សំណង់ជាច្រើនបង្កប់ដោយសញ្ញាសម្គាល់សម័យកាលរបស់ទីក្រុងហូជីមិញ

(VOVWORLD) - ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ ទីក្រុងហូជីមិញបានក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលនវានុវត្តន៍របស់ប្រទេសទាំងមូល។ សំណង់ជាច្រើនបានសាងសង់ឡើងជាបន្តបន្ទាប់បង្កប់ដោយសញ្ញាសម្គាល់នៃសម័យកាល បានរួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុងកាន់តែទំនើប ស្វាហាប់ និងអភិវឌ្ឍន៍។ សំណង់ទាំងនេះក៏ជានិមិត្តរូបនៃភាពរស់រវើកថ្មី និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លារបស់ទីក្រុងដែលយកតាមឈ្មោះលោកអ៊ំហូ។
សំណង់ជាច្រើនបង្កប់ដោយសញ្ញាសម្គាល់សម័យកាលរបស់ទីក្រុងហូជីមិញ - ảnh 1រថភ្លើងក្រោមដីលេខ១ (Ben Thanh - Suoi Tien) ទីក្រុងហូជីមិញ (រូបថត៖ Ha Khanh/VOV-TPHCM)

នៅខែធ្នូ ឆ្នាំ ២០២៤ ខ្សែផ្លូវរថភ្លើងទីក្រុងដើមដំបូងរបស់ទីក្រុងហូជីមិញបានដាក់ឲ្យដំណើរការជាផ្លូវការ ដែលនេះជាចំណុចរបត់ប្រវត្តិសាស្ត្រក្នុងដំណើរការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ទីក្រុងទំនើប។  ក្នុងពិធីបើកសម្ពោធជាផ្លូវការ លោក Bui Xuan Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ មិនអាចលាក់បាំងមោទនភាពរបស់ខ្លួនឡើយ៖ “យើងចាប់ផ្តើមជំពូកថ្មីក្នុងដំណើរការអភិវឌ្ឍន៍។ មនុស្សម្នាក់ៗ រស់នៅទីក្រុងនិងអ្នកទេសចរដែលប្រើប្រាស់សំណង់នេះ រួមចំណែកក្នុងការថែរក្សា និងបង្កើនប្រសិទ្ធភាពនៃខ្សែផ្លូវរថភ្លើងក្នុងទីក្រុងនេះ ដូច្នេះដើម្បីខ្សែរថភ្លើងក្រោមដី មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាវប្បធម៌ ដែលជាស្ពានតភ្ជាប់រវាងមនុស្សនិងរឿងរ៉ាវមនុស្សធម៌ផងដែរ។ ខ្សែផ្លូវមេត្រូ នឹងក្លាយជាទីធ្លាសាធារណៈដ៏ទំនើប ដែលជាផ្នែកមួយនៃវប្បធម៌ទីក្រុងដ៏រស់រវើករបស់ទីក្រុង”។

សំណង់ជាច្រើនបង្កប់ដោយសញ្ញាសម្គាល់សម័យកាលរបស់ទីក្រុងហូជីមិញ - ảnh 2ប្រជាជនរីករាយជិះរថភ្លើងក្រោមដី លេខ ១ (រូបថត៖ Ha Khanh/VOV-TPHCM)

រថភ្លើងក្រោមដីដ៏ទំនើប ភ្លឺចែងចាំង និងអ៊ូអរមកដល់ស្ថានីយ ដោយនាំមកជាមួយពួកគេនូវភាពរីករាយ រំភើប និងមោទនភាពរបស់អ្នករស់នៅទីក្រុង និងជនជាតិវៀតណាមនៅក្រៅប្រទេស ដែលមានឱកាសវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីឃ្លាតឆ្ងាយអស់ជាច្រើនឆ្នាំ។

“យើងរំភើបណាស់។ នេះជាក្តីសោមនស្សរីករាយសម្រាប់ប្រជាជនក្នុងទីក្រុង ព្រោះនេះជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។ ទីក្រុងឥឡូវនេះមានគម្រោងទ្រង់ទ្រាយធំដែរ”។

“នេះជាដំណើរដែលចំណេញពេលវេលានិងសន្សំសំចៃ បើកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍទីក្រុង”។

“អារម្មណ៍ខ្ញុំសព្វថ្ងៃ ក៏ដូចជាអ្នកក្រុង មានមោទនភាពណាស់ ដែលអាចចាត់ទុកថា ជាពេលវេលាប្រវត្តិសាស្ត្រមួយ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំដែលទីក្រុងបានរំដោះ”។

ខ្សែផ្លូវរថភ្លើងក្រោមដី គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ មិនឈប់នៅទីនោះទេ ដំណើរឆ្ពោះទៅរកប្រព័ន្ធដឹកជញ្ជូនទំនើប និងនិរន្តរភាពនៅក្នុងទីក្រុងនេះនៅតែបានបន្ត។

សំណង់ជាច្រើនបង្កប់ដោយសញ្ញាសម្គាល់សម័យកាលរបស់ទីក្រុងហូជីមិញ - ảnh 3ស្ថានីយ T3 នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (រូបថត៖ Luong Y/VTC News)

បម្រើអ្នកដំណើរជាផ្លូវការចាប់ពីថ្ងៃទី ១៩ ខែមេសា ស្ថានីយអ្នកដំណើរ T3 នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលជាស្ថានីយអាកាសយានដ្ឋានទំនើបបំផុតក្នុងប្រទេស ត្រូវបានចាត់ទុកថាជាគម្រោងនិមិត្តសញ្ញា សក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងសេចក្តីប្រាថ្នាក្នុងការយកឈ្នះកម្ពស់ថ្មីរបស់ទីក្រុងហូជីមិញ បន្ទាប់ពីពាក់កណ្តាលសតវត្សនៃការបង្រួបបង្រួម។

ចាប់ផ្តើមការដ្ឋានសាងសង់ពីខែសីហាឆ្នាំ ២០២៣ រហូតដល់ពេលដាក់ឱ្យដំណើរការគម្រោង "សាងសង់ស្ថានីយអ្នកដំណើរ T3 - អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat" ដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញបានចំណាយពេលត្រឹមតែ ២០ខែ ពោលគឺ មុន ៣ ខែតាមកាលកំណត់។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ពលករនិងវិស្វកររាប់ពាន់នាក់ត្រូវប្រឈមមុខនឹងការលំបាក បញ្ហាប្រឈម និងលក្ខខណ្ឌអាកាសធាតុអាក្រក់ជាច្រើន ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ទីក្រុងក្នុងការឈានដល់កម្ពស់ថ្មី ជួយលើកកំពស់គុណភាពរស់នៅ និងកសាងទីក្រុងដែលអាចរស់នៅបានកាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នា។ លោក Tran Ngoc Long នាយករងនៃក្រុមប្រឹក្សាគ្រប់គ្រងការបណ្តាក់ទុននៃគម្រោងស្ថានីយអ្នកដំណើរ T3 បានចែករំលែកថា៖ “ដល់ពេលនេះ គម្រោងនេះបានដំណើរការ ហើយអ្នករាល់គ្នាមានមោទនភាពយ៉ាងខ្លាំង។ ខ្ញុំសប្បាយចិត្តដែលអាចចូលរួមចំណែកមួយចំណែកតូចរបស់ខ្ញុំចំពោះគម្រោងទាំងមូលនៃគម្រោងធំបែបនេះ”។

សំណង់ជាច្រើនបង្កប់ដោយសញ្ញាសម្គាល់សម័យកាលរបស់ទីក្រុងហូជីមិញ - ảnh 4ជាមួយនឹងផ្ទៃដីជាង ២ពាន់គីឡូម៉ែត្រនិងមានប្រជាជនជាង ១០ លាននាក់ ទីក្រុងហូជីមិញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេរបស់វៀតណាម (រូបថត៖ Kim Cuong/VNP

គម្រោងចរាចរណ៍ជាបន្តបន្ទាប់កំពុងមានរូបរាងជាបណ្តើរៗ ដោយបង្កើតរូបរាងថ្មីសម្រាប់ទីក្រុងហូជីមិញបន្ទាប់ពី៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ។ លោក Nguyen Thanh Binh នាយករងវិទ្យាស្ថានផែនការទីក្រុងហូជីមិញបានអះអាងថា៖ “ឆ្លងកាត់រយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទីក្រុងហូជីមិញមានការអភិវឌ្ឍជាបន្តបន្ទាប់នៃទាំងចំនួនប្រជាជនក៏ដូចជាទំហំផ្ទៃដី។ តំបន់ឧស្សាហកម្មត្រូវបានបង្កើតឡើងក្នុងទិសដៅនៃការអភិវឌ្ឍ ខាងកើត-ខាងលិច-ខាងត្បូង-ខាងជើង។ ភាគខាងត្បូងនៃទីក្រុង ត្រូវបានបង្កើតឡើងដោយមានមជ្ឈមណ្ឌលគឺ Phu My Hung។ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ផ្លូវរ៉ាឌីកាល់ និងផ្លូវខ្សែក្រវាត់លេចចេញជាបណ្តើរៗ បង្កើតការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយជោគជ័យសម្រាប់ទីក្រុង”។

ចាប់ពីថ្ងៃទី ១ ខែកក្កដា ខេត្ត Binh Duong និង Ba Ria-Vung Tau នឹងរួមបញ្ចូលជាផ្លូវការជាមួយទីក្រុងហូជីមិញ។ នេះជាលក្ខខណ្ឌសម្រាប់ទីក្រុងហូជីមិញ ពង្រីកបន្ថែមទៀតនូវលំហអភិវឌ្ឍន៍របស់ខ្លួន ក្លាយជាតំបន់ទីក្រុងទំនើប ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចច្នៃប្រឌិតឈានមុខគេក្នុងប្រទេសជាតិនិងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ