រដ្ឋសភានីតិកាលទី១៥ – ផ្លាស់ប្តូររបៀបរបប ត្រួសត្រាយផ្លូវសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី

(VOVWORLD) -  សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាថ្ងៃទី១១ ខែធ្នូនេះ នៅទីក្រុងហាណូយ ហើយនេះក៏ជាកិច្ចប្រជុំបញ្ចប់អាណត្តិ ៥ ឆ្នាំ (២០២១-២០២៦) របស់រដ្ឋសភានីតិកាលទី ១៥ ដែលជាអាណត្តិបន្សល់ទុកនូវស្លាកស្នាមពិសេសជាច្រើនលើការអភិវឌ្ឍរបស់ប្រទេសជាតិ។ នេះមិនត្រឹមតែជាអាណត្តិពោរពេញដោយការផ្លាស់ប្តូរសំខាន់ប៉ុណ្ណោះទេ ថែមទាំងជាដំណាក់កាលដាក់មូលដ្ឋានគ្រឹះ សម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី យុគសម័យនៃទំនើបកម្មស្ថាប័ន អភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងជិតស្និទ្ធិជាមួយប្រជាជនជាង។

រដ្ឋសភានីតិកាលទី១៥ – ផ្លាស់ប្តូររបៀបរបប ត្រួសត្រាយផ្លូវសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី - ảnh 1ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ (រូបថត៖ quochoi.vn)

តាំងពីដើមអាណត្តិ  រដ្ឋសភានីតិកាលទី១៥ បានបញ្ជាក់ពីស្មារតីនៃសកម្មភាពខ្លាំងក្លារបស់ខ្លួន។ ក្នុងរយៈពេល ៥ ឆ្នាំ រដ្ឋសភាបានរៀបចំសម័យប្រជុំចំនួន ១៩ លើក ក្នុងនោះមានសម័យប្រជុំវិសាមញ្ញចំនួន៩ ដែលជាបរិមាណមិនធ្លាប់មានពីមុនមក។ ប្រការនេះឆ្លុះបញ្ចាំងពីការឆ្លើយ តបយ៉ាងសកម្មចំពោះបញ្ហាធំៗ ដែលតម្រូវឱ្យមានការសម្រេចចិត្តយ៉ាងរហ័សនៅក្នុងបរិបទប្រទេសងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលដែលមិនអាចព្យាករណ៍បាន និងតម្រូវការផ្លាស់ប្តូរថ្មីគំរូកំណើនកាន់តែបន្ទាន់ជាងពេលណាៗទាំងអស់។

កំណែទម្រង់របៀបរបបយ៉ាងខ្លាំងក្លា

លក្ខណៈពិសេសដ៏លេចធ្លោបំផុតនៃរដ្ឋសភានីតិកាលទី១៥ គឺកំណែទម្រង់រៀបរបប។ ជាពិសេស ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបើក យុគសម័យប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសជាតិជាមួយនឹងចក្ខុវិស័យរយៈពេលវែង។ សមាជិកសភា លោក Trinh Xuan An គណៈប្រតិភូខេត្ត Dong Nai បានសម្តែងថា៖   “រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយ៉ាងក្លាហាន ដើម្បីប្រទេសវៀតណាមបង្កើតប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយលុបចោលកម្រិតស្រុក បន្ទាប់ពី ៨០ ឆ្នាំនៃអត្ថិភាព និងអភិវឌ្ឍន៍។ រួមជាមួយនឹងរដ្ឋធម្មនុញ្ញ យើងបានធ្វើវិសោធនកម្មប្រព័ន្ធច្បាប់មួយចំនួនដែលទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋ។ ប្រការនេះបង្ហាញថា រដ្ឋសភាហ៊ានសម្រេចចិត្ត និងហ៊ានធ្វើសកម្មភាពសម្រាប់ការច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍ និងសម្រាប់អនាគត។ នេះគឺជាសកម្មភាពនីតិបញ្ញត្តិដ៏មានយុទ្ធសាស្ត្រខ្ពស់ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់អាណត្តិតែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់គ្រឹះសម្រាប់ដំណើរការទាំងមូល ដោយកំណត់រូបរាងនៃការអភិវឌ្ឍនាពេលអនាគតផងដែរ”។

ច្បាប់ប្រមាណ ១៤៩ ត្រូវបានធ្វើវិសោធនកម្មនិងអនុម័ត ដែលបង្កើតជា “កម្លាំងចលករថ្មី” ក្នុងការកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋ ការធ្វើវិមជ្ឈការវិសហមជ្ឈការ ការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Hoàng Thanh Tùng ប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា បានបញ្ជាក់ថា៖ “សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័ត ធានាបាននូវភាពសម្រួល  គ្រប់គ្រងបញ្ហានៅក្នុងសិទ្ធិអំណាចរបស់រដ្ឋសភា ផ្តល់អំណាចប្រកបដោយភាពសកម្ម និងបត់បែនសម្រាប់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការគ្រប់គ្រង និងរដ្ឋបាល រួមជាមួយនឹងការលើកកម្ពស់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់នីតិវិធីរដ្ឋបាល។ គោលនយោបាយដែលចេញតែងតែផ្តល់អាទិភាពដល់ប្រជាជននិងអាជីវកម្ម ដោយដោះស្រាយការលំបាក និងឧបសគ្គយ៉ាងសកម្ម រួមចំណែកដល់ការបញ្ចេញកម្លាំងផលិតភាព និងចលនាធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ”។

ទន្ទឹមនឹងការតាក់តែងច្បាប់ សកម្មភាពឃ្លាំមើលក៏ត្រូវបានកែទម្រង់ក្នុងទិសដៅជាក់ស្តែងជាង។ រដ្ឋសភាផ្តោតលើបញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវភាពសង្គម ពីសុខុមាលភាពសង្គម សន្តិសុខថាមពល និងទីផ្សារអចលនទ្រព្យ រហូតដល់គោលនយោបាយឧបត្ថម្ភដល់អាជីវកម្ម និងពលករ។ វគ្គពិភាក្សានីមួយៗបានបង្ហាញពីស្មារតីនៃការទទួលខុសត្រូវ និងលទ្ធិប្រជាធិបតេយ្យ ដោយលើកកម្ពស់ចលនានៃក្បាលម៉ាស៊ីនរដ្ឋបាល ការបញ្ជាក់ការទទួលខុសត្រូវ និងសំណើដំណោះស្រាយជាក់ស្តែង។

កំណត់រូបរាងអនាគត ត្រួសត្រាយផ្លូវសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី

ជំហានទាំងអស់ដែលបានពោលខាងលើនេះ មិនត្រឹមតែបម្រើតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងឆ្ពោះទៅអនាគតរយៈពេលវែងផងដែរ។ នៅពេលដែលរបៀបរបបត្រូវបានសុក្រិត នៅពេលដែលក្របខ័ណ្ឌច្បាប់កាន់តែច្បាស់លាស់ នៅពេលដែលក្បាលម៉ាស៊ីនរដ្ឋត្រូវបានសម្រួល  វៀតណាមមានលក្ខខណ្ឌអំណោយផលដើម្បីចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញលើកច្បាស់ថា៖

“ប្រទេសជាតិកំពុងនៅចំពោះមុខនឹងឱកាស ដ៏ធំដែរ  ប៉ុន្តែក៏ពោរពេញដោយការលំបាក  និងបញ្ហាប្រឈមផងដែរ។ រដ្ឋសភានឹងបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ផ្ទៀងស្តាប់យោបល់របស់អ្នកបោះឆ្នោត ប្រជាជន និងអាជីវកម្ម រួមដំណើរជាមួយរដ្ឋសាភិបាល សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាក់តែងច្បាប់ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព”។

ទិសដៅគឺច្បាស់លាស់ មូលដ្ឋានគ្រឹះត្រូវបានសាងសង់ឡើង ហើយស្មារតីនៃការច្នៃប្រឌិតបានរីកសាយភាយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈម និងការលំបាកជាច្រើននៅតែស្ថិតនៅខាងមុខ។ ការអនុវត្តគោលនយោបាយនៅក្នុងក្រសួង វិស័យ និងមូលដ្ឋាននៅតែខ្ជាប់ខ្ជួនបន្ថែមទៀត។ ការសម្របសម្រួលក្នុងការអនុវត្តច្បាប់ត្រូវតែរឹងមាំ និងរលូន ហើយលើសពីនេះទៅទៀត ប្រជាជនរំពឹងថា នឹងមានការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងជីវភាពប្រចាំថ្ងៃ  ដូចប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ៖ “សេចក្តីសម្រេចចិត្តនីមួយៗរបស់រដ្ឋសភាមិនត្រឹមតែមានផលប៉ះពាល់ភ្លាមៗ ទៅលើសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងជីវភាពរបស់ប្រជាជនរាប់លាននាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវស្លាកស្នាមយូរអង្វែងលើអនាគតរបស់ប្រទេសជាតិទៀតផង។  ដូច្នេះ រដ្ឋសភាត្រូវបង្ហាញយ៉ាងច្បាស់នូវភាពក្លាហាន ប្រាជ្ញា ភាពមិនលំអៀង  របស់ខ្លួននៅពេលសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការបែងចែកថវិកាជាតិ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គោលនយោបាយសុខុមាលភាពសង្គម គោលនយោបាយសំខាន់ៗ ការធ្វើសមាហរណកម្មអន្តរជាតិ ឬបញ្ហាទាក់ទងនឹងឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី”។

រដ្ឋសភានីតិកាលទី១៥ បានបន្សល់ទុកស្លាកស្នាមដ៏រឹងមាំមួយ៖ នោះគឺ មានការផ្លាស់ប្តូរដើម្បីប្រជាជន ដើម្បីអភិវឌ្ឍ និងផ្លាស់ប្តូរថ្មី ដើម្បីកសាងស្ថាប័នទំនើប និងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ស្មារតីនោះនឹងបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អាណត្តិបន្តបន្ទាប់ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ