សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥៖ ជំនះការលំបាកដើម្បីរក្សាអត្រាកំណើន

(VOVWORLD) - ឆ្នាំ ២០២៥ កំពុងឆ្លងកាត់ប៉ុន្មានថ្ងៃចុងក្រោយ  ហើយផ្ទាំងរូបភាពនៃសេដ្ឋកិច្ចវៀតណាមបន្ទាប់ពី ១១ ខែបានបង្ហាញពីភាពធន់ សមត្ថភាពរឹងមាំក្នុងការជំនះពុះពាររាល់ការលំបាក និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្ទុះកំណើននៅក្នុងបរិបទកើតមានឡើងភាពមិនប្រាកដប្រជា ជាច្រើននៅក្នុងពិភពលោក។ យោងតាមតួរលេខស្ថិតិ  ពីផលិតកម្មឧស្សាហកម្ម ការនាំចេញនាំចូល ការប្រើប្រាស់ក្នុងស្រុក ការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច... បានបញ្ជាក់ថា វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងដំណើរការស្តារឡើងវិញ និងអភិវឌ្ឍន៍។

ក្នុងរយៈពេល ១១ ខែកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានកត់ត្រាចំណុចភ្លឺជាច្រើនដែលលេចធ្លោ ដែលបង្កើតរូបភាពវិជ្ជមាននៅក្នុងបរិបទពោរពេញដោយការលំបាក ដូចជា៖ គ្រោះមហន្តរាយធម្មជាតិក្នុងស្រុក ពាណិជ្ជកម្មសកលជាប់គាំង មានវិធានការការពារថ្មី...។ យ៉ាងណាមិញ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីបានឈានដល់ជាង ៨% ដែលជួយឱ្យផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៩ ខែដំបូងកើនឡើងប្រហែល ៧,៨% នាំវៀតណាមស្ថិតក្នុងក្រុមសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ី។ លទ្ធផលនេះគឺជាកម្លាំងជំរុញដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមដើម្បីចូលឆ្នាំបន្ទាប់ ជាមួយនឹងផ្នត់គំនិតសកម្ម និងមានទំនុកចិត្ត  បន្តរក្សាសន្ទុះកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ស្វិតស្វាញជំនះពុះពាររាល់ការលំបាក

ក្នុងរយៈពេល ១១ ខែកន្លងមកនេះ វិស័យសេដ្ឋកិច្ចមុខព្រួញបន្តរីកចម្រើន។ វិស័យវិនិយោគ ទាំងដើមទុនវិនិយោគដែលអនុវត្តពីថវិការដ្ឋ និងដើមទុនវិនិយោគពីបរទេស បានកើនឡើង ២៦,៨% និង ៧,៤% រៀងៗខ្លួន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញក្នុងរយៈពេល ១១ ខែលើសពី ៨៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវៀតណាមមានអតិរេកពាណិជ្ជកម្មជាង ២០ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍ និងលេចធ្លោមួយ។ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធឿងឡាង សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសេដ្ឋកិច្ច បានវិភាគថា៖ “យើងមិនដែលឃើញផ្ទាំងរូបភាពនៃការនាំចូល និងនាំចេញដ៏ស្រស់ស្អាតបែបនេះនោះទេ។ តាមគំនិតរបស់ខ្ញុំ ឆ្នាំនេះវៀតណាមអាចឈានដល់តួលេខ ៩៥០ - ១.០០០ ពាន់លានដុល្លារអាមេរិក  ជាព្រឹត្តិការណ៍សំខាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលវៀត ណាមបានចូលទៅក្នុងបញ្ជីប្រទេសដែលមានសក្តានុពលនាំចេញ-នាំចូលដ៏ធំ។ ជាពិសេស រចនាសម្ព័ន្ធនៃទំនិញនាំចេញរបស់វៀតណាមគឺជាទំនិញផលិតដោយបច្ចេកវិទ្យាខ្ពស់ ដែលស្ថិតក្នុងចំណោមទំនិញកំពូលៗនៅលើពិភពលោក”។

គួរឲ្យកត់សម្គាល់ វិស័យកសិកម្មត្រូវបានចាត់ទុកថាជាអព្ភូតហេតុមួយនៅក្នុងបរិបទនៃគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់ នៅពេលដែលបានលើសពីកំណត់ត្រា ៦២,៤ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៤ ទាំងមូល ហើយកំពុងបំពេញគោលដៅដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីដាក់ចេញគឺចំនួន ៦៥-៧០ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោកភុង ឌឹក ទៀន បានបញ្ជាក់ថា៖ “អស់រយៈពេល ១១ខែ យើងសម្រេចបាន ៦៤,១ ពាន់លានដុល្លារអាមេរិក។ សញ្ញាវិជ្ជមានពីទីផ្សារនាំចេញ ជាពិសេសទីផ្សារសហរដ្ឋអាមេរិកនិងចិនបានបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន លើសពីនេះ ទីផ្សារសហភាពអឺរ៉ុបក៏បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។ ប្រសិនបើខែធ្នូរក្សាសន្ទុះកំណើនប្រហែល ៦ ពាន់លានដុល្លារអាមេរិក យើងនឹងសម្រេចបានគោលដៅនាំចេញឆ្នាំនេះចំនួន ៦៥-៧០ ពាន់លានដុល្លារអាមេរិកមុនកាលកំណត់”។

មិនត្រឹមតែការនាំចេញប៉ុណ្ណោះទេ ការប្រើប្រាស់ក្នុងស្រុក និងសេវាកម្មក៏បានងើបឡើងវិញយ៉ាងខ្លាំងផងដែរ។ ប្រាក់ចំណូលពីការលក់រាយ ទេសចរ ណ៍ និងដឹកជញ្ជូនបានកើនឡើងទាំងអស់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបានឈានដល់ជាង ១៩ លាននាក់ ដែលកើនឡើងជិត ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អក្នុងគោលដៅដែលកំណត់ដោយរដ្ឋសភា។ អនុប្រធានធនាគាររដ្ឋ លោក ហ្វាម  ថាញ់ ហា បានឲ្យដឹងថា៖ “សាច់ប្រាក់ងាយស្រួលនៃប្រព័ន្ធស្ថាប័នឥណទានត្រូវបានធានា ទីផ្សាររូបិយវត្ថុមានស្ថេរភាពជាមូលដ្ឋាន ហើយអត្រាប្តូរប្រាក់ប្រែប្រួលបត់បែនទៅតាមស្ថានភាពទីផ្សារ។ ជាពិសេស កម្រិតអត្រាការប្រាក់ប្រាក់កម្ចីនៅតែបន្តមានស្ថេរភាពជាមួយនឹងនិន្នាការធ្លាក់ចុះ។ ទីផ្សារប្តូរប្រាក់បរទេសមានភាពរលូន ហើយតម្រូវការប្តូរប្រាក់បរទេសស្របច្បាប់ត្រូវបានបំពេញយ៉ាងពេញលេញ និងទាន់ពេលវេលា។ សូចនាករមួយទៀតនៅក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុគឺថា ឥណទានមានកំណើនវិជ្ជមាន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ”។

រក្សាសន្ទុះកំណើននៅចំពោះមុខការប្រែប្រួលជាច្រើន

លទ្ធផលវិជ្ជមានក្នុងរយៈពេល ១១ ខែកន្លងមកនេះបានបង្កើតទំនុកចិត្ត និងសន្ទុះដើម្បីសម្រេចបានគោលដៅឆ្នាំ ២០២៥ ដោយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាអត្រាកំណើន វៀតណាមប្តេជ្ញាអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន។ សាស្ត្រាចារ្យ បណ្ឌិត ហ័ង វ៉ាន់ គឿង អនុប្រធានសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា នៅក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាដ៏ខ្លាំងក្លា របាំងពាណិជ្ជកម្មថ្មី និងនិន្នាការរឹងមាំនៃការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល នេះជាពេលវេលាសម្រាប់វៀតណាមដើម្បីក្រោកឈរឡើងជាមួយនឹងកម្លាំងផ្ទៃក្នុងរបស់ខ្លួន ក្នុងគោលបំណង សម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ក្នុងរយៈពេល ២០២៦-២០៣០៖

“នេះជាពេលវេលាសម្រាប់វៀតណាមបង្កើតសន្ទុះអភិវឌ្ឍន៍ពីកម្លាំងផ្ទៃក្នុង សំដៅសម្រេចបំណងប្រាថ្នាស្ទុះឈានទៅមុខ។ ប្រសិនបើយើងធ្វើសកម្មភាពភ្លាមៗ និងក្នុងទិសដៅត្រឹមត្រូវ យើងអាចចូលរួមតាំងពីដំបូងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងកំពុងរីកចម្រើន ដោយក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជំនួសឱ្យការឈប់នៅដំណាក់កាល កែច្នៃ និងការដំឡើង។ នេះមិនមែនគ្រាន់តែជារឿងរ៉ាវនៃការជៀសវាងកំណើនខ្ពស់ក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដោយផ្តោតលើគោលដៅកំណើនពីរខ្ទង់។ ពីទីនោះ វៀតណាមអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍”។

ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ វៀតណាមបានជំនះរាល់ការលំបាកដោយជោគជ័យក្នុងការរក្សាកំណើន ដែលបញ្ជាក់ពីភាពធន់ និងសក្តានុពលនៃសេដ្ឋកិច្ចដែលកំពុងកែទម្រង់យ៉ាងខ្លាំងក្លា។ លទ្ធផលទាំងនេះបន្ថែមសន្ទុះសម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅកំណើននៃឆ្នាំ ២០២៥ ទាំងមូល និងបង្កើតជាជំហានដំបូងសម្រាប់ដំណាក់កាលបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ