(VOVWORLD) - យោងតាមរបាយការណ៍សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDR) ដែលត្រូវបានកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) ប្រកាសនៅដើមខែឧសភាថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់។ នេះជាលទ្ធផល នៃការអនុវត្តរាល់ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជំរុញវឌ្ឍនភាពក្នុងការអភិវឌ្ឍមនុស្ស។ ទន្ទឹមនឹងនេះ ក៏ជាសក្ខីភាពបញ្ជាក់ថា មនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។
ទិដ្ឋភាពទូទៅនៃពិធីប្រកាស "របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២៥" (រូបថត៖ UNDP នៅវៀតណាម) |
វៀតណាមបាននិងកំពុងបន្តកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ដោយមានគោលនយោបាយគោរព និងធានាសិទ្ធិមនុស្ស រួមបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍ទាំងអស់របស់ប្រទេសជាតិ។
សមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍមនុស្ស
របាយការណ៍របស់ UNDP បង្ហាញថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមក្នុងឆ្នាំ ២០២៣ សម្រេចបានកម្រិត ០,៧៦៦ ស្ថិតក្នុងក្រុមប្រទេសដែលមានការអភិវឌ្ឍមនុស្សខ្ពស់ ជាប់ចំណាត់ថ្នាក់ទី ៩៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៩៣ ជាប់ចំណាត់ថ្នាក់ទី ៥ នៅអាស៊ីអាគ្នេយ៍ កើនឡើង ១៤ កាំ បើធៀបនឹងឆ្នាំ ២០២២។ លោកស្រី Do Le Thu Ngoc ជំនួយការនៃតំណាងអចិន្ត្រៃយ៍ ប្រធានការិយាល័យកំណើនបរិយា ប័ន្នរបស់ UNDP ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “វៀតណាមមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស គឺ ០,៧៦៦ ដែលកើនឡើងបើធៀបនឹងការស្ទង់ មតិមុននេះ។ ចាប់តាំងពីឆ្នាំ ១៩៩០ រហូតមកដល់បច្ចុប្បន្ន សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាម ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផង ដែរ។ ប្រការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វឌ្ឍនភាពអភិវឌ្ឍន៍មនុស្ស។ ខណៈពេលដែលប្រទេសនានាជុំវិញពិភពលោកកំពុងតស៊ូដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍មនុស្សនោះ គឺនៅវៀត ណាម គោលនយោបាយរបស់រដ្ឋាភិបាលប្រហែលជាកំពុងជួយក្នុងទិសដៅវិជ្ជមានបន្ថែមទៀតលើបញ្ហានេះ”។
សន្ទស្សន៍ HDI របស់វៀតណាមដំណាក់កាល ១៩៩០ - ២០២៣ (រូបថត៖ UNDP នៅវៀតណាម) |
យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៥ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤៦ កើនឡើង ៨ កាំបើធៀបនឹងឆ្នាំ ២០២៤។ នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាគុណភាពជីវភាពរស់នៅ របស់មនុស្សមានភាពប្រសើរឡើងយ៉ាងច្បាស់ ហើយទន្ទឹមនឹងនោះ ឆ្លុះបញ្ចាំងពីឥទ្ធិពលវិជ្ជមាននៃគោលនយោបាយអភិវឌ្ឍន៍មនុស្ស។
ក្នុងរយៈពេលជិត ៤០ ឆ្នាំដែលអនុវត្តន៍ការផ្លាស់ប្តូរថ្មី បក្ស និងរដ្ឋវៀត ណាមបានអនុវត្តកម្មវិធីសេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើន ដើម្បីធានា និងលើកកំពស់គុណភាពនៃការរីករាយទទួលផលនឹងសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប។ ប្រការនេះត្រូវបានបង្ហាញតាមរយៈលទ្ធផលលេចធ្លោដូចជា៖ អត្រានៃភាពក្រីក្រពហុវិមាត្រជាតិក្នុងឆ្នាំ ២០២៤ គឺ ៤,០៦% ធ្លាក់ចុះ ១,៦៥% បើធៀបនឹងឆ្នាំ ២០២៣ កម្រិតកាត់បន្ថយភាពក្រីក្រត្រូវបានកត់ត្រាយ៉ាងខ្លាំង និងគួរអោយចាប់អារម្មណ៍ទាំងតាមស្តង់ដារជាតិ និងអន្តរជាតិ។ អត្រាគ្របដណ្តប់ការធានារ៉ាប់រងសុខាភិបាលទូទាំងប្រទេសនៅឆ្នាំ ២០២៤ ឈានដល់ ៩៤,១%; ការងារការពារ និងថែទាំសុខភាពប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ ហើយអាយុជីវិតរបស់មនុស្សក៏កើនឡើងឥតឈប់ឈរ...។
ជំរុញគោលនយោបាយអភិវឌ្ឍន៍មនុស្ស
ទស្សនៈឥតងាក់រ៉េរបស់បក្ស និងរដ្ឋវៀតណាមគឺយកមនុស្សជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុ ជាប្រភពធនធានសំខាន់បំផុត និងជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍន៍ ដោយធានាថាប្រជាជនទាំងអស់ទទួលបានសិទ្ធិមនុស្ស។
ទន្ទឹមនឹងកម្មវិធី និងគោលនយោបាយដែលកំពុងត្រូវបានអនុវត្ត នាពេលខាងមុខ ការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្សប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយនិរន្តរភាព ក៏នឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាផងដែរ។ ក្នុងនោះ គួរកត់សម្គាល់ថា ការិយាល័យនយោបាយបានសម្រេចលើកលែងថ្លៃសិក្សាទាំងអស់សម្រាប់សិស្សានុសិស្សប្រមាណ ២,៣ លាននាក់ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យសកលរបស់រដ្ឋក្នុងទូទាំងប្រទេស ចាប់ពីដើមឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។ គោលនយោបាយលើកលែងថ្លៃសិក្សា សំដៅលើវឌ្ឍនភាពសង្គម និងយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល Nguyen Kim Son (រូបថត៖ VOV) |
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានឲ្យដឹងថា៖ “នេះគឺជាការសម្រេចចិត្តដ៏ធំមួយ ហើយនឹងមានផលប៉ះពាល់មិនត្រឹមតែលើការអប់រំប៉ុណ្ណោះទេ ថែមទាំងនៅលើសង្គមទាំងមូលទៀតផង។ បង្កើតសមធម៌ក្នុងវិស័យអប់រំ សម្រួលដល់ការអប់រំជាសកល។ នេះនឹងក្លាយជាលក្ខខណ្ឌសម្រាប់វិស័យអប់រំក្នុងការបន្តរាល់ការផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពអប់រំ”។
បន្ទាប់ពីការលើកលែងថ្លៃសិក្សា លោកអគ្គលេខាបក្ស តូ ឡឹម នាពេលថ្មីៗនេះ ក៏បានលើកឡើងអំពីការផ្លាស់ប្តូរឆ្ពោះទៅរកការលើកលែងថ្លៃសេវាមន្ទីរពេទ្យសម្រាប់ប្រជាជនទាំងអស់ ក្នុងដំណាក់កាល ២០៣០-២០៣៥ ជាមួយនឹងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយបន្ទុកថ្លៃព្យាបាលជំងឺសម្រាប់ប្រជាជន។ គោលនយោបាយនេះគឺជារបកគំហើញដ៏សំខាន់មួយ បង្ហាញពីស្មារតីរបស់ប្រទេសមួយគឺសម្រាប់ប្រជាជន ដោយយកគុណភាពរស់នៅរបស់ប្រជាជនជាមជ្ឈមណ្ឌល។ សាស្ត្រាចារ្យរង បណ្ឌិត Bui Thi An ប្រធានសមាគមបញ្ញានារីហាណូយ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថា នេះជាគោលនយោបាយត្រឹមត្រូវ ដែលអនុវត្តន៍ជាក់ស្តែងរាល់គោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន គឺតែងតែយកចិត្តទុកដាក់ចំពោះសន្តិសុខសង្គម ដោយយកប្រជាជនជាឫសគល់ និងជាមជ្ឈមណ្ឌលសម្រាប់រាល់សកម្មភាពលើគ្រប់វិស័យ។ នេះក៏ជាការអនុវត្តជាក់ស្តែងការដែល មិនទុកនរណាម្នាក់នៅពីក្រោយដែរ។ ការសម្រេចចិត្តនេះ មិនត្រឹមតែជារបកគំហើញនៅក្នុងរយៈពេលខាងមុខ ដើម្បីធ្វើឱ្យសុខុមាលភាពសង្គមកាន់តែមានសមភាពសម្រាប់ប្រជាជនទាំងអស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ប្រជាជនវៀតណាមទាំងអស់ ដែលរស់នៅក្នុងប្រទេសនេះមានសិទ្ធិទទួលបានសុខុមាលភាពទៀតផង។ នេះក៏ជាការបោះជំហានដ៏ធំមួយក្នុងបញ្ហាសន្តិសុខសង្គមរបស់វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន”។
គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម សុទ្ធតែត្រូវបានកសាងឡើងដោយមានគោលដៅបំពេញតម្រូវការរបស់មនុស្ស ការពារសិទ្ធិប្រជាជន និងបង្កើតលក្ខខណ្ឌសម្រាប់មនុស្សគ្រប់រូបចូលរួមក្នុងដំណើរការអភិវឌ្ឍន៍។ ប្រការនេះបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍មនុស្សយ៉ាងទូលំទូលាយនិយាយដោយឡែក៕