EU ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រថ្មីជាមួយចិន និង​ជប៉ុន

(VOVWORLD) - មេដឹកនាំសហភាពអឺរ៉ុប (EU) នាសប្តាហ៍កន្លងទៅ បានធ្វើដំណើរទស្សនកិច្ចដ៏សំខាន់មួយទៅកាន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសជប៉ុន និងចិន។ ក្នុងបរិបទដែលទំនាក់ទំនងជាមួយអាមេរិកជួបប្រទះបញ្ហាប្រឈមជាច្រើន ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខជាមួយមហាអំណាចនៅអាស៊ី មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហភាពអឺរ៉ុប។

មេដឹកនាំកំពូលទាំងពីររបស់ EU គឺប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានដឹកនាំគណៈប្រតិភូ EU ទៅចូលរួមកិច្ចប្រជុំកំពូល EU-ជប៉ុន នៅទីក្រុងតូក្យូ (ជប៉ុន) នាថ្ងៃទី ២៣ កក្កដា និងកិច្ចប្រជុំកំពូល EU-ចិន នៅទីក្រុងប៉េកាំង (ចិន) នៅថ្ងៃទី ២៤ កក្កដា។

EU ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រថ្មីជាមួយចិន និង​ជប៉ុន - ảnh 1កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិនលើកទី២៥ ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ Andres Martinez Casares/REUTERS

ស្វែងរកតុល្យភាពជាមួយចិន

ជាចំណុចស្នូលក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥) កិច្ចប្រជុំកំពូល EU-ចិន នៅថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានសហភាពអឺរ៉ុប និងចិនចាត់ទុកជាចំណុចរបត់ដ៏សំខាន់ ក្នុងទំនាក់ទំនងទ្វេភាគី ទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ សម្រាប់ EU ប្រធានបទសំខាន់ពីរដែលប្លុកចង់ស្វែងរកការឯកភាពពីប្រទេសចិនគឺការកសាងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មដែលមានតុល្យភាពជាងមុន ហើយចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ីដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ ទាំងនេះក៏ជាអាទិភាពដែលលោកស្រី Ursula von der Leyen លើកឡើងច្រើនបំផុតក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang។

យោងតាមប្រធាន EC បានឲ្យដឹងថា សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មរហូតដល់ជាង ៣០០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំជាមួយប្រទេសចិន រួមជាមួយនឹងអតុល្យភាពនៃការបើកចំហទីផ្សាររបស់ភាគីនីមួយៗ ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីពិបាករក្សានិរន្តរភាព។ លើសពីនេះ សហភាពអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភចំពោះការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន ឬការប្រកួតប្រជែងក្នុងវិស័យរថយន្តអគ្គិសនី។ ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន សហភាពអឺរ៉ុបជឿជាក់ថា ប្រទេសចិនជាមួយនឹងតួនាទី ឥទ្ធិពល និងទំនួលខុសត្រូវរបស់ខ្លួន ត្រូវជំរុញខ្លាំងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងចរចាពីភាគីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លើប្រធានបទទាំងពីរនេះ សហភាពអឺរ៉ុប និងចិនមិនបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗណាមួយឡើយ ក្រៅពីការទទួលស្គាល់សុច្ឆន្ទៈក្នុងការសន្ទនាដោយស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក អំពីការខ្វែងគំនិតគ្នា។

យោងតាមលោក Fabian Zuleeg ប្រធានសេដ្ឋវិទូនៅមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប (EPC) នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) សហភាពអឺរ៉ុប និងចិនមានការសន្ទនាដោយស្មោះត្រង់ ប៉ុន្តែគ្មានរបក់គំហើញ គឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលភាគីទាំងពីរនៅមានបញ្ហាជំពាក់ជំពិនជាច្រើន ហើយភាគីទាំងពីរ ជាពិសេស EU មានការប្រុងប្រយ័ត្នខ្ពស់ ដោយបារម្ភពីផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅពេលដែលជិតដល់ថ្ងៃកំណត់ (១ សីហា) ដើម្បីឱ្យភាគីនានាឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធគយ។

“អ្វីដែលកើតឡើងរវាងសហរដ្ឋអាមេរិក និងចិនក៏ជិះឥទ្ធិពលលើសហភាពអឺរ៉ុបដែរ។ អ្វីគ្រប់យ៉ាងគឺជាប់ទាក់ទងគ្នាលើវិស័យនយោបាយ។ EU កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់។ ទាំងអស់នេះធ្វើឲ្យកិច្ចប្រជុំកំពូលមិនងាយស្រួលនោះទេ”។

ទោះបីជាមិនមានរបក់គំហើញក៏ដោយ សហភាពអឺរ៉ុប-ចិនក៏សម្រេចបានលទ្ធផលមួយចំនួនផងដែរ ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើបញ្ហាបរិស្ថាន និងអាកាសធាតុ នៅពេលដែលសហភាពអឺរ៉ុប និងចិនត្រូវបានចាត់ទុកជាសសរស្តម្ភនៃការរក្សាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួន។ លើសពីនេះ លោក Xi Jinping ប្រធានរដ្ឋចិនក៏បានដាក់សំណើរចំនួនបីសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-សហភាពអឺរ៉ុបនាពេលអនាគត រួមទាំងការគោរពគ្នាទៅវិញទៅមក; បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការ និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ; អនុវត្តពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។

EU ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រថ្មីជាមួយចិន និង​ជប៉ុន - ảnh 2កិច្ចប្រជុំកំពូល EU-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ David Mareuil/REUTERS

បើកដំណើរការសម្ព័ន្ធភាពប្រកួតប្រជែង EU-ជប៉ុន

មិនដូចការលំបាកក្នុងការបង្កើតរបកគំហើញសម្រាប់ទំនាក់ទំនង EU-ចិននោះទេ កិច្ចប្រជុំកំពូល EU-ជប៉ុន កាលពីមុននោះ នៅទីក្រុងតូក្យូបានជំរុញថែមទៀតនូវទំនាក់ទំនងជាសម្ព័ន្ធមិត្តប្រពៃណីរវាងសហភាពអឺរ៉ុបជាមួយមហាអំណាចសេដ្ឋកិច្ចទីពីររបស់អាស៊ី។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល EU-ជប៉ុន មេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបំផុសជាផ្លូវការនូវ "សម្ព័ន្ធភាពប្រកួតប្រជែង" សំដៅពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្រ និងបង្កើនស្វ័យភាពសេដ្ឋកិច្ចក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយសកល និងបញ្ហាប្រឈមពីសហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើង។

យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរនឹងពង្រឹងការសម្របសម្រួលគោលនយោបាយក្នុងវិស័យឧស្សាហកម្ម ថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងជំរុញកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ជាប្រចាំផងដែរ។ យន្តការនេះនឹងរួមចំណែក តម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ចាប់ពីការឆ្លើយតបទៅនឹងហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់ការការពារបច្ចេកវិទ្យាសំខាន់ៗ និងការជំរុញវិនិយោគផងដែរ។ អ្នកវិភាគមួយចំនួនជឿជាក់ថា នេះអាចជាជំហានដំបូងសម្រាប់ EU ឆ្ពោះទៅរកការបង្កើតយន្តការពាណិជ្ជកម្មពហុភាគីថ្មីមួយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធាន EC លោកស្រី Ursula von der Leyen បានឲ្យដឹងថា៖ “យើងជឿជាក់លើការប្រកួតប្រជែងជាសកល ហើយប្រការនេះ គួរតែនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងអស់។ នោះហើយជាមូលហេតុដែល EU កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយសមាជិក CPTPP មិនត្រឹមតែដើម្បីការពារពាណិជ្ជកម្មបើកចំហប៉ុណ្ណោះទេ ថែមទាំងកំណត់រូបរាងរបស់វាទៀតផង។ សហភាពអឺរ៉ុប និងបណ្តាប្រទេស CPTPP អាចរួមគ្នាដឹកនាំកំណែទម្រង់សំខាន់ៗរបស់ WTO តាមរយៈនោះ បទប្បញ្ញត្តិស្តីពីពាណិជ្ជកម្មសកលអាចឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនាបច្ចុប្បន្ន និងហានិភ័យនាពេលអនាគត”។

ទិដ្ឋភាពសំខាន់មួយទៀតនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ EU-ជប៉ុន គឺការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបានសម្រាប់ប្រភេទរ៉ែយុទ្ធសាស្ត្រនិងសម្ភារៈសំខាន់ៗក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការពារជាតិ និងថាមពលកកើតឡើងវិញ។ លើសពីនេះ EU និងជប៉ុនក៏បានសន្យាសម្របសម្រួលដើម្បីការពារបច្ចេកវិទ្យាដែលទើបលេចចេញ ជំរុញការស្រាវជ្រាវរួមគ្នាលើវិស័យ AI, semiconductors និងបច្ចេកវិទ្យា ៦G។ យោងតាមនាយករដ្ឋមន្ត្រី ជប៉ុន លោក Shigeru Ishiba ភាគីទាំងពីរក៏បានបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងការពារព័ត៌មានជប៉ុន-សហភាពអឺរ៉ុប (JPIPA) ក៏ដូចជាកិច្ចសន្ទនាឧស្សាហកម្មការពារជាតិក្នុងវិស័យឯកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ