និទាឃរដូវមកដល់ភូមិ Ca

(VOVWORLD) - មិនមានភាពអ៊ូអរ និងភាពមមាញឹកដូចទីក្រុងទេ និទាឃរដូវនៅតាមភូមិឃុំតំបន់ភ្នំ មានសម្រស់ប្លែកពីគេ។ នោះគឺជាសម្រស់នៃកម្លាំងរស់ដ៏ខ្លាំងក្លា ដោយបង្កប់នូវលក្ខណៈរហោស្ថាននៃសម្រស់ធម្មជាតិ ព្រៃភ្នំ និងប្រជាជននៅតំបន់ខ្ពង់រាប។ និទាឃរដូវថ្មីបានមកដល់ភូមិ Ca ដ៏សុខសាន្តនិងសាមញ្ញ ហើយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះក៏កំពុងផ្លាស់ប្តូរដែរ ដោយកាន់តែសម្បូរធូធារនិងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។



និទាឃរដូវមកដល់ភូមិ Ca - ảnh 1ភូមិ Ca ដែលមានប្រជាជន ៩០% ជាជនជាតិ Dao នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណី។ រូបថត៖ Cong Luan/VOV

ក្នុងដំណាក់កាលតស៊ូ ភូមិ Ca (ស្រុក Cho Don ខេត្ត Bac Kan) ជាទីកន្លែងដែលលោកប្រធាន
ហូជីមិញបានរស់នៅ និងធ្វើការ។ លោកប្រធានបានរស់នៅក្នុងភូមិ Ca ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៤៧ ដល់ចុងខែធ្នូ ឆ្នាំ ១៩៤៧។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៩៦ ភូមិ Ca ត្រូវបានក្រសួងវប្បធម៌ និងព័ត៌មានរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ។

ផ្លូវនាំទៅកាន់ភូមិ Ca ត្រូវបានក្រាលកៅស៊ូ លាតសន្ធឹងយ៉ាងធំទូលាយ តាមអូរនៅជើងភ្នំ។ ភូមិ Ca មានប្រជាជនជាង ៣០០ នាក់ ដែលសុទ្ធតែជាជនជាតិ Dao ទាំងស្រុង។ លោក Ban Van Luong អ្នកភូមិ Ca បានចែករំលែកថា ពីមុនតំបន់នេះគ្រាន់តែជាដីទំនេរ និងភ្នំទទេប៉ុណ្ណោះ។ ឥឡូវនេះ ផ្ទៃដីមួយហិកតាអាចផ្ដល់ចំណូលរាប់រយលានដុង ហើយផ្ទះថ្មីៗដែលបានសាងសង់នៅក្នុងភូមិគឺអាស្រ័យលើព្រៃភ្នំនាំមកជូន។

“ជីវភាពកាលពីមុនគឺលំបាកណាស់ ប៉ុន្តែឥឡូវខុសគ្នាទាំងស្រុងហើយ។ ព្រៃឈើត្រូវបានគេដាំយ៉ាងច្រើន ពីមុនស្ទើរតែគ្មានទេ។ ទី២ ការធ្វើស្រែចម្ការក៏ខុសពីមុន ឥឡូវមានជី និងបច្ចេកទេសគ្រប់គ្រាន់។ ពីមុន គ្មានទូរស័ព្ទ ឬទូរទស្សន៍ទេ។ ឥឡូវនេះ ដោយសាររដ្ឋបានណែនាំធ្វើអាជីវកម្ម ប្រជាជនមានជីវភាពរស់នៅប្រសើរជាងមុន មានអគ្គិសនី ផ្លូវថ្នល់ និងសាលារៀន។ ជីវភាពអ្នកភូមិក៏ប្រសើរជាងមុនដែរ”។

ជាច្រើនទស្សវត្សរ៍មុន ការមានទ្រព្យសម្បតិ្ត និងជីវភាពរស់នៅដូចសព្វថ្ងៃនេះ គឺជាប្រការដែលលោក Luong និងអ្នកភូមិ Ca មិនហ៊ានគិតឡើយ។ នៅពេលនោះ អ្នកភូមិភាគច្រើនដាំពោត ស្រូវ ហើយមិនចេះរបៀបអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្មទេ ដូច្នេះជីវភាពមិនមានលំនឹងឡើយ។ ការផ្លាស់ប្តូរពិតប្រាកដបានចាប់ផ្តើមនៅពេលដែលសាខាបក្សភូមិ Ca បានកសាងសេចក្តីសម្រេចចិត្តស្តីពីការបង្កើនការអភិវឌ្ឍកសិកម្ម ដោយផ្តោតលើការដាំព្រៃឈើ និងការចិញ្ចឹមសត្វ ដោយមានការដើរជួរមុខរបស់កម្មាភិបាល បក្ខជន និងអ្នកមានកិត្យានុភាពក្នុងភូមិ។ មកទល់នឹងពេលនេះ ផ្ទៃដីព្រៃរបស់ភូមិមានរហូតដល់ជាង ៤០០ ហិកតា។ ពីការលក់ឈើព្រៃ គ្រួសារជាច្រើនរកចំណូលបានរាប់រយលានដុងក្នុងមួយឆ្នាំ ដែលជួយមុខមាត់ភូមិ Ca មានការផ្លាស់ប្ដូរជាច្រើន។ លេខាសាខាបក្សភូមិ Ca លោក Ban Van Duc បានចែករំលែកថា៖

“ពីមុន ភូមិ Ca ជាភូមិឆ្ងាយដាច់ស្រយាល ប៉ុន្តែឥឡូវនេះ បក្ស រដ្ឋបានវិនិយោគលើគ្រប់គម្រោងផ្លូវថ្នល់ និងអគ្គិសនី...លើសពីនេះ ប្រជាជនចាប់ផ្ដើមចេះអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្ដោតលើការធ្វើអាជីវកម្ម សន្សំសម្ចៃ ដូច្នេះជីវភាពរស់នៅកាន់តែសម្បូរធូធារ”។

និទាឃរដូវមកដល់ភូមិ Ca - ảnh 2ជនជាតិ Dao នៅភូមិ Ca យកសេដ្ឋកិច្ចព្រៃឈើជាទិសដៅសំខាន់។ រូបថត៖ Cong Luan/VOV

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Ca ក៏ជាចំណុចភ្លឺក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ដ៏ស្រស់ស្អាតរបស់ជនជាតិ Dao ផងដែរ។ នៅឆ្នាំ ២០២១ ក្លឹបច្រៀងចម្រៀង Pa Dung ភូមិ Ca ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ២០ នាក់។ ក្រៅពីរៀបចំការសំដែងនៅក្នុងពិធីបុណ្យទាន និងបុណ្យតេតប្រពៃណី សមាជិកក្លឹបក៏ចូលរួមយ៉ាងសកម្មក្នុងកម្មវិធី ព្រឹត្តិការណ៍វប្បធម៌ក្នុងស្រុក និងខេត្ត; ប្រមូល សម្រាំងឯកសារ និងសៀវភៅបុរាណអំពីចម្រៀង Pa Dung ដើម្បីស្រាវជ្រាវ ក៏ដូចជាបង្រៀនកូនចៅជំនាន់ក្រោយផងដែរ។

បងប្អូនជនជាតិ Dao នៅភូមិ Ca សប្បាយរីករាយក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ដោយអំណរឆ្នាំជោគជ័យមួយនៃការដាំព្រៃឈើ។ ហើយក្លឹបច្រៀងចម្រៀង Pa Dung នៅភូមិ Ca ក៏បានសំដែងបទ
ចម្រៀងពិរោះៗ និងមានអត្ថន័យបំផុត ដើម្បីអំណរនិទាឃរដូវថ្មី និងអបអរការផ្លាស់ប្ដូរថ្មីរបស់ភូមិផងដែរ។ លោក Hoang Van Hy ប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Trung បានឲ្យដឹងថា៖

“ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខ ការពារជាតិនៅភូមិ Ca អាជ្ញាធរមូលដ្ឋានបានតម្រង់ទិសយ៉ាងច្បាស់លាស់។ ទីមួយ ទាក់ទងនឹងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ភូមិ Ca យើងខ្ញុំនឹងស្នើទៅថ្នាក់លើ ដើម្បីជួសជុល កែលម្អ និងធ្វើឱ្យវាសក្តិសមជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យើងខ្ញុំនឹងចលនា ណែនាំប្រជាជនឱ្យអនុវត្តន៍ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ”។

បរិយាកាសនិទាឃរដូវនៃព្រៃភ្នំកំពុងរីកសាយភាយពាសពេញភូមិ Ca។ដោយពង្រីកប្រពៃណីបដិវត្តន៍ បងប្អូនជនជាតិ Dao នៅភូមិ Ca បានកសាងជីវភាព ដើម្បីនាំភូមិ Ca សព្វថ្ងៃក្លាយជាចំណុចភ្លឺមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ