៥ ឆ្នាំនៃ EVFTA - ការតំរង់ទិសកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងដំណាក់កាលថ្មី

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) បានចូល ជាធរមានចាប់ពីខែសីហា ឆ្នាំ ២០២០។ ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តន៍ EVFTA មិន ត្រឹមតែអះអាងនូវទំនុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាម និង EU ប៉ុណ្ណោះទេ ថែម ទាំងជាឧបករណ៍សំខាន់ដើម្បីតភ្ជាប់ទ្វីបទាំងពីរ ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងភាគី ទាំងពីរយ៉ាងខ្លាំងក្លា។

ក្រឡេកមើលឡើងវិញនូវដំណើរដែលបានឆ្លងកាត់ ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីកំណត់រូបរាងនៃកិច្ចសហប្រតិបត្តិការជាយុទ្ធ សាស្ត្រក្នុងស្ថានភាពថ្មី។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក EVFTA បានបង្ហាញពីតួនាទីជាឧបករណ៍ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមិនត្រឹមតែជំរុញខ្លាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង EU ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយការ អាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង។ ទោះជាយ៉ាងណាក៏ដោយ សក្តានុ ពលសម្រាប់ការធ្វើអាជីវកម្ម EVFTA នៅតែមានច្រើន ហើយភាគីទាំងពីរបានឯកភាព ថា ចាំបាច់ត្រូវបន្តពង្រីកឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សន្ទុះថ្មីសម្រាប់ពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប

ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និង EU បានកើនឡើងជាទៀងទាត់ក្នុងអត្រា ១២-១៥% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ការនាំចេញរបស់វៀត ណាមទៅកាន់សហភាពអឺរ៉ុប បានកត់ត្រានូវការពន្លឿនល្បឿន។ ផ្ទុយទៅវិញ អាស្រ័យដោយមាន EVFTA ផលប្រយោជន៍សម្រាប់សហគ្រាសអឺរ៉ុបក៏គួរឲ្យកត់ សម្គាល់ផងដែរ។ យោងតាមការស្ទង់មតិសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) ដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) នាពេលថ្មីៗនេះ មានរហូតដល់ ៥៨% នៃចំនួនសហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមបង្គួរ ហើយ ១៧% មានសុទិដ្ឋិនិយម ខ្លាំងចំពោះយថាទស្សន៍អាជីវកម្មនៅវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្នុង សិក្ខាសាលា "កិច្ចព្រមព្រៀង EVFTA៖ លទ្ធផលនៃការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំកន្លង មក និងទិសដៅអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងស្ថានភាពថ្មី" ដែលធ្វើឡើងនៅ ប្រទេសបែលហ្ស៊ិក នាថ្ងៃទី ៦ ខែមិថុនា លោកស្រី Lin Goethals នាយិកាវិទ្យាស្ថាន អឺរ៉ុបស្រាវជ្រាវអំពីអាស៊ីបានធ្វើអត្ថាធិប្បាយថា៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA បានជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លា។ ទោះបីជានៅតែមានសក្តានុពលជាច្រើនដែលមិនទាន់ត្រូវបាន ធ្វើអាជីវកម្មក៏ដោយ ប៉ុន្តែតួរលេខស្ថិតិអំពីកំណើនទាំងនេះគឺជាភស្តុតាងច្បាស់ លាស់”។

៥ ឆ្នាំនៃ EVFTA - ការតំរង់ទិសកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងដំណាក់កាលថ្មី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក និង EU លោក Nguyen Van Thao ថ្លែងក្នុងសិក្ខាសាលា “EVFTA៖ លទ្ធផលនៃការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំកន្លងមក និងទិសដៅសម្រាប់ការធ្វើអាជីវកម្មកាន់តែមានប្រសិទ្ធភាពក្នុងស្ថានភាពថ្មី”។ (រូបថត៖ Huong Giang/VNA)

មិនត្រឹមតែជាដៃគូដែលដើរតួនាទីមជ្ឈភាពរបស់គ្នាទៅវិញទៅមកក្នុងយុទ្ធសាស្ត្រតំបន់ប៉ុណ្ណោះទេ EU ថែមទាំងវាយតម្លៃកាន់តែខ្ពស់ចំពោះតួនាទីរបស់វៀត ណាមក្នុងយុទ្ធសាស្ត្រតំបន់របស់ខ្លួនទៀតផង។ ឋានៈរបស់វៀតណាមក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានចាត់ទុកថា ជាប្រៀបខ្លាំងដ៏ធំសម្រាប់សហ គ្រាសអឺរ៉ុប ដោយសារទំនិញរបស់សហភាពអឺរ៉ុបអាចងាយស្រួលចូលទៅកាន់ទីផ្សារ អាស៊ីសំខាន់ៗដែលមានកម្លាំងប្រើប្រាស់ដ៏ធំ ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសសមាជិកអាស៊ាន។ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបែលហ្ស៊ិក និង EU បានឲ្យដឹងថា៖

“ខ្ញុំគិតថានេះជាពេលដែលភាគីទាំងពីរនឹងជួបគ្នាលើបញ្ហាតម្រូវការ។ ៥ ឆ្នាំកន្លងមកក៏បានផ្តល់ឱ្យ EU នូវបទពិសោធន៍ច្បាស់លាស់ដែលថា EU ក៏ត្រូវការទាញយក អត្ថប្រយោជន៍ដែល EVFTA នាំមកជូន ជាពិសេសជាមួយដៃគូដែលមានសក្តានុពល”។

៥ ឆ្នាំនៃ EVFTA - ការតំរង់ទិសកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងដំណាក់កាលថ្មី - ảnh 2គណៈប្រតិភូចូលរួមសិក្ខាសាលាស្វែងយល់អំពីផលិតផល OCOP របស់វៀតណាម។ (រូបថត៖ Huong Giang/VNA)

ធ្វើពិពិធកម្មវិស័យសហប្រតិបត្តិការ

ក្នុងបរិបទថ្មី វៀតណាម និង EU មានកត្តាជាច្រើនដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ នោះគឺរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃភាគីទាំងពីរមានការបំពេញ បន្ថែមឲ្យគ្នាជាជាងការប្រកួតប្រជែងគ្នា ជាពិសេសនៅក្នុងបរិបទដែលពិភពលោកកំពុង ត្រូវការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ទាំងវៀតណាម និង EU មានភាពឯកឆ័ន្ទគ្នា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់ ធានាបាននូវសមភាព តម្លាភាព និងនិរន្តរភាព។ សំខាន់ជាងនេះទៅទៀត ភាគីទាំងពីរមានការសន្យាយ៉ាង មុតមាំចំពោះទំនាក់ទំនងទ្វេភាគី។

ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី វៀតណាមកំពុងធ្វើការកែទម្រង់ស្ថាប័នយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជួយលើក កម្ពស់សមត្ថភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគ ជំរុញកម្លាំងចលករកំណើនថ្មី ដោយផ្តោតលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទាំងនេះគឺជាវិស័យ ដែល EU មានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការអភិវឌ្ឍន៍ជាបន្ទាន់។ លោក Luliu Winkler នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) សភាអឺរ៉ុប បានមាន ប្រសាសន៍ថា៖

“ក្រៅពីវិស័យដូចជាកសិផល ឥណទាន និងភេសជ្ជៈ នៅតែមានវិស័យសក្តានុពលសំខាន់ៗជាច្រើនទៀតសម្រាប់សហគ្រាសនៃភាគីទាំងពីរ។ ដូច្នេះហើយ ខ្ញុំរំពឹងថា EVFTA នឹងនាំមកនូវកាលានុវត្តភាពបន្ថែមទៀត នាំមកនូវផលប្រយោជន៍ដល់ ប្រជាជន និងសហគ្រាសទាំងវៀតណាម និង EU”។

កំណែទម្រង់ស្ថាប័នដ៏ទូលំទូលាយរបស់វៀតណាមបាននាំមកនូវទំនុកចិត្តដល់វិនិយោគិន EU។ លោក Frederic Hai Au Nguyen នៃក្រុមហ៊ុន P&V ដែលប្រតិបត្តិការក្នុងវិស័យថាមពលបានសម្តែងថា៖

“ខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀត។ យើងទទួលបានលទ្ធផលវិជ្ជមានយ៉ាងខ្លាំងបន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំចាប់តាំង ពី EVFTA ត្រូវបានចុះហត្ថលេខា និងចូលជាធរមាន ហើយប្រាកដប្រជាថា យើង នៅតែមានសក្តានុពល និងឱកាសសហប្រតិបត្តិការច្រើនទៀត”។

ជាមួយនឹងលទ្ធផលច្បាស់លាស់បន្ទាប់ពីរយៈពេល ៥ ឆ្នាំអនុវត្តន៍ EVFTA បន្ត ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យអភិវឌ្ឍន៍យ៉ាងជាក់ស្ដែង ប្រកបដោយតុល្យភាព និងនិរន្តរភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ