AIPA - ៤៥៖ ជំរុញសមាហរណកម្មនិងកំណើនរួមរបស់អាស៊ាន

(VOVWORLD) - មហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៥ (AIPA-៤៥) ប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ (ឡាវ) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែតុលា។ ដោយប្រធានបទ "តួនាទីសភាក្នុងការជំរុញការតភ្ជាប់និងកំណើនគ្រប់ជ្រុងជ្រោយរបស់អាស៊ាន"AIPA-៤៥បង្ហាញនូវសារដ៏ខ្ជាប់ខ្ជួនរបស់ AIPA អំពីការពង្រឹងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងរវាងអាស៊ានជាមួយដៃគូខាងក្រៅ បង្រួញគម្លាតអភិវឌ្ឍន៍ ឆ្ពោះទៅរកសហគមន៍អាស៊ាន ប្រកបដោយភាពធន់ ភាពស្អិតរមួត វិបុលភាព និងយកប្រជាជនជាមជ្ឈភាព។

AIPA - ៤៥៖ ជំរុញសមាហរណកម្មនិងកំណើនរួមរបស់អាស៊ាន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួម AIPA-៤៥។ (រូបថត៖ VOV)

ការពង្រឹងឋានៈនិងតួនាទីមជ្ឈភាពរបស់អាស៊ាន

ការជ្រើសរើសប្រធានបទនៃមហាសន្និបាត AIPA-៤៥ ថា "តួនាទីសភាក្នុងការជំរុញការតភ្ជាប់និងកំណើនគ្រប់ជ្រុងជ្រោយរបស់អាស៊ាន" គឺស្របតាមប្រធានបទទូទៅរបស់អាស៊ានក្នុងឆ្នាំនេះ គឺ "អាស៊ាន៖ ជំរុញការតភ្ជាប់ និងភាពធន់" ដោយសង្កត់ធ្ងន់លើការសន្ទនា និងការពិគ្រោះយោបល់របស់អាស៊ាន AIPA សភានៃប្រទេសសង្កេតការណ៍ និងដៃគូនានារបស់ AIPA ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងពង្រឹងឋានៈក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ានផងដែរ។

ដើម្បីសម្រេចបាននូវសសរស្តម្ភទាំងពីរនៃ "ការតភ្ជាប់" និង "កំណើនគ្រប់ជ្រុងជ្រោយ" ដែលជាប្រធានបទនៃ AIPA - ៤៥ សភាសមាជិក AIPA ចាំបាច់ត្រូវបង្កើតកម្លាំងសរុប រួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានដើម្បីគោលដៅកំណើនលើគ្រប់ជ្រុងជ្រោយអាស៊ាន។

ដោយឈរលើមូលដ្ឋាននោះ នៅ AIPA-៤៥ គណៈប្រតិភូនឹងចូលរួមកិច្ចប្រជុំចំនួន ១២ ដើម្បីពិចារណា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ៣៨ លើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច សង្គម នារី និងយុវជន… មហាសន្និបាត AIPA-៤៥ ក៏ពិភាក្សាអំពីបញ្ហានានាដើម្បីបង្កើនការតភ្ជាប់ក្នុងអាស៊ាន និងការតភ្ជាប់អាស៊ានជាមួយតំបន់ផ្សេងទៀត សំដៅពង្រឹងសេដ្ឋកិច្ចអាស៊ាន លើកកម្ពស់ជីវភាពរស់នៅប្រជាជន និងរួមគ្នាឈានទៅមុខដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

វាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមនៅក្នុង AIPA

ការដែលប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួម AIPA-៤៥ គឺមានអត្ថន័យដ៏សំខាន់ ដោយបង្ហាញពីការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ដើម្បីរួមជាមួយសភាសមាជិកដទៃទៀត ពង្រឹងតួនាទីមជ្ឈភាព សាមគ្គីភាព និងឯកភាពក្នុងអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុក ពង្រីកទំនាក់ទំនងលើវិស័យជាច្រើនជាមួយសភានៃប្រទេសទាំងក្នុងនិងក្រៅតំបន់។ ម៉្យាងវិញទៀត វាបង្ហាញពីការគាំទ្ររបស់រដ្ឋសភាវៀតណាមចំពោះរដ្ឋសភាឡាវ ដើម្បីធានាប្រកបដោយជោគជ័យនូវបេសកកម្មអន្តរជាតិក្នុងឆ្នាំ ២០២៤ រួមទាំងការកាន់តំណែងជាប្រធានអាស៊ាន/AIPA និងការរៀបចំមហាសន្និបាត AIPA ៤៥ ដោយជោគជ័យផងដែរ។ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោកស្រី Le Thu Ha បានឲ្យដឹងថា៖

“ដោយឈរលើមូលដ្ឋាននៃប្រធានបទរួមនៃមហាសន្និបាត បញ្ហាកង្វល់ និងស្របតាមនិន្នាការក្នុងតំបន់ វៀតណាមបានស្នើគំនិតផ្តួចផ្តើមចំនួន ៤ ក្នុងទម្រង់ជាសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៅឯកិច្ចប្រជុំសមាជិកសភាវ័យក្មេង AIPA គណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំសមាជិកសភាស្ត្រី AIPA និងគណៈកម្មាធិការសេដ្ឋកិច្ច។ គណៈប្រតិភូវៀតណាមក៏បានពិចារណាសហការគាំពារសេចក្ដីសម្រេចចិត្តចំនួន៦ផ្សេងទៀតផងដែរ”។

គំនិតផ្តួចផ្តើមចំនួន ៤ ក្នុងទម្រង់ជាសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលវៀតណាមបានស្នើឡើង គឺសេចក្តីសម្រេចចិត្តស្តីពី “ការពង្រឹងតួនាទីសមាជិកសភាវ័យក្មេងអាស៊ានក្នុងការអនុវត្តសេចក្តីថ្លែងការណ៍សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ ស្តីពីការជំរុញការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍”; សេចក្តីសម្រេចចិត្តស្តីពី “ការបង្កើនសិទ្ធិ អត្ថប្រយោជន៍សង្គម និងឱកាសការងារសម្រាប់មនុស្សចាស់ក្នុងតំបន់អាស៊ាន”; សេចក្តីសម្រេចចិត្តស្តីពី “ការជំរុញការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារីក្នុងតំបន់អាស៊ាន” សេចក្តីសម្រេចចិត្តស្តីពី “ការលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការតភ្ជាប់ចរាចរណ៍ អាកាសចរណ៍ និងកំពង់ផែសមុទ្រក្នុងតំបន់អាស៊ាន”។ អនុប្រធានរដ្ឋសភាឡាវ លោកស្រី Sounthone Xayachak មានប្រសាសន៍ថា៖

“យើងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសការរួមចំណែកយ៉ាងសកម្មរបស់រដ្ឋសភាវៀតណាមក្នុងវេទិកា AIPA តាមរយៈការផ្តល់មតិយោបល់ និងទស្សនៈប្រកបដោយលក្ខណៈស្ថាបនា លើបញ្ហានានាដែលប្រទេសទាំងអស់ក្នុងតំបន់កំពុងប្រឈមមុខ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលនៅឆ្នាំ ២០២៤ ឡាវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងទី ៤៥ ហើយរដ្ឋសភាឡាវធ្វើជាប្រធាន AIPA-៤៥ រដ្ឋសភាវៀតណាមបានប្រកៀកស្មាជាមួយយើងខ្ញុំ និងជួយឧបត្ថម្ភខាងសម្ភារៈសម្រាប់កិច្ចប្រជុំសំខាន់ៗទាំងនេះ ហើយជាពិសេស វៀតណាមក៏បានបញ្ជូនអ្នកជំនាញ និងអ្នកបច្ចេកទេសទៅជួយឡាវផងដែរ។ ជាពិសេស ការដែលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំ AIPA-៤៥ បាននាំមកនូវកម្លាំងចលករដ៏ខ្លាំងក្លាដល់ប្រទេសម្ចាស់ផ្ទះ និងរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃកិច្ចប្រជុំលើកនេះ”។

AIPA គឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារតំណាងឱ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសអាស៊ាន។ ក្នុងបរិបទពិភពលោកបច្ចុប្បន្ន សាមគ្គីភាពនិងការគាំទ្រគ្នាទៅវិញទៅមករវាងសភានៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាការរួមចំណែកយ៉ាងសកម្មរបស់សភានៃប្រទេសសមាជិក រួមទាំងវៀតណាម ចំពោះ AIPA គឺជាកត្តាសំខាន់ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពស្អិតរមួត វិបុលភាព និងជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ