សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនង វៀតណាម-សហព័ន្ធរុស្ស៊ី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី ១៩ មិថុនា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ 
សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនង វៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ VNA)

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹខួបលើកទី ៣០ ទិវាប្រទេសទាំងពីរ ចុះហត្ថលេខាលើសន្ធិសញ្ញាទំនាក់ទំនងមិត្តភាពថ្មី (១៦ មិថុនា ១៩៩៤ - ១៦ មិថុនា ២០២៤) បញ្ជូនសារដ៏ខ្លាំងក្លាស្ដីពីការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរបង្កើតកម្លាំងចលករជំរុញទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានអត្ថន័យដ៏សំខាន់ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម និងសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ និងលើកកំពស់ថែមទៀត ក្នុងស្ថានភាពថ្មី ជាពិសេសក្នុងបរិបទដែលប្រទេសទាំង ២ កំពុងខិតខំប្រឹងប្រែងអនុវត្តន៍សេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់ឆ្នាំ ២០៣០។

មូលដ្ឋានគ្រឹះដ៏រឹងមាំគឺជាទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួត

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ មក ទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពសូវៀតកាលពីមុន និងសហព័ន្ធរុស្ស៊ីបច្ចុប្បន្នតែងតែមានស្ថិរភាពតាមពេលវេលា ហើយអភិវឌ្ឍន៍កាន់តែជ្រាលជ្រៅលើគ្រប់វិស័យ។ ទោះបីជាមានការផ្លាស់ប្ដូររបបនយោបាយក៏ដោយ ប៉ុន្តែប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមកជាដៃគូ និងជាមិត្តដ៏សំខាន់ជួរមុខ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានអះអាងថា៖

“ក្នុងរយៈពេល ៧៥ ឆ្នាំដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក៏ដូចជា រយៈពេល ២៥ ឆ្នាំដែលប្រធានាធិបតី V. Putin បានកាន់អំណាចនៅរុស្ស៊ីក្នុងមុខតំណែងផ្សេងៗគ្នា ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានការផ្លាស់ប្តូរជាច្រើន ហើយមានជំហានអភិវឌ្ឍន៍ថ្មីយ៉ាងខ្លាំងក្លា។ ប៉ុន្តែមានប្រការមួយដែលមិនផ្លាស់ប្ដូរឡើយ នោះគឺមនោសញ្ចេតនាមិត្តភាព ស្មោះស្ម័គ្រដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានាធិបតី V.Putin ក៏ជាមនុស្សម្នាក់ ដែលស្រលាញ់វៀតណា ហើយមានមនោសញ្ចេតនាជាមួយវៀតណាមផងដែរ”។

ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី ក្នុងឆ្នាំ ១៩៩៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព ក្នុងនោះអះអាងថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងដោយឈរលើគោលការណ៍គោរពឯករាជ្យភាព និងអធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍ដូចគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ។ សន្ធិសញ្ញានេះបានកត់សម្គាល់សញ្ញាសម្គាល់ដ៏សំខាន់ នាំទំនាក់ទំនងវៀតណាម និងសហព័ន្ធរុស្ស៊ីវិវឌ្ឍន៍ តម្លើងថ្នាក់ពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ លោក Nguyen Dang Phat អគ្គលេខាធិការសមាគមមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ថា៖

“ក្រោយពេលចុះហត្ថលេខាលើសន្ធិសញ្ញាមូលនិធិនោះ ក្នុងឆ្នាំ ២០០១  ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Putin ភាគីទាំងពីរបានចុះហត្ថលេខាលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះគឺជាទំនាក់ទំនងភាពជាដៃគូគូយុទ្ធសាស្ត្រដើមដំបូងរបស់វៀតណាមជាមួយប្រទេសមួយ។ ក្រោយមក នាឆ្នាំ ២០១២ ទំនាក់ទំនងនេះត្រូវបានតម្លើងថ្នាក់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។  ត្រូវតែមានការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏ខ្ពស់ ទើបអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូច្នេះ។ បច្ចុប្បន្ននេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើឯកសារច្បាប់ជាមូលដ្ឋានប្រមាណ ៨០ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ”។

បង្កើនកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពថ្មី

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនង វៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi (រូបថត៖ VNA)

ក្នុងបរិបទថ្មី ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ វៀតណាម និងសហព័ន្ធរុស្ស៊ីបានឯកភាពគ្នាផ្ដល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះឯកភាពគ្នាថា ថាមពល និងប្រេងឧស្ម័នបន្តជាចំណុចភ្លឺ ហើយចាំបាច់ត្រូវជំរុញថែមទៀត  និងសហការគ្នាទាញយកជាអតិបរមាផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរុប។ លើសពីនេះ បន្តរក្សាការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជន ដោយចាត់ទុកថានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានមានប្រសាសន៍ថា៖

“ថ្វីត្បិតតែវៀតណាម និងសហព័ន្ធរុស្ស៊ីមានប្រការដ៏ខុសប្លែកពីគ្នាច្រើនក៏ដោយ ប៉ុន្តែការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនយ៉ាងជិតស្និទ្ធ  រឹងមាំ ស្មោះត្រង់អស់ពីចិត្ត ពីថ្លើមដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរ។ អាចនិយាយបានថា នេះគឺជាចំណុចភ្លឺគួជាទីមោទនៈរវាងប្រទេសទាំងពីរ”។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក V.Putin លើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សា និងតម្រង់ទិសដៅសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដល់ឆ្នាំ ២០៣០ កំណត់យ៉ាងច្បាស់លាស់ថែមទៀតនូវវិស័យសហប្រតិបត្តិការដ៏សំខាន់ៗ។ រាល់គោលដៅរយៈពេលវែង និងផែនការសកម្មភាពជាក់ស្ដែងនឹងត្រូវបានដាក់ចេញ សំដៅធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីនាពេលអនាគត។

លើសពីនេះ ដំណើរទស្សនកិច្ចលើកនេះ ក៏ជាឱកាសសម្រាប់ភាគីទាំងពីរអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ បង្កើតកម្លាំងចលករជំរុញទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ