ការអភិរក្សរបរធ្វើធូបរបស់ជនជាតិ Tay នៅភូមិ Pac Nghe ខេត្ត ថៃង្វៀន

(VOVWORLD) - ពីគ្រឿងផ្សំរុក្ខជាតិឱសថដែលប្រមូលបានពីព្រៃឈើ បងប្អូនជនជាតិ Tay នៅភូមិ Pác Nghè ឃុំ Chợ Rã ខេត្តថៃង្វៀន បានបង្កើតរបរសិប្បកម្មធ្វើធូបប្រពៃណី អស់រយៈពេលរាប់សិបឆ្នាំមកហើយ។ មិនត្រឹមតែបង្កើតផលិតផលសម្រាប់បម្រើជីវភាពខាងវិញ្ញាណ និងថែរក្សាប្រពៃណីវប្បធម៌របស់ជនជាតិ Tay ប៉ុណ្ណោះទេ របរធ្វើធូបថែមទាំង បានបើកផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាពសម្រាប់គ្រួសារជាច្រើននៅតំបន់ខ្ពង់រាបនេះទៀតផង។



ការអភិរក្សរបរធ្វើធូបរបស់ជនជាតិ Tay នៅភូមិ Pac Nghe ខេត្ត ថៃង្វៀន - ảnh 1របរសិប្បកម្មធ្វើធូបប្រពៃណីត្រូវបានស្ត្រីជនជាតិ Tay នៅ Pac Nghe អភិរក្សអស់ជាច្រើនជំនាន់មកហើយ។ (រូបថត៖ Cong Luan/VOV-ភាគឦសាន)

នៅលើទីធ្លាផ្ទះរបស់គ្រួសារលោកស្រី Duong Thi Ly ក្លិនក្រអូបស្រាលៗចេញពីបាច់ធូប ដែលទើបតែដាក់ហាលពន្លឺថ្ងៃ ហាក់ដូចជា បានទាក់ទាញនរណាម្នាក់ដែលមកទស្សនាអញ្ចឹង។ ក្រុមគ្រួសាររបស់លោកស្រីបានប្រកបរបរនេះតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែល ស្ត្រីជនជាតិ Tay រូបនេះ បានឆ្លៀតពេលទំនេរពីការងារស្រែចំការ ដើម្បីធ្វើធូបសម្រាប់រកប្រាក់ចំណូលបន្ថែម។ យោងតាមលោកស្រី Duong Thi Ly របរធ្វើធូបមិនពិបាកពេកទេ គឺអាចធ្វើបានពេញមួយឆ្នាំ។ ក្នុងអំឡុងពេលបុណ្យតេត (បុណ្យចូលឆ្នាំថ្មីប្រពៃណី) តម្រូវការកើនឡើងយ៉ាងខ្លាំង ហើយប្រាក់ចំណូលរបស់គ្រួសារ ជួនកាលអាចឡើងដល់រាប់សិបលានដុង។

“គ្រួសារខ្ញុំ បានប្រកបរបរធ្វើធូបអស់រយៈពេល ៤០ ឆ្នាំមកហើយ។ មុខរបរនេះមានអត្ថន័យណាស់។ មនុស្សម្នាទិញធូបសម្រាប់ប្រើប្រាស់ក្នុងបុណ្យតេត ពិធីសែនខួបមរណភាព និងពិធីបុណ្យសព។ ក្នុងអំឡុងពេលបុណ្យតេត ប្រាក់ចំណូលក៏ច្រើនជាងដែរ”។

ការអភិរក្សរបរធ្វើធូបរបស់ជនជាតិ Tay នៅភូមិ Pac Nghe ខេត្ត ថៃង្វៀន - ảnh 2ហាលធូបឲ្យស្ងួត មុនពេលវេចខ្ចប់សម្រាប់លក់។ (រូបថត៖ Cong Luan/VOV-ភាគឦសាន)

ភូមិ Pác Nghè មានប្រជាជនជាង ១៧០ គ្រួសារ ភាគច្រើនជាជនជាតិ Tay ក្នុងនោះ មានប្រជាជនជាង ២០ គ្រួសារដែលនៅតែរក្សារបរសិប្បកម្មប្រពៃណីនេះ។ លោកស្រី Nông Thị Huê ដែលបានប្រកបរបរនេះអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ បានរៀបរាប់ថា តាំងពីនៅតូច លោកស្រីបានឃើញម្តាយ និងជីដូនធ្វើធូបហើយ។ ស្ត្រីដែលមកធ្វើកូនប្រសារស្រីក្នុងភូមិ សូម្បីតែមិនដែលស្គាល់មុខរបរនេះក៏ដោយ ក៏ត្រូវបានណែនាំយ៉ាងល្អិតល្អន់ដើម្បីបន្តថែរក្សាលក្ខណៈវប្បធម៌របស់សហគមន៍។ ធូប Tay ត្រូវបានធ្វើឡើងទាំងស្រុងពីរុក្ខជាតិឱសថធម្មជាតិ។ ដូច្នេះ ផលិតផលនេះមានក្លិនក្រអូបស្រាលៗ ដែលបង្កប់នូវលក្ខណៈពិសេសនៃតំបន់ព្រៃភ្នំ។ លោកស្រី Nong Thi Hue បានរៀបរាប់ថា៖

“ធូបនេះគឺគ្រួសារខ្ញុំធ្វើពីស្លឹកឈើ និងឈើពុកផុយ។ យើងយកមកផ្ទះវិញហាលឲ្យស្ងួត រួចយកទៅកិន។ ឬក៏យើងកាត់ចេញពីដើមឈើធំមួយ យកមកកិនហើយសម្ងួត។ ធូបនេះត្រូវបានធានាថា ប្រើប្រាស់បានយូរ មិនដុះផ្សិត និងមិនប៉ះពាល់ដល់សុខភាពឡើយ”។

ការអភិរក្សរបរធ្វើធូបរបស់ជនជាតិ Tay នៅភូមិ Pac Nghe ខេត្ត ថៃង្វៀន - ảnh 3របរសិប្បកម្មធ្វើធូប ជួយប្រជាជនក្នុងតំបន់អភិវឌ្ឍសេដ្ឋកិច្ច។ (រូបថត៖ Cong Luan/VOV-ភាគឦសាន)

ភាពធម្មជាតិនិងភាពហ្មត់ចត់នៅក្នុងជំហាននីមួយៗ បានបង្កើតជាភាពខុសប្លែកនៃធូប Pac Nghe បើប្រៀបធៀបនឹងធូបផលិតបែបឧស្សាហកម្មជាច្រើនប្រភេទ ដែលមានវត្តមាននៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ហេតុដូច្នេះ ប្រជាជននៅតែទុកចិត្ត និងប្រើប្រាស់ធូប Tay សម្រាប់ពិធីបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី។ នៅចុងឆ្នាំ គ្រួសារដែលផលិតធូប ច្រើនតែបង្កើនបរិមាណមួយកន្លះ ឬទ្វេដង ដែលបង្កើតការងារធ្វើនិងប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាច្រើន។ លោក Chi Van Kien មេភូមិ Pac Nghe បានឲ្យដឹងថា៖

“នៅក្នុងភូមិ Pac Nghe មានគ្រួសារជាច្រើនដែលបានផលិតធូបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសក្នុងអំឡុងពេលចុងឆ្នាំ និងបុណ្យតេត ពួកគេផលិតបានច្រើន។ អតិថិជនជាច្រើនមកទិញ និងលក់ទៅឱ្យឃុំផ្សេងទៀតនៅក្នុងខេត្ត។ អាស្រ័យហេតុនោះ គ្រួសារជាច្រើនមានលក្ខណៈសេដ្ឋកិច្ចកាន់តែប្រសើរឡើង ហើយបានសាងសង់ផ្ទះថ្មី ទិញរថយន្ត។ ជាទូទៅមានប្រាក់ចំណូលស្ថិរភាព”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកភូមិក្នុងការអភិរក្សរបរសិប្បកម្មប្រពៃណី ភូមិ Pac Nghe ក៏ទទួលបានការយកចិត្តទុកដាក់និងជំនួយពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ។ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញក្នុងឃុំ និងខេត្ត ក៏បានសម្របសម្រួលណែនាំប្រជាជនក្នុងការបង្កើតម៉ាកយីហោ និងកែលម្អការរចនា ដើម្បីបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ ភូមិ Pac Nghe ទទួលបានជំនួយឧបត្ថម្ភពីរដ្ឋដើម្បីសាងសង់ផ្លូវបេតុងប្រវែងជាង ៣ គីឡូម៉ែត្រ ដែលរួមចំណែកដល់ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារនានា ដើម្បីរក្សានិងពង្រីកទ្រង់ទ្រាយផលិតកម្ម និងអាជីវកម្ម។ អ្នកស្រី Nong Thi Nga នៅភូមិ Pac Nghe បានចែករំលែកថា៖

“ពីមុន ផ្លូវដីភក់បណ្ដាលឲ្យការដឹកជញ្ជូនវត្ថុធាតុដើមឬការដឹកធូបទៅលក់ជួបការលំបាកជាច្រើន ដូច្នេះឈ្មួញក៏ស្ទាក់ស្ទើរក្នុងការមកទិញដោយផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីរដ្ឋជួយឧបត្ថម្ភសាងសង់ផ្លូវបេតុង ពីប្រភពទុននៃកម្មវិធីគោលដៅជាតិ ប្រជាជននៅក្នុងភូមិអាចធ្វើដំណើរបានកាន់តែងាយស្រួល។ ម៉ូតូនិងរថយន្តដឹកទំនិញតូចៗ អាចចូលទៅដល់មាត់ទ្វារផ្ទះ ហើយការជួញដូរកាន់តែមមាញឹក។ ប្រជាជនមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង”។

ធូប Tay នៃភូមិ Pac Nghe បានអះអាងនូវយីហោជាផលិតផលដ៏ពិសេសនៃតំបន់ខ្ពង់រាប ដោយមានលក្ខណៈស្រុកស្រែនិងពោរពេញដោយអត្តសញ្ញាណព្រៃភ្នំ។ ធូបមួយដើមៗ មិនត្រឹមតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពខាងវិញ្ញាណ និងទំនៀមទម្លាប់របស់បងប្អូនជនជាតិ Tay ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ទៀតផង។ ការរក្សារបរសិប្បកម្មប្រពៃណីនេះ បានរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ ខណៈពេលដែលជួយប្រជាជនមានរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព និងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ