(VOVWORLD) - សន្និបាតពេញអង្គលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែតុលា។ អញ្ជើញថ្លែងមតិបើកសន្និបាតនាថ្ងៃទី ២ ខែតុលា អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះនឹងពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន ដែលមានអត្ថន័យដ៏សំខាន់ចំពោះការបំពេញភារកិច្ចនយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ ចាប់ពីពេលនេះរហូតដល់បញ្ចប់អាណត្តិ។
សន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១៣ |
កំណត់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវនូវទស្សនៈអភិវឌ្ឍន៍
អំពីបញ្ហាសេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០២៣ - ២០២៤ ក្នុងសុន្ទរកថាបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យ មជ្ឈិមត្រូវផ្តោតសំខាន់លើការពិភាក្សា និងវិភាគយ៉ាងស៊ីជម្រៅអំពីលក្ខណៈលេចធ្លោក្នុងឆ្នាំ ២០២៣ វិភាគឲ្យបានច្បាស់លាស់នូវលទ្ធផលដែលសម្រេចបាន ការនៅមានកំហិតនិងភាពទន់ខ្សោយ ដែលនៅសេសសល់ ឧបសគ្គដែលត្រូវតែដោះស្រាយ និងបញ្ហាប្រឈមដែលត្រូវបន្តជំនះពុះពារ។ ទន្ទឹមនឹងនោះ ចង្អុលបង្ហាញពីមូលហេតុ និងមេរៀនបទពិសោធន៍; ព្យាករណ៍ពីលទ្ធភាព និងកាលៈទេសៈនាពេលខាងមុខ ជាពិសេសគឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ ជាមួយនឹងស្មារតីសត្យានុម័ត គ្រប់ជ្រុងជ្រោយ។ លោកអគ្គលេខាធិការបានកត់សម្គាល់ថា៖ “សន្និបាតចាំបាច់ត្រូវកំណត់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវនូវទស្សនវិស័យអភិវឌ្ឍន៍ សតិអារម្មណ៍ដឹកនាំ គោលដៅទូទៅ សូចនាករជាមូលដ្ឋាន ដែលមានសារៈសំខាន់មួយចំនួន ព្រមទាំងភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះមានភាពចាំបាច់ និងភាពត្រឹមត្រូវនៃការអនុវត្តរបបប្រាក់បៀវត្តន៍ថ្មី ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤”។
ទាក់ទងនឹងការបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៥ នីតិកាលទី ១១ (ឆ្នាំ ២០១២) ស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួន អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ប្រទេសជាតិមានការអភិវឌ្ឍ សម្រេចបានលទ្ធផល និងសមិទ្ធិផលសំខាន់ៗ។ជាច្រើន បង្ហាញកាន់តែច្បាស់លាស់នូវឧត្តមភាពនៃរបប។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយសង្គម និងការគ្រប់គ្រងការអភិវឌ្ឍ សង្គមជាទូទៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពឡើយ។
ដូច្នេះ លោកអគ្គលេខាបានស្នើឱ្យគណៈកម្មាធិការមជ្ឈិមផ្ដោតសំខាន់លើការពិភាក្សានិងវាយតម្លៃលើស្ថានភាព មូលហេតុ និងមេរៀនបទពិសោធន៍; ភាពចាំបាច់ និងភាពត្រឹមត្រូវនៃការចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីរបស់មជ្ឈឹមស្ដីពីបញ្ហាពិសេសសំខាន់ទាំងនេះ។ តាមនោះ កំណត់យ៉ាងច្បាស់នូវទស្សនៈ សតិអារម្មណ៍ដឹកនាំ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ សំដៅបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃគោលនយោបាយសង្គម។
ទាក់ទងនឹងការបូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៧ នីតិកាលទី ៩ (ឆ្នាំ ១៩៩៣) ស្តីពីការពង្រីកកម្លាំងពលំមហាសាមគ្គីជាតិទាំងមូល អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យមជ្ឈិមផ្តល់យោបល់លើភាពចាំបាច់ និងភាពត្រឹមត្រូវនៃការចេញផ្សាយសេចក្ដីសម្រេចចិត្តថ្មី និងខ្លឹមសារស្នូលនៃសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី "ការបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិទាំងមូល កសាងប្រទេសជាតិឲ្យកាន់តែសម្បូរធូធារ វិបុលភាព អរិយធម៌ និងសុភមង្គល"។
ពង្រីកតួនាទីរបស់ជួរបញ្ញាវន្ត និងរក្សាយ៉ាងរឹងមាំបរិយាកាសសន្តិភាព ដើម្បីអភិវឌ្ឍន៍
អគ្គលេខាបក្ស លោក Nguyen Phu Trong |
អំពីការកសាងជួរបញ្ញាវន្តឆ្លើយតបនឹងតម្រូវការនៃសម័យកាលអភិវឌ្ឍន៍ថ្មី យោងតាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា ក្នុងគ្រុបយុគសម័យ និងមិនថានៅប្រទេសណាមួយឡើយ ជួរបញ្ញវន្តតែងតែជាកម្លាំងស្នូលនៃការច្នៃប្រឌិត និងផ្សព្វផ្សាយចំណេះដឹង ហើយមានឋានៈ តួនាទីដ៏សំខាន់ពិសេស ជំរុញការអភិវឌ្ឍនៃសង្គម បង្កើតកម្លាំងពលំនៃប្រទេសនីមួយៗ និងប្រជាជាតិនីមួយៗ៖
“ពិភពលោកនាបច្ចុប្បន្ននេះកំពុង ហើយនឹងប្រឈមនឹងកាលានុវត្តភាព អំណោយផល និងការលំបាក សាកល្បងប្រទាក់ក្រឡាគ្នាជាច្រើនចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្រោមឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី ៤។ បរិបទថ្មីតម្រូវឱ្យយើងត្រូវយកចិត្តទុកដាក់កសាង អភិវឌ្ឍន៍ និងពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវតួនាទី ឋានៈ និងការរួមចំណែករបស់ក្រុមបញ្ញវន្តរដ្ឋ ឆ្លើយតបនឹងតម្រូវការម្ចាស់ការ សកម្មចូលរួមបដិវត្តន៍ឧស្សាហកម្មទី ៤ បន្តជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិផងដែរ”។
បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៨ នីតិកាលទី១១ ស្ដីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី (ឆ្នាំ ២០១៣) លោកអគ្គលេខាបក្សបានស្នើឲ្យបំភ្លឺរាល់លក្ខណៈងាយស្រួល និងកាលានុវត្តនភាព ដែលចាំបាច់ត្រូវប្រកាន់ខ្ជាប់ និងការលំបាក សាកល្បងដែលត្រូវជំនះពុះពារ ដើម្បីត្រៀមលក្ខណៈម្ចាស់ការយ៉ាងឆាប់រហ័សពីចម្ងាយ ក្នុងគ្រប់កាលៈទេសៈគឺត្រូវការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់មាតុភូមិ; ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម; រក្សាយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងបរិយាកាសសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅសង្គមនិយម។
អំពីការរៀបកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលពី ១៤ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ថា៖ កម្មាភិបាល ជាពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ គឺជាកត្តាសម្រេចចំពោះជោគជ័យ ឬបរាជ័យនៃបដិវត្តន៍ ដោយផ្សារភ្ជាប់ជាមួយជោគវាសនារបស់បក្ស របស់ប្រទេសជាតិ និងរបប។ ក្នុងការងារកម្មាភិបាល ការរៀបចំកម្មាភិបាលគឺជាជំហានដើមដំបូង មានអត្ថន័យដ៏សំខាន់ ហើយជាមូលដ្ឋានដើម្បីបំពេញល្អការងារបណ្តុះបណ្តាល បំពាក់បំប៉ន ចាត់តាំង និងប្រើប្រាស់កម្មាភិបាល។ ដូច្នេះហើយ លោកអគ្គលេខាបក្សបានស្នើឲ្យមជ្ឈឹមពង្រីកស្មារតីទទួលខុសត្រូវ សត្យានុម័ត មានទឹកចិត្តស្មោះត្រង់ក្នុងការពិភាក្សាលើឯកសារ និងគម្រោងរៀបចំកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។
តាមផែនការ សន្និបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១៣ នឹងបិទនាថ្ងៃទី ៨ តុលាខាងមុខ។រាល់ការសម្រេចនៃសន្នបាតនឹងជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមអភិវឌ្ឍន៍តាមទិសដៅដ៏ត្រឹមត្រូវក្នុងរយៈពេលខាងមុខផងដែរ៕