កសិករនៅភូមិផ្កា My Phong ជាប់មមាញឹកជាមួយរដូវផ្កាបុណ្យតេត
(VOVWORLD) - ភូមិផ្កា My Phong សង្កាត់ My Phong ខេត្តដុងថាប គឺជាតំបន់ដាំផ្កាសម្រាប់បុណ្យតេតធំជាងគេនៅក្នុងខេត្ត ទៀនយ៉ាង ចាស់ (ឥឡូវជាខេត្តដុងថាប)។ នេះជាមុខរបរប្រពៃណីដែលមានប្រជាជនរាប់រយគ្រួសារ ចូលរួមផលិត និងផ្គត់ផ្គង់ផ្កាបុណ្យតេតទៅកាន់ខេត្ត និងទីក្រុងជាច្រើននៅក្នុងតំបន់។ នៅពេលនេះ កសិករភូមិផ្កានេះ កំពុងជាប់មមាញឹកជាមួយនឹងការថែទាំផ្កាសម្រាប់រដូវបុណ្យតេត។ ពួកគេហូបចូក និងគេងនៅហ្នឹងសួនផ្កា ដើម្បីដាំ និងថែទាំផ្កា ដោយធានាឲ្យផ្ការីកស្របពេលនឹងបុណ្យតេត ជាមួយនឹងគុណភាពខ្ពស់បំផុត។
ភូមិផ្កា My Phong គឺជាតំបន់ដាំផ្កាបុណ្យតេតធំជាងគេនៅក្នុងខេត្ត Tien Giang ចាស់ (ឥឡូវជាខេត្ត Dong Thap)។ (រូបថត៖ Chu Trinh/VOV) |
លោក ង្វៀន វ៉ាន់បៃ នៅសង្កាត់ My Phong មានបទពិសោធន៍ជិត ២០ ឆ្នាំប្រកបរបរដាំផ្កាបុណ្យតេត។ នាពេលនេះ លោកបានដាំផ្កាគ្រីសានខ្នាតធំចំនួន ៤០០ កន្ត្រករួចហើយ ដែលកំពុងលូតលាស់បានល្អ។ ក្រៅពីនោះ គ្រួសាររបស់លោក ក៏កំពុងដាំផ្កាគ្រីសានហូឡង់ជាង ១២០០ ផើង និងផ្កាស្បៃរឿង ៥០០ ផើងផងដែរ។
សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ កសិករនៅក្នុងភូមិផ្កា My Phong នឹងផ្គត់ផ្គង់ដល់ទីផ្សារនូវកន្ត្រកផ្កាជិត ១ លានកន្ត្រក។ (រូបថត៖ Chu Trinh/VOV) |
ក្នុងពេលជាមួយគ្នានោះ លោក ឡេ វ៉ាន់ខុយនិងប្រពន្ធ ដែលជាកសិករដាំផ្កានៅវិថី Phong Thuan A សង្កាត់ My Phong តែងតែទៅចម្ការផ្កាចាប់ពីម៉ោង ៦ ព្រឹកជារៀងរាល់ថ្ងៃរហូតដល់ជិតល្ងាចទើបវិលត្រឡប់មកផ្ទះវិញ។ ការថែទាំចម្ការផ្កាគ្រីសានហូឡង់របស់ពួកគេ នាពេលនេះជួបការលំបាកខ្លាំងណាស់ ដោយសារតែអាកាសធាតុមិនប្រក្រតី។ លោក ខុយ បាននិយាយថា៖
“ចូលដល់រដូវដាំផ្កាឆ្នាំនេះ យើងបានជួបប្រទះនឹងស្ថានភាពលំបាកខ្លាំងណាស់។ យើងបានថែទាំផ្កាយ៉ាងយកចិត្តទុកដាក់បំផុត ទើបបានដូច្នេះ។ អាកាសធាតុពេលខ្លះមានពន្លឺថ្ងៃ ពេលខ្លះមានភ្លៀង ដែលប៉ះពាល់យ៉ាងខ្លាំង បង្កឲ្យមានជំងឺរលាកស្លឹក។ យើងត្រូវថែទាំជាបន្តបន្ទាប់ ដោយបាញ់ថ្នាំបំប៉នដំណាំផ្កា”។
ប្រជាជននៅក្នុងភូមិផ្កា My Phong កំពុងជាប់រវកល់នឹងការត្រៀមសម្រាប់រដូវផ្កាបុណ្យតេត។ (រូបថត៖ Chu Trinh/VOV) |
ការដាំផ្កាបុណ្យតេតប្រពៃណីគឺជាមុខរបរឯកទេសប្រពៃណីរបស់ប្រជាជនរាប់រយគ្រួសារនៅក្នុងសង្កាត់ My Phong ខេត្តដុងថាប។ អាស្រ័យដោយមានការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិត ហើយចេះអនុវត្តន៍ចំណេះដឹង និងបច្ចេកទេសប្រកបដោយប្រសិទ្ធភាពក្នុងការផលិត ចម្ការផ្កាបុណ្យតេតភាគច្រើនជារៀងរាល់ឆ្នាំបានឆ្លើយតបនឹងតម្រូវការ ហើយត្រូវបានឈ្មួញពីកន្លែងផ្សេងៗ មកបញ្ជាទិញ ដើម្បីបម្រើទីផ្សារបុណ្យតេត។ លោក ហ្វាម ថាញ់ឡុង នៅវិថី Binh Phong សង្កាត់ My Phong បាននិយាយថា ឆ្នាំនេះគ្រួសាររបស់លោកកំពុងដាំផ្កាស្រស់ចំនួន ១០ ប្រភេទ។ ដោយដកបទពិសោធន៍ពីរដូវផ្កាមុនៗ ឆ្នាំនេះ ចម្ការផ្ការបស់គ្រួសារលោក ត្រុវបានដាំ និងថែទាំយ៉ាងល្អ។ លោក ឡុង បានចែករំលែកថា៖
“ឆ្នាំនេះ ខ្ញុំឃើញថា ផ្កាលូតលាស់បានល្អ។ ជាទូទៅ ការចំណាយលើការដាំផ្កាបានកើនឡើងក្នុងឆ្នាំនេះ ដោយសារតែតម្លៃគ្រាប់ពូជ ស្រកីដូង កម្លាំងពលកម្ម ជី ថ្នាំនិងសម្ភារៈសុទ្ធតែកើនឡើង។ កាលពីឆ្នាំមុន ខ្ញុំដាំផ្កាក៏មានចំណេញតិចតួចដែរ ព្រោះផ្កាខ្លះមានជំងឺរលាកស្លឹក ដូច្នេះបានជាលក់ក្នុងតម្លៃទាប”។
ផ្កាគ្រីសានហូឡង់ត្រូវបានថែទាំយ៉ាងប្រុងប្រយ័ត្នមុនពេលដឹកជញ្ជូនទៅកាន់ផ្សារផ្កានិទាឃរដូវ។ (រូបថត៖ Chu Trinh/VOV) |
សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ កសិករនៅភូមិផ្កា My Phong នឹងផ្គត់ផ្គង់ដល់ទីផ្សារនូវកន្ត្រកផ្កាជិត ១ លានកន្ត្រក ដូចជា៖ ផ្កាគ្រីសានខ្នាតធំប្រពៃណី ផ្កាគ្រីសានកូរ៉េ ផ្កាគ្រីសានហូឡង់ ផ្កាស្បៃរឿង ផ្កាសិរមាន់ ផ្កាឈូករ័ត្ន ផ្កាដាយស៊ី ផ្កាព្យួរ... ក្រៅពីផ្គត់ផ្គង់ដល់ទីផ្សារនៅខាងក្រៅខេត្ត កសិករដាំផ្កាបុណ្យតេតក៏នាំយក ទៅផ្សារផ្កានិទាឃរដូវនៅទីលាន Hung Vuong និងកន្លែងផ្សេងទៀតដើម្បីលក់ផងដែរ។ លោកស្រី Nguyen Thi No ដែលបានប្រកបដោយរបរដាំផ្កាតេតនៅក្នុងភូមិផ្កា My Phong អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បានសម្តែងថា៖
“ឆ្នាំមុន ផ្សារផ្កាលក់បានតម្លៃគួរសម ផ្កាល្អណាស់។ ឆ្នាំនេះ ផ្កាប្រហែលជាមិនល្អដូចឆ្នាំមុនទេ។ ខ្ញុំកំពុងកាត់មែកឈើម្តងទៀតដើម្បីកែលម្អគុណភាពផ្កា។ ផ្កាគ្រីសានហូឡង់ ដាំបាន ៤ ខែហើយ ដែលកំពុងលូតលាស់បានល្អ។ យើងកំពុងស្វែងរកទីតាំងដើម្បីបើកហាង បម្រើប្រជាជន”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កសិករនៅភូមិផ្កា My Phong បានអភិវឌ្ឍន៍ ពូជផ្កាថ្មីៗជាច្រើនដោយឥតឈប់ឈរ ដើម្បីបំពេញតម្រូវការទីផ្សារ។ ដោយសារការស្រឡាញ់អាជីព កសិករនៅ My Phong ជានិច្ចកាលសង្ឃឹមថា នឹងដាំបានកន្ត្រកផ្កាដ៏ស្រស់ឆើតឆាយ ដែលបន្ថែមភាពស្រស់ស្អាតក្នុងប៉ុន្មានថ្ងៃបុណ្យតេត៕