ភូមិជនជាតិ Mong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍

(VOVWORLD) - ភូមិ Ta So ១ សង្កាត់ Moc Chau ខេត្ត សឺនឡា គឺជាកន្លែងតាំងទីលំនៅរបស់ប្រជាពលរដ្ឋជនជាតិ Mong។ នេះគឺជាភូមិដ៏សាមញ្ញដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលសង្កាត់ Moc Chau។ ធ្លាប់ចេះតែការបេះពោតនិងដាំស្រូវប៉ុណ្ណោះ ប្រជាពលរដ្ឋជនជាតិ Mong នៅទីនេះបានផ្លាស់ប្តូរ ក្លាយជាអ្នកផ្ដល់សេវាទេសចរណ៍សហគមន៍។ ក្រៅពីពឹងផ្អែកលើទេសភាពធម្មជាតិ ប្រជាពលរដ្ឋជនជាតិ Mong ក៏ផ្តោតលើការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណជនជាតិខ្លួន ដើម្បីទាក់ទាញ និងរក្សាភ្ញៀវទេសចរផងដែរ។

ភូមិជនជាតិ Mong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 1ប្រជាពលរដ្ឋជនជាតិ Mong រួមគ្នារក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន សម្រាប់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ (រូបថត៖ Huyen Trang/VOV5)

ដោយឆ្លៀតពេលប៉ូន្មានថ្ងៃដែលមានភ្ញៀវទេសចរតិចតួច លោក Mua A Nha កំពុងតុបតែងលម្អផ្ទះស្នាក់នៅបែប ហូមស្ទេ របស់ខ្លួន ហើយថែទាំចម្ការព្រូនជិត ១ ហិកតា។ មុនឆ្នាំ ២០១៩ លោក Mua A Nha ចេះតែធ្វើស្រែចំការ ដាំដំណាំពោតស្រូវប៉ុណ្ណោះ។ ក្រោយមក នៅពេលដែលគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍បានមកដល់ភូមិ លោក Nha បានក្លាយជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងវិស័យទេសចរណ៍នៅភូមិ Ta So ១។ នៅលើទឹកដីរបស់ខ្លួន លោកនិងក្រុមគ្រួសារបានសាងសង់ផ្ទះតូចៗសម្រាប់ភ្ញៀវមកស្នាក់នៅ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារលោក Mua A Nha បានក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលធ្វើទេសចរណ៍សហគមន៍ដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងភូមិ Ta So ១។ លោក Mua A Nha បានឲ្យដឹងថា៖

«តាមរយៈការធ្វើទេសចរណ៍ ខ្ញុំអាចថែរក្សាលក្ខណៈវប្បធម៌របស់ជនជាតិ Mong។ ផ្ទះហូមស្ទេរបស់ខ្ញុំ ត្រូវបានតុបតែងដោយក្បូរក្បាច់រចនានិងក្រណាត់ចរបាប់របស់ជនជាតិ Mong។ ពេលខ្ញុំសាងសង់ផ្ទះហូមស្ទេនេះ ខ្ញុំចង់គំរបវាដោយឈើមួយស្រទាប់ ដើម្បីឲ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេកំពុងមកកាន់តំបន់ធម្មជាតិ ជាមួយនឹងអត្តសញ្ញាណវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិ Mong។ ចាប់តាំងពីធ្វើទេសចរណ៍មក សេដ្ឋកិច្ចរបស់ខ្ញុំមានស្ថិរភាពជាងការដាំស្រូវពោត»។

ភូមិជនជាតិ Mong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 2ផ្ទះឈើបុរាណ ៥ ល្វែង ឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់គ្រួសារជនជាតិ Mong កាលពីអតីតកាល។ (រូបថត៖ Huyen Trang/VOV5)

ស្ថិតមិនឆ្ងាយប៉ុន្មានពីនោះទេ ក្នុងផ្ទះបុរាណមួយដែលត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៦៤ លោក Mua A Pha កំពុងធ្វើពិធីខាងព្រលឹងវិញ្ញាណជាប្រពៃណី។ ចាប់តាំងពីទេសចរណ៍សហគមន៍អភិវឌ្ឍន៍នៅក្នុងភូមិ ផ្ទះបុរាណនេះត្រូវបានអភិរក្សនិងក្លាយជាគោលដៅសម្រាប់ភ្ញៀវមកទស្សនា និងស្វែងយល់អំពីជីវភាពរស់នៅរបស់ជនជាតិ Mong។ លោក Mua A Pha បាននិយាយថា៖

«មានផ្ទះមួយចំនួនទៀតនៅក្នុងភូមិដែរ ប៉ុន្តែពួកគេបានផ្លាស់ប្តូរផ្នែកខាងក្នុងទាំងស្រុងហើយ។ ចំណែកផ្ទះរបស់ខ្ញុំនៅតែរក្សាបានស្ទើរតែដូចកាលពីដំបូង។ ពេលភ្ញៀវមក ខ្ញុំនឹងឧទ្ទេសនាមអំពីលម្អិតនីមួយៗ។ ដំបូងឡើយ ពេលភ្ញៀវមកដល់ មានល្វែងសម្រាប់អញ្ជើញភ្ញៀវផឹកទឹក និងផ្ទះបាយវិញ្ញាណ។ ល្វែងកណ្តាលត្រូវបានគេហៅថាល្វែងធំ ដែលមានទីតាំងដាក់អាសនៈចំនួនបី មានសសរទ្រដំបូល និងទ្វារធំសម្រាប់ទទួលនិងជូនដំណើរកូនក្រមុំ ឬដង្ហែសព។ បន្ទាប់មក គឺបន្ទប់គេងធំរបស់ម្ចាស់ផ្ទះ នៅទល់មុខផ្ទះបាយវិញ្ញាណ។ បន្ទប់កូនប្រុសច្បងនៅបន្ទាប់ទៀត»។

នៅក្រោមរានហាលមុខផ្ទះ អ្នកស្រី Hang Thi Chu កំពុងត្រៀមចង្ក្រានអុសតូចមួយ ចានមួយ និងក្រមួនឃ្មុំមួយចំណែកដើម្បីគូរក្បូរក្បាច់រចនា។ ការគូរដោយក្រមួនឃ្មុំគឺជាសិល្បៈតុបតែងសំលៀកបំពាក់ដ៏ស្មុគស្មាញនិងប្រណិតរបស់ស្ត្រីជនជាតិ Mong។

«ក្នុងរយៈពេលមួយថ្ងៃ ត្រឹមតែគូរបន្ទាត់ត្រង់បានប៉ុណ្ណោះ។ ចំណែកការគូរក្បូរក្បាច់រចនា ត្រូវចំណាយពេលប្រហែលបីថ្ងៃ។ យើងគូរក្បូរក្បាច់រចនាលើបន្ទះក្រណាត់ ដើម្បីពេលស្លៀកពាក់វាមើលទៅស្រស់ស្អាតណាស់ ហើយក្បូរក្បាច់រចនាមានពណ៌ស្រស់ឆើតឆាយ។ ការគូរដោយក្រមួនឃ្មុំលឿនជាង ប៉ុន្តែត្រូវការជ្រលក់ពណ៌ក្រណាត់ទៀត ដូច្នេះវាចំណាយពេលយូរជាងការប៉ាក់។ នៅពេលដែលភ្ញៀវទេសចរមកទីនេះ ពួកគេចូលចិត្តបទពិសោធន៍គូរដោយក្រមួនឃ្មុំបំផុត ព្រោះពួកគេមិនធ្លាប់ធ្វើពីមុនទេ ហើយចង់សាកល្បងណាស់»។

ភូមិជនជាតិ Mong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ - ảnh 3ការតុបតែងផ្ទះស្នាក់នៅជាមួយលំនាំប៉ាក់ និងក្បូរក្បាច់រចនាដ៏ពិសេសដោយឡែករបស់ជនជាតិ Mong។ (រូបថត៖ Huyen Trang/VOV5)

ពីមុន Ta So ១ គឺជាភូមិមួយនៅតំបន់ភ្នំ ដែលស្ទើរតែផ្ដាច់ទាំងស្រុងពីខាងក្រៅ។ ប្រជាជននៅទីនេះរស់នៅដោយឯកោ ដោយមានទំនាក់ទំនងតិចតួចជាមួយមនុស្សចម្លែក។ យ៉ាងណាមិញ ចាប់តាំងពីអភិវឌ្ឍទេសចរណ៍សហគមន៍មក ក្រៅពីសេដ្ឋកិច្ចដែលមានស្ថិរភាព ប្រជាពលរដ្ឋជនជាតិ Mong នៅទីនេះ ក៏មានឱកាសអភិវឌ្ឍន៍បំណិនជីវិតជាច្រើនផ្សេងទៀត។ លោក Mua A Di មេភូមិ Ta So ១ បាននិយាយថា៖

«ភ្ញៀវទេសចរមកភូមិ Ta So ១ អាចទទួលបានបទពិសោធន៍និងលេងល្បែងកំសាន្តជាច្រើនរបស់អ្នកស្រុកដូចជា៖ ល្បែងបោះអង្គញ់ ល្បែងជល់មាន់ និងបូកនំបាយស្អិត។ ជាពិសេស ភូមិ Ta So ១ នៅតែរក្សាបាននូវលក្ខណៈស្រស់ស្អាតប្រពៃណីមួយចំនួនដូចជា៖ ការធ្វើគែន ផ្ទះបុរាណ ជាដើម។ មុនពេលមានទេសចរណ៍ អ្នកភូមិត្រឹមតែដាំដំណាំពោតប៉ុណ្ណោះ។ ក្រោយពីមានទេសចរណ៍មក អ្នកភូមិបានចាប់ផ្តើមជួសជុលផ្លូវភូមិ តុបតែងផ្ទះ។ ជីវភាពរស់នៅរបស់អ្នកភូមិត្រូវបានលើកស្ទួយ បើធៀបនឹងការដាំពោត ហើយយើងមានពេលវេលាដើម្បីធ្វើការងារជាច្រើនទៀតដូចជា ថែទាំផ្លែឈើ ស្វាគមន៍អ្នកទេសចរ និងប្រាស្រ័យទាក់ទងជាមួយបងប្អូនជនរួមជាតិកាន់តែច្រើនផងដែរ»។

ការអភិវឌ្ឍទេសចរណ៍ដោយផ្សាភ្ជាប់ជាមួយនឹងការថែរក្សាអត្តសញ្ញាណជនជាតិ។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋជនជាតិ Mong នៅភូមិ Ta So ១។ ពួកគេយល់ថា ក្រៅពីសម្រស់ធម្មជាតិ អត្តសញ្ញាណគឺជាកត្តាដែលទាក់ទាញផ្ញៀវទេសចរមកពីគ្រប់ទិសទី។ ជនជាតិ Mong នៅ Ta So កំពុងលើកកំពស់តម្លៃប្រពៃណីទាំងនេះដើម្បីនិទានរឿងដ៏វិសេសវិសាលអំពីភូមិរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ