ជីវិតថ្មីរស់រានឡើងវិញនៅភូមិឈូត (Chut) ក្រោយពីគ្រោះទឹកជំនន់

(VOVWORLD) - ជីវិតថ្មីបានរស់រានឡើងវិញនៅក្នុងភូមិឈូត (Chut) ឃុំ Van Ban ខេត្តឡាវកាយ ដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង ប៊ូឡយ កាលពីខែតុលា ឆ្នាំមុន។ ភូមិ Chut ឥឡូវនេះ បានផ្លាស់ប្ដូរមុខមាត់ទាំងស្រុង។ ផ្ទះថ្មីៗត្រូវបានសាងសង់ឡើងវិញនៅលើផ្ទៃដីដែលហូរច្រោះ ហើយពន្លកបៃតងក៏បានគ្របដណ្តប់លើភក់ផងដែរ។


ជីវិតថ្មីរស់រានឡើងវិញនៅភូមិឈូត (Chut) ក្រោយពីគ្រោះទឹកជំនន់ - ảnh 1ពណ៌បៃតងបានវិលត្រឡប់មកវិញនៅភូមិ Chut ឃុំ Van Ban ខេត្តឡាវកាយ។ រូបថត៖ VOV ភាគពាយ័ព្យ

ភូមិឈូត បច្ចុប្បន្ននេះ លែងជាទិដ្ឋភាពបែកបាក់ខ្ទេចខ្ទីដោយសារតែគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនទៀតហើយ។ ការជួយឧបត្ថម្ភដោយទាន់ពេលវេលាពីអាជ្ញាធរ និងស្មារតីសាមគ្គីភាពបានប្រែក្លាយតំបន់ដែលរងការខូចខាតដ៏ធ្ងន់ធ្ងរនេះទៅជាកន្លែងដែលពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អដើម្បីមានភាពធន់ប្រសើរឡើង នាពេលអនាគត។ ឈរនៅក្នុងផ្ទះដែលទើបបានសម្រេច លោក Duong Van Hien នៅតែមានអារម្មណ៍ដូចជាខ្លួនកំពុងសុបិនអញ្ចិង។ ផ្ទះចាស់របស់គ្រួសារលោក Hien ត្រូវបានលិចលង់ដោយទឹកជំនន់ ខណៈពេលដែលកំពុងចាក់គ្រឹះ។ ឥឡូវនេះ ដោយទទួលបានជំនួយឧបត្ថម្ភចំនួន ៨០ លានដុង (ជាង ៣០០០ ដុល្លារអាមេរិក) ពីឃុំ និងសប្បុរសជននានា រួមជាមួយនឹងយន្តការប្តូរដីធ្លីប្រកបដោយភាពបត់បែន គ្រួសារលោក Hien អាចសាងសង់ផ្ទះថ្មីដ៏រឹងមាំជាប់មាត់ផ្លូវ។

“ខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែង ដោយសារឥឡូវនេះ ខ្ញុំបានរស់នៅក្នុងផ្ទះថ្មីហើយ។ តាមពិត ក្នុងអំឡុងពេលកើតមានទឹកជំនន់កន្លងទៅ មុនពេលយើងមានផ្ទះថ្មី ឪពុកម្ដាយត្រូវស្នាក់នៅជាមួយសាច់ញាតិនៅទីនេះទីនោះ ហើយពេលកូនចៅមក ក៏គ្មានកន្លែងស្នាក់នៅទេ។ យើងសាងសង់ផ្ទះនេះអស់រយៈពេលជិតពីរខែ។ សប្បាយរីករាយណាស់ ដោយសារមានកន្លែងស្នាក់នៅនិងអំណរបុណ្យតេត។ ហើយយើងក៏មានអារម្មណ៍សុវត្ថិភាពនៅទីនេះដែរ លែងខ្លាចគ្រោះធម្មជាតិទៀតហើយ ព្រោះអូរស្ថិតនៅឆ្ងាយ មិនប៉ះពាល់ដល់យើងទេ”។

ជីវិតថ្មីរស់រានឡើងវិញនៅភូមិឈូត (Chut) ក្រោយពីគ្រោះទឹកជំនន់ - ảnh 2លោក Hoang Van On ឈរនៅចំពោះមុខផ្ទះថ្មីរបស់ខ្លួន។ (រូបថត៖ VOV)

ក៏ចែករំលែកសេចក្តីរីករាយដោយមានផ្ទះថ្មីមុនពេលបុណ្យតេត គឺគ្រួសាររបស់លោក Hoang Van On ដែលជាគ្រួសារក្រីក្រមួយនៅក្នុងភូមិ។ គ្រោះទឹកជំនន់ដ៏សាហាវបានលិចកប់ផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារនៅក្រោមស្រទាប់ខ្សាច់ជម្រៅពីរម៉ែត្រ ដែលមានន័យថា បាត់បង់អ្វីៗទាំងអស់។ ដោយត្រូវបានអាជ្ញាធរឃុំ និងកម្លាំងមុខងារ ជួយឧបត្ថម្ភជាសម្ភារៈសំណង់និងកម្លាំងពលកម្មដើម្បីសាងសង់ផ្ទះឡើងវិញ លោក On មានការរំជួលចិត្តយ៉ាងខ្លាំង។

“ទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះត្រូវបាត់បង់ កប់នៅក្នុងខ្សាច់ ហើយសំណាបស្រូវប្រហែល ២៨០ បាច់នៅលើវាលស្រែ ក៏បាត់បង់ដែរ។ ប្រសិនបើមិនមានការគាំទ្រជាបន្តបន្ទាប់ពីអាជីវកម្ម កងជីវពល ប៉ូលីស គឺមិនអាចធ្វើបានទេ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍រំភើបរីករាយ នឹងនរចិត្តដើម្បីធ្វើការនិងផលិត”។

បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ ឃុំ Van Ban បានប្រមូលផ្ដុំធនធានទាំងអស់ដើម្បីជំនះពុះពារលើផលវិបាក ហើយគ្រួសារចំនួន ២០ ដែលបានបាត់បង់ផ្ទះ សុទ្ធតែមានផ្ទះថ្មីមុនពេលបុណ្យតេតប្រពៃណី ឆ្នាមមី អដ្ឋិស័ក ២០២៦។ ចំណុចថ្មីក្នុងការងារជំនះផលវិបាកលើកនេះ គឺនីតិវិធីរដ្ឋបាលទាក់ទងនឹងដីធ្លី ត្រូវបានបំពេញយ៉ាងឆាប់រហ័ស ដោយធានាលក្ខណៈស្រាបច្បាប់ខ្ពស់បំផុតសម្រាប់ប្រជាជន។ លោក Nguyen Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Ban បានឲ្យដឹងថា៖

“ភារកិច្ចទាំងអស់តាមការដឹកនាំរបស់ខេត្ត ត្រូវបានសម្រេចរួចរាល់មុនបុណ្យតេត។ មុនបុណ្យតេត ប្រជាជនមានវិញ្ញាបនបត្រកម្មសិទ្ធិដីធ្លី មានផ្ទះកក់ក្តៅដើម្បីស្នាក់នៅ និងធានាបាននូវសុវត្ថិភាព”។

ជីវិតថ្មីរស់រានឡើងវិញនៅភូមិឈូត (Chut) ក្រោយពីគ្រោះទឹកជំនន់ - ảnh 3អ្នកស្រី Nguyen Thi Phuong (ខាងឆ្វេង) សប្បាយរីករាយចំពោះរដូវប្រមូលផលដំឡូង។ (រូបថត៖ VOV)

ផ្ទះដែលត្រូវបានសាងសង់យ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែពោរពេញទៅដោយសេចក្ដីសប្បុរស; វិញ្ញាបនបត្រកម្មសិទ្ធិដីធ្លីត្រូវបានប្រគល់ជូនប្រជាជន ហើយរដូវប្រមូលផលស្រូវ កំពុងរង់ចាំ។ ទាំងអស់នេះបាននាំនិទាឃរដូវត្រឡប់មកភូមិ ឈូត វិញ ដោយលុបបំបាត់ការចងចាំដ៏គួរឱ្យភ័យខ្លាចនៃគ្រោះធម្មជាតិ និងបញ្ជាក់ពីកម្លាំងរស់ដ៏ខ្លាំងក្លានៃទឹកដីនេះ។ តាំងទីលំនៅហើយទើបចាប់ផ្ដើមអាជីពបាន។ ក្រៅពីផ្ទះថ្មីៗ នៅលើវាលស្រែទំហំ ១៥ ហិកតាដែលធ្លាប់បានគ្របដណ្តប់ដោយភក់ ពណ៌បៃតងនៃដំណាំដំឡូងរដូវរងារ បានលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ។ អ្នកស្រី Nguyen Thi Phuong ជាអ្នកភូមិឈូតម្នាក់ បាននិយាយថា អាស្រ័យដោយមានពូជដំណាំរយៈពេលខ្លីនេះ អ្នកភូមិមានប្រាក់ចំណូលបន្ថែមដើម្បីអបអរបុណ្យតេត។   

“គ្រួសារដាំដំឡូងបានបន្តិច ប៉ុន្តែមើមទំហំធំ ដូច្នេះក៏សប្បាយចិត្តដែរ។ ដំឡូងត្រូវបានប្រមូលផលហើយ ដែលជួយយើងមានប្រាក់ចំណូលបន្តិចបន្តួច ក្នុងឱកាសបុណ្យតេត”។

ជីវភាពនៅក្នុងភូមិ ឈូត សព្វថ្ងៃនេះពិតជាបានផ្លាស់ប្តូរ ដែលពោរពេញដោយកម្លាំងរស់។ ស្នាមរបួសបានជាសះស្បើយ ការឈឺចាប់ចាស់ដែលបណ្តាលមកពីគ្រោះធម្មជាតិនៅក្នុងភូមិឈូតបានថយចុះ ហើយជីវិតថ្មីមួយបានរាស់រានឡើងវិញ ដែលនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាងនៅក្នុងភូមិនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ