសម្រាប់រុស្ស៊ី ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន ហើយបានគំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី និងដៃគូសេដ្ឋកិច្ចរបស់ប្រទេសនេះ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែនទទួលបរាជ័យ។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ប្រទេសចិន និងឥណ្ឌាបច្ចុប្បន្នជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី ដូច្នេះប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធ ១០០% លើប្រទេសទាំងនេះ (ដោយប្រយោលដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី) ត្រូវបានអនុវត្តនោះ លទ្ធផលនៃការចរចានាពេលថ្មីៗនេះ ជាមួយឥណ្ឌា និងសូម្បីតែកិច្ចព្រមព្រៀងជាមួយប្រទេសចិនកាលពីមុននោះ អាចនឹងរងការខូចខាត។ សម្រាប់ខឿនសេដ្ឋកិច្ចដ៏ធំមួយទៀត គឺប្រទេសប្រេស៊ីល ការគំរាមកំហែងរបស់លោក Donald Trump ក្នុងការយកពន្ធ ៥០% ក៏ត្រូវបានចាត់ទុកថា ភាគច្រើនគឺផ្តើមចេញពីកត្តាមិនមែនពាណិជ្ជកម្ម។ លោក Jochen Stanzl ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុនសេវាពាណិជ្ជកម្ម CMC Markets (UK) បានធ្វើអត្ថាធិប្បាយថា៖ “បច្ចុប្បន្ន នៅមានភាពមិនប្រាកដប្រជាច្រើនពេក ហើយខ្ញុំគិតថានោះគឺជាឧបសគ្គដ៏ធំបំផុត។ ខ្ញុំគិតថា គេអាចទទួលយកអត្រាពន្ធខ្ពស់ ដែលមិនមែនជាការសប្បាយនោះទេ ប៉ុន្តែប្រការដ៏សំខាន់ គឺរៀបចំផែនការសុវត្ថិភាព ដែលយើងមិនមាននៅបច្ចុប្បន្នឡើយ។ ទាំងអស់កំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។ ខ្ញុំគិតថា ការរៀបចំផែនការសុវត្ថិភាពគឺជាប្រការសំខាន់បំផុតនៅពេលនេះ ក៏ដូចជាអត្រាពន្ធទាបបំផុតដែរ ប៉ុន្តែប្រការនេះ ត្រូវរង់ចាំលទ្ធផលនៃការចរចា"

យោងតាមសាស្រ្តាចារ្យ Alan Sykes មកពីសាលាច្បាប់នៃសាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) ក្នុងបរិបទបច្ចុប្បន្ន លទ្ធភាពកើតមានជម្លោះពាណិជ្ជកម្មសកល ត្រូវបានដោះស្រាយមុនថ្ងៃទី ១ ខែសីហា ដែរឬទេ នៅតែជាសញ្ញាសួរដ៏ធំមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ