សេចក្តីសម្រេចចិត្តលេខ ៧១ - ធានានូវភាពយុត្តិធម៌និងឱកាសសិក្សាសម្រាប់ប្រជាជនគ្រប់រូប
(VOVWORLD) - ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ការអប់រំតែងតែត្រូវបានកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាកម្លាំងចលករសំខាន់ក្នុងការជំរុញកំណើនប្រកបដោយចីរភាព លើកកំពស់គុណភាពធនធានមនុស្ស និងការប្រកួតប្រជែងថ្នាក់ជាតិ។ ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៧១ ស្តីពីការទម្លាយការអភិវឌ្ឍន៍វិស័យអប់រំនិងបណ្តុះបណ្តាល មិនត្រឹមតែបង្ហាញឱ្យឃើញជាក់ស្តែងនូវទស្សនៈស្របគ្នារបស់បក្ស និងរដ្ឋវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកប្រជាជនជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ធានាបាននូវភាពយុត្តិធម៌ និងឱកាសសិក្សាសម្រាប់ប្រជាជនគ្រប់រូប។
សេចក្តីសម្រេចចិត្តលេខ ៧១ ត្រូវបានការិយាល័យនយោបាយចេញផ្សាយ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ ដោយមានក្រុមច្បាស់លាស់នៃគោលដៅ ភារកិច្ចនិងដំណោះស្រាយ។ ក្នុងនោះ ចំណុចសំខាន់បំផុតគឺ "ធានាឱ្យបាននូវភាពយុត្តិធម៌និងឱកាសសិក្សាសម្រាប់មនុស្សគ្រប់រូប"។ ប្រការនេះបង្ហាញអំពីសតិអារម្មណ៍ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមគឺ៖ ការអប់រំមិនត្រឹមតែជាសិទ្ធិជាមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
លក្ខណៈមនុស្សសាសន៍យ៉ាងជ្រាលជ្រៅ
សមធម៌ក្នុងវិស័យអប់រំ យោងតាមសេចក្តីសម្រេចចិត្តលេខ ៧១ មានន័យថា មិនទុកនរណាម្នាក់ចោលពីក្រោយឡើយ។ ការលុបបំបាត់គម្លាតក្នុងតំបន់ អ្នកមាន-ក្រីក្រ; ការបង្កើតឱកាសអភិវឌ្ឍស្មើគ្នាសម្រាប់បុគ្គលម្នាក់ៗ; ធានាគុណភាពនិងបរិយាកាសសិក្សាប្រកបដោយមនុស្សសាស្ត្រសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងសន្និសីទជាតិដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៅទីក្រុងហាណូយ នាថ្ងៃទី ១៦ កញ្ញា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់លើស្មារតីស្នូលនេះ៖ “យើងត្រូវសង្កត់ធ្ងន់លើបញ្ហានៃការទទួលបានការអប់រំស្មើគ្នា។ ក្នុងនោះ តំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះ ជនជាតិភាគតិចទាំងអស់ ត្រូវតែមានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា បើធៀបនឹងមុខសញ្ញាផ្សេងៗទៀត”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ។ រូបថ៖ VGP/Nhật Bắc |
សេចក្តីសម្រេចចិត្តលេខ ៧១ បញ្ជាក់ពីលក្ខណៈមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ និងការតម្រង់ទិសយុទ្ធសាស្ត្រនៃគោលនយោបាយអប់រំ ដោយក្នុងនោះ កំណត់ថា របកគំហើញអប់រំត្រូវតែ "ចាប់ផ្តើមពីការច្នៃប្រឌិតក្នុងការត្រិះរិះ ការយល់ដឹង និងរបៀបរបប" ពោលគឺការផ្លាស់ប្តូររបៀបត្រិះរិះ និងធ្វើក្នុងការគ្រប់គ្រងអប់រំ មុននឹងអនុវត្តដំណោះស្រាយ។ សមធម៌ក្នុងវិស័យអប់រំ មិនត្រឹមតែជាសមភាពនៃសិទ្ធិក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីឱកាសទទួលបាន លក្ខខណ្ឌសម្រាប់ការសិក្សា និងការទទួលបានចំណេះដឹងដ៏ទូលំទូលាយផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Pham Ngoc Thuong បានឲ្យដឹងថា៖ “មានចំណុចពិសេសមួយដែលការទម្លាយនៃការអប់រំត្រូវតែចាប់ផ្តើមពីការច្នៃប្រឌិតក្នុងការត្រិះរិះ ការយល់ដឹង និងស្ថាប័ន។ គោលដៅគឺច្បាស់ណាស់ ជាក់ស្តែង ជាមួយនឹងតម្រូវការខ្ពស់និងបដិវត្តន៍នៅក្នុងធម្មជាតិ ដែលមានដំណាក់កាលចំនួន ៣ គឺ៖ ២០២៥-២០៣០, ២០៣៥, ២០៤៥។ ដំណោះស្រាយចំនួន ៨ គឺផ្តោតលើសកម្មភាព របកគំហើញ និងលក្ខណៈដំណើរការរួច”។
សមធម៌ក្នុងវិស័យអប់រំ បញ្ជាក់ពីគុណតម្លៃមនុស្សសាស្ត្រ ហើយទន្ទឹមនឹងនោះ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីដាស់សក្ដានុពល ភាពវៃឆ្លាត និងសេចក្តីប្រាថ្នារបស់បុគ្គលម្នាក់ៗ បង្កើតកម្លាំងរួមគ្នាសម្រាប់ប្រជាជាតិទាំងមូល។ លោកគ្រូ Ngo Mau Tinh នាយករងសាលាបឋមសិក្សា Lam Thuy និងអនុវិទ្យាល័យសម្រាប់ជនជាតិភាគតិច ឃុំ Kim Ngan ខេត្ត Quang Tri បានសម្តែងនូវទំនុកចិត្តថា៖ “ពីសេចក្តីសម្រេចចិត្តលេខ ៧១នេះ យើងជឿជាក់ថា វិស័យអប់រំវៀតណាមសន្យាថានឹងឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍដ៏រឹងមាំ ដែលអ្នកសិក្សាមានឱកាសជាច្រើនក្នុងការរីកចម្រើន ជាកន្លែងដែលគ្រូបង្រៀនត្រូវបានគេគោរព និងយកចិត្តទុកដាក់ សាលារៀនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការលើកកម្ពស់គុណភាព។ សំខាន់ជាងនេះទៅទៀត នោះគឺជាការប្តេជ្ញាចិត្តសម្រាប់ពួកយើងក្នុងការរួមដៃគ្នាចូលរួមចំណែកក្នុងការកសាងការអប់រំប្រកបដោយភាពច្នៃប្រឌិត និងមនុស្សសាស្ត្រ”។
លើកកម្ពស់ការសិក្សាពេញមួយជីវិតនៅក្នុងបណ្ណាល័យ សារមន្ទីរ និងមជ្ឈមណ្ឌលវប្បធម៌។ រូបថត៖ VGP |
សមធម៌អប់រំ - ពីពាក្យស្លោកដល់សកម្មភាព
ជាមួយនឹងដំណោះស្រាយចំនួន ៨ ក្រុម សេចក្តីសម្រេចចិត្តរលេខ ៧១ មានគោលបំណងធ្វើសមកាលកម្មក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល ពង្រីកប្រព័ន្ធសិក្សាអនឡាញ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់អាទិភាពដល់គោលនយោបាយសម្រាប់ជនក្រីក្រ ជនពិការ និងកុមារក្រៅសាលា។ នេះជាការបង្កើតស្មារតី “មិនទុកនរណាម្នាក់នៅពីក្រោយ” នាំមកនូវសមធម៌ក្នុងការអប់រំពីពាក្យស្លោកទៅសកម្មភាព។
ទន្ទឹមជាមួយគ្នានោះ សេចក្តីសម្រេចចិត្តលេខ ៧១ បើកទិសដៅកសាងសង្គមសិក្សា សិក្សាពេញមួយជីវិត។ នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម ការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ចំណេះដឹងក្លាយជាធនធានដែលកំណត់ទីតាំងរបស់ប្រទេស។ ដូច្នេះ សេចក្តីសម្រេចចិត្តដាក់ចេញគោលដៅបង្កើតយន្តការ និងគោលនយោបាយដើម្បីលើកទឹកចិត្ត និងគាំទ្រប្រជាជនម្នាក់ៗអាចសិក្សាអស់មួយជីវិត លើកកម្ពស់សមត្ថភាពសម្របខ្លួន និងការច្នៃប្រឌិតក្នុងការងារ ការចាប់ផ្តើមអាជីវកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិ។ នេះជាជំហានមួយស្របតាមនិន្នាការអភិវឌ្ឍន៍ទំនើប នាំវៀតណាមខិតទៅជិតគោលដៅកសាងសង្គមផ្អែកលើចំណេះដឹង។ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា៖ “ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើការពូនជ្រុំ និងលើកកំពស់ "ទេពកោសល្យជាតិ" និងការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។ នេះគឺជាគន្លឹះនៃវិស័យសំខាន់ៗទាំងអស់ ដែលជាកម្លាំងចលករជាមូលដ្ឋានសម្រាប់កំណើនផលិតភាព របកគំហើញក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងការចិញ្ចឹមបីបាច់បំណងប្រាថ្នាសម្រាប់ការអភិវឌ្ឍ”។
អគ្គលេខាបក្ស លោក តូ ឡឹម។ រូបថត៖ VGP/Nhat Bac |
សេចក្តីសម្រេចចិត្តលេខ ៧១ មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសេចក្តីប្រកាសដ៏រឹងមាំនៃសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងផងដែរ។ នៅពេលដែលមនុស្សគ្រប់រូបមានឱកាសសិក្សា នៅពេលដែលសមធម៌ក្នុងវិស័យអប់រំត្រូវបានធានា នោះក៏ជាពេលដែលវៀតណាមអាចបញ្ចេញសក្តានុពលពេញលេញរបស់ប្រទេសជាតិ បង្កើតកម្លាំងចលករថ្មីដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាប្រទេសជាតិសម្បូររុងរឿង វិបុលភាព៕