សហគ្រាសខេត្ត Ha Nam ឆ្ពោះទៅរកផលិតកម្មបៃតង
(VOVWORLD) - សហគ្រាសដែលស្ថិតនៅខេត្ត Ha Nam កំពុងអនុវត្តដំណោះស្រាយជាច្រើនដោយ ឆ្ពោះទៅរកផលិតកម្មបៃតង។ ការអនុវត្តផលិតកម្មបៃតងមិនត្រឹមតែជួយអាជីវកម្ម សន្សំធនធាន និងចំណោយផលិតកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយ ការបំពុលបរិស្ថាន បង្កើនការប្រកួតប្រជែងនៃផលិតផល និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សួនឧស្សាហកម្ម Dong Van II (Ha Nam) (រូបថត៖ TTXVN) |
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកញ្ចក់សុវត្ថិភាពនិងសន្សំសំចៃថាមពល Thien Son ដែលមានទីតាំងនៅក្នុងចង្កោមឧស្សាហកម្ម និងឧស្សាហកម្មធុនតូច Thi Son ស្រុក Kim Bang ខេត្ត Ha Nam គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសដែលបាននិងកំពុងដាក់ពង្រាយយ៉ាងសកម្មនូវគំរូផលិតកម្មបៃតង។ នាពេលកន្លងមកនេះ ទន្ទឹមនឹងការជំរុញផលិតកម្មនិងស្វែងរកទីផ្សារប្រើប្រាស់ថ្មី ក្រុមហ៊ុនក៏បានផ្តោតលើគោលដៅកាត់បន្ថយការបំភាយឧស្ម័ន ផ្លាស់ប្តូរទៅដំណោះស្រាយការសន្សំសំចៃថាមពល និងការប្រើប្រាស់សម្ភារៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន។
ក្រុមហ៊ុនបានធ្វើការវិនិយោគលើខ្សែសង្វាក់បច្ចេកវិទ្យាដើម្បីផលិតកញ្ចក់ ធន់នឹងទម្ងន់ កញ្ចក់អ៊ីសូឡង់តាមស្តង់ដារអឺរ៉ុប ដោយមានដើមទុន វិនិយោគសរុបរាប់សិបពាន់លានដុង។ ជាមួយនឹងការរចនាចម្រុះ តម្លៃសមរម្យ រួមជាមួយនឹងការធានាគុណភាព កត្តាបរិស្ថាន ផលិតផលដែលផលិតដោយរោងចក្របានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃគម្រោងសំណង់ទំនើបៗទាំងក្នុងនិងក្រៅខេត្ត។ លើសពីនេះ បច្ចេកវិទ្យាទំនើប បានរួមចំណែកកាត់បន្ថយការចំណាយប្រហែល ២០% នៃដំណើរការផលិត សន្សំសំចៃវត្ថុធាតុដើម ដោយហេតុនេះជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារបរិស្ថាន។ លោកស្រី Nguyen Thi Hue នាយិការក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកញ្ចក់សុវត្ថិភាពនិងសន្សំសំចៃថាមពល Thien Son បានឲ្យដឹងថា៖ “ក្រៅពីលើលក្ខណៈវិនិច្ឆ័យអំពីគុណភាពនិងកិត្យានុភាព យើងខ្ញុំក៏បានដាក់លក្ខណៈ វិនិច្ឆ័យការពារបរិស្ថានជាចម្បង ព្រោះនេះជានិន្នាការចំបាច់របស់ទីផ្សារ។ ដើម្បីធានាបាននូវបញ្ហាអំពីបរិស្ថាន យើងក៏ប្រមូលសម្ភារៈនៅសល់ក្នុងដំណើរការផលិត សម្រាប់ផលិតឡើងវិញ។ ទាក់ទងនឹងប្រភពទឹក យើងបានសាងសង់អាងស្តុកទឹក និងអាងចម្រោះទឹកសម្រាប់ប្រើប្រាស់ឡើងវិញក្នុងដំណើរការផលិត ដោយហេតុនេះបង្កើតប្រតិកម្មល្អក្នុងការកាត់បន្ថយចំណាយក្នុងផលិតកម្ម”។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកញ្ចក់សុវត្ថិភាពនិងសន្សំសំចៃថាមពល Thien Son គឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគំរូផលិតកម្មបៃតង (រូបថត៖ Thien Son Glass) |
ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត HD Plastic ដែលជាសហគ្រាសជំនាញកែច្នៃផលិតផលប្លាស្ទិកដើម្បីបម្រើដល់សហគ្រាសផលិតឧបករណ៍អគ្គិសនីស៊ីវិល និងគ្រឿងប្រើប្រាស់អគ្គិសនីដូចជាទូរទឹកកក សម្រាប់ការនាំចេញ តែងតែកំណត់ថា ផលិតផលបៃតងគឺជាតម្រូវការចាំបាច់។ ដូច្នេះហើយ ក្រុមហ៊ុនបានកំណត់ការប្រើប្រាស់វត្ថុធាតុដើមស្និទ្ធិស្នាលជាមួយបរិស្ថាន អាចប្រមូល និងកែច្នៃផលិតផលលើសបានយ៉ាងងាយស្រួល និងប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ទំនើបៗសម្រាប់ផលិតកម្ម។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រើប្រាស់វិធានការសន្សំសំចៃថាមពលផងដែរ ដូចជា៖ បង្កើតបទប្បញ្ញត្តិសន្សំសំចៃ អគ្គិសនីសម្រាប់បុគ្គលិក ជៀសវាងការខ្ជះខ្ជាយ បិទភ្លើង និងបិទម៉ាស៊ីនត្រជាក់នៅពេលមិនប្រើ ដំឡើងប្រព័ន្ធសន្សំថាមពលសម្រាប់ឧបករណ៍នៅរោងចក្រផលិត។ លោក Duong Van Thuy នាយករងក្រុមហ៊ុនទទួខុសត្រូវមានកម្រិត HD Plastic បានឲ្យដឹងថា “បច្ចុប្បន្ននេះមនុស្សទាំងអស់គ្នាកំពុងប្រើថាមពលបៃតង ថាមពលស្អាត។ ដូច្នេះ ផលិតផលរបស់ក្រុមហ៊ុនយើងត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យ បៃតងនិងស្អាត។ វត្ថុធាតុដើមដែលយើងនាំចូលដើម្បីផលិតផលិតផលសម្រាប់លក់ចេញទៅទីផ្សារ សុទ្ធតែបង្ហាញពីប្រភពដើមនិងមានលក្ខណៈវិ និច្ឆ័យដែលគ្មានសារធាតុហាមឃាត់”។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសនៅខេត្ត Ha Nam បានអនុវត្តវិធានការយ៉ាងសកម្ម ដូចជា៖ កាត់បន្ថយការបំភាយឧស្ម័ន ផ្លាស់ប្តូរទៅជាដំណោះស្រាយសន្សំសំចៃថាម ពល ការប្រើប្រាស់សម្ភារៈដែលស្និទ្ធិស្នាលជាមួយបរិស្ថាន ឬបង្កើតគំរូសេដ្ឋកិច្ចវិលជុំ។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព សហគ្រាសកំពុងអនុវត្ត យ៉ាងសកម្មនូវបទប្បញ្ញត្តិរបស់រដ្ឋស្តីពីផលិតកម្មបៃតង ដើម្បីធានាការអនុវត្តភារកិច្ច សំខាន់ចំនួន ២ នោះគឺ ធានាបង្ហើយនិងលើសពីផែនការផលិតកម្ម បង្កើនប្រាក់ចំណូលសម្រាប់សហគ្រាស។ ទន្ទឹមនឹងនោះ ត្រូវធានាបាននូវបរិយាកាសការងារ និងលក្ខខណ្ឌល្អប្រសើរសម្រាប់ពលករ។ លោកស្រី Le Thi Thuy Hao នាយិការក្រុមហ៊ុនទឹកដោះគោ Friesland Campina - Ha Nam បានឲ្យដឹងថា៖ “ក្រៅពីផ្តោតលើការផលិត និងការអភិវឌ្ឍអាជីវកម្ម យើងបន្តផ្តោតលើកម្មវិធីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ដើម្បីអាចនាំយកផលិតផលមានគុណភាពខ្ពស់បំផុតជូន អ្នកប្រើប្រាស់។ កម្មវិធីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរបស់យើងផ្តោតលើការប្រើប្រាស់សំបក់វេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; ចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកែលំអរជីវភាពរបស់នៅគ្រួសារកសិករជាសមាជិក”។
លោកស្រី Le Thi Thuy Hao នាយិការក្រុមហ៊ុនទឹកដោះគោ Friesland Campina - Ha Nam (រូបថត៖ ទូរទស្សន៍ ហាណាម) |
ដើម្បីជំរុញសហគ្រាសឆ្ពោះទៅរកផលិតកម្មបៃតង ក្រៅពីកម្មវិធីឧបត្ថម្ភរបស់មជ្ឈឹម នាពេលថ្មីៗនេះ ខេត្ត Ha Nam ក៏បានផ្តោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ និងដឹកនាំមន្ទីរ សាខា និងមូលដ្ឋាន ជួយឧបត្ថម្ភសហគ្រាសផលិតកម្មធុនតូច ដើម្បី បង្កើតខ្សែសង្វាក់ផលិតកម្មស្អាតនៅក្នុងវិស័យនីមួយៗ។ ជាពិសេសអំពីការងារបរិស្ថាន រហូតមកដល់បច្ចុប្បន្ន នៅខេត្ត Ha Nam សួនឧស្សាហកម្ម ១០០% បានដំឡើងប្រព័ន្ធស្វ័យត្រួតពិនិត្យទឹកសំណល់ បញ្ជូនទិន្នន័យទៅកាន់មន្ទីរធនធានធម្មជាតិ និងបរិស្ថាន។ ទន្ទឹមនឹងនោះ ខេត្តបានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកសំណល់ ដើម្បីប្រមូលនិងប្រព្រឹត្តិកម្មទឹកកខ្វក់ តាមស្តង់ដារទឹកកខ្វក់ឧស្សាហកម្ម។ ចង្កោមឧស្សាហកម្មដែលបានវិនិយោគថ្មីទាំងអស់ត្រូវតែមានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកសំណល់ ដែលបំពេញតាមស្តង់ដារ ទើបត្រូវអនុញ្ញាត្តិដាក់ឱ្យដំណើរការ។ នេះជាកត្តាសំខាន់មួយរួមចំណែកជួយខេត្ត Ha Nam សម្រេចបានលទ្ធផលល្អក្នុងដំណើរឆ្ពោះទៅរកផលិតកម្មបៃតង៕