ភូមិធ្វើគ្រឿងសង្ហារឹមឈើ Huu Bang (ហាណូយ) កំពុងប្រែខ្លួននៅក្នុងយុគសម័យបច្ចេកវិទ្យា
(VOVWORLD) - ក្នុងសូរសំឡេងនៃការអារកាត់ ការចោះដាប់ឈើ និងក្លិនឈើស្រស់ៗ ភូមិធ្វើគ្រឿងសង្ហារឹមឈើ Huu Bang ក្នុងទីក្រុងហាណូយ កំពុងឈានចូលដំណើរមួយផ្សេង។ នៅតែជាជាងឈើ ដែលបានផ្សាភ្ជាប់ជាមួយនឹងមុខរបរនេះអស់មួយជីវិត ប៉ុន្តែឥឡូវនេះ ពួកគេត្រូវតែរៀនរបៀបក្ដាប់ជាប់ទីផ្សារ ផ្លាស់ប្តូរការរចនា និងវិធីសាស្ត្រលក់ដើម្បីរក្សារបរចិញ្ចឹមជីវិត។ សូមអញ្ជើញលោកអ្នកនាងទៅទស្សនាភូមិធ្វើគ្រឿងឈើ Huu Bang ជាកន្លែងដែលរបរសិប្បកម្មប្រពៃណីកំពុងសម្របខ្លួនដើម្បីបន្តអភិវឌ្ឍន៍ក្នុងចង្វាក់ជីវិតថ្មី។
សិប្បកម្មផលិតគ្រឿងសង្ហារឹមឈើនៅភូមិ Huu Bang។ រូបថត៖ nongnghiepmoitruong.vn |
សូរសំឡេងដ៏ជិតស្និទ្ធទាំងនេះ ត្រូវបានផ្សាភ្ជាប់ជាមួយភូមិធ្វើគ្រឿងឈើ Huu Bang អស់ជាច្រើនជំនាន់មកហើយ។ ក្នុងអតីតកាល គ្រឿងសង្ហារឹមឈើ Huu Bang ភាគច្រើនបម្រើទីផ្សារក្នុងស្រុក ដោយធ្វើតាមការរចនាបែបប្រពៃណីតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ គ្រឿងសង្ហារឹមឈើ មិនត្រឹមតែត្រូវប្រើប្រាស់បានយូរប៉ុណ្ណោះទេ ថែមទាំងត្រូវមានការរចនាស្រស់ស្អាត ទំហំសមល្មម ដើម្បីស្របនឹងកន្លែងទំនើបៗទៀតផង។ សម្ពាធនោះបានដាក់ចេញបញ្ហាប្រឈមថ្មីសម្រាប់បណ្ដាគ្រួសារដែល ប្រកបរបរនេះ។ លោក Nguyen Minh Khiem ម្ចាស់សិប្បកម្មជាងឈើ Minh Khiem នៅភូមិ Huu Bang ទីក្រុងហាណូយ បានចែករំលែកថា៖
“ពីមុន យើងត្រឹមតែត្រូវធ្វើតាមបទពិសោធន៍ដែលជីដូនជីតាបន្សល់ទុកមក គឺគ្រប់គ្រាន់ដើម្បីលក់ហើយ។ ឥឡូវនេះ វាខុសគ្នា អតិថិជនសួរសំណួរលម្អិតច្រើនណាស់ ចាប់ពីការរចនា សម្ភារៈរហូតដល់តម្លៃ ដូច្នេះយើងត្រូវផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពការរចនាថ្មីៗជាបន្តបន្ទាប់ ទៅតាមនិន្នាការ និងចំណងចំណូលចិត្តរបស់អតិថិជន។ បើគ្មានការផ្លាស់ប្តូរទេ យើងមិនអាចតាមទាន់និន្នាការបច្ចុប្បន្នបានទេ”។
របរផលិតគ្រឿងសង្ហារឹមឈើនៅ Huu Bang ផ្តល់ការងារដល់កម្មករជាច្រើន។ រូបថត៖ nongnghiepmoitruong.vn |
នៅក្នុងយុគសម័យនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលយ៉ាងខ្លាំងក្លាដូចបច្ចុប្បន្ន គ្រួសារជាច្រើននៅភូមិ Huu Bang មានការត្រិះរិះទាល់ច្រកដោយសារតម្រូវការថ្មីរបស់ទីផ្សារ។ ប៉ុន្តែជំនួសឱ្យការបោះបង់ចោលអាជីព គ្រួសារជាច្រើនបានជ្រើសរើសការសិក្សា និងកែសម្រួលវិធីសាស្រ្តដើម្បីសម្របខ្លួននិងអភិវឌ្ឍន៍។
ភាពបត់បែននេះ ត្រូវបានបង្ហាញចាប់ពីការជ្រើសរើសឈើ និងការរចនាផលិតផលរហូតដល់វិធីទាក់ទងជាមួយអតិថិជន។ ហាងជាច្រើននៅ Huu Bang បានដាក់ផលិតផលនៅលើបណ្តាញសង្គម លក់តាមអ៊ីនធឺណិត ស្វែងរកអតិថិជននៅខាងក្រៅមូលដ្ឋាន សូម្បីតែនៅតាមខេត្តឆ្ងាយៗផងដែរ។លោកស្រី Le Ha Ly ម្ចាស់សិប្បកម្មជាងឈើ Phuc Ly នៅ Huu Bang ទីក្រុងហាណូយ បាននិយាយថា៖
“សង្គមបានផ្លាស់ប្តូរហើយ ប្រសិនបើយើងមិនប្រែខ្លួនឯងទេ យើងនឹងមិនអាចតាមទាន់ទីផ្សារបានទេ។ ឥឡូវនេះ អតិថិជនចូលចិត្តគ្រឿងសង្ហារឹមឈើ ប៉ុន្តែវាត្រូវតែមានការរចនាសាមញ្ញ ទំនើប និងតម្លៃសមរម្យ។ យើងត្រូវតែមានភាពហ្មត់ចត់ជាងមុន ប៉ុន្តែក៏មានភាពបត់បែនជាងមុនផងដែរ។ វិធីសាស្រ្តលក់ក៏ត្រូវផ្លាស់ប្តូរជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ ពីមុន អតិថិជននឹងមកសិប្បកម្មឬហាងដោយផ្ទាល់ដើម្បីស្វែងរកអ្វីៗដែលពួកគេត្រូវការ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការអភិវឌ្ឍនៃវេទិកាបណ្ដាញសង្គម យើងក៏ត្រូវផ្លាស់ប្តូរវិធីសាស្ត្រធ្វើអាជីវកម្មដែរ។ យើងនៅតែរក្សាវិធីសាស្រ្តលក់បែបប្រពៃណី ប៉ុន្តែក៏ត្រូវជំរុញខ្លាំងការលក់នៅលើវេទិកាអនឡាញ ការផ្សាយផ្ទាល់ និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ ខ្ញុំសង្កេតឃើញថា វិធីសាស្រ្តនេះល្អណាស់ វាជួយសន្សំសំចៃថ្លៃដើម និងពេលវេលាច្រើន ហើយងាយស្រួលសម្រាប់អតិថិជនផងដែរ”។
ផលិតផលដែលផលិតដោយជាងឈើភូមិ Huu Bang។ រូបថត៖ nongnghiepmoitruong.vn |
ការសម្របខ្លួនទៅនឹងទីផ្សារមិនត្រឹមតែជាការផ្លាស់ប្តូរការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបរទៀតផង។ សព្វថ្ងៃនេះ ជាងឈើ Huu Bang បានរក្សាបច្ចេកទេសប្រពៃណីផង ព្រមទាំងរៀនវិធីសាស្រ្តធ្វើអាជីវកម្មថ្មីៗ ដើម្បីចិញ្ចឹមគ្រួសារនិងថែរក្សារបរសិប្បកម្ម។ ហើយការផ្លាស់ប្តូរនៃភូមិសិប្បកម្មឈើដ៏ល្បីល្បាញមួយរបស់រដ្ឋធានីបានបង្កើតទំនុកចិត្ត និងភាពងាយស្រួលសម្រាប់អតិថិជន។ លោក Nguyen Xuan Huan ដែលរស់នៅក្នុងទីក្រុងហាណូយ បាននិយាយថា៖
“គ្រឿងសង្ហារឹមឈើ Huu Bang មានភាពល្បីល្បាញជាយូរមកហើយ។ ខ្ញុំតែងតែទិញគ្រឿងសង្ហារឹមនៅទីនេះ។ ត្រូវទទួលស្គាល់ថា ជាមួយនឹងការអភិវឌ្ឍនៃអ៊ីនធឺណិត អ្វីៗគ្រប់បែបយ៉ាងបានផ្លាស់ប្តូរច្រើន។ ការរចនាមានភាពចម្រុះជាងមុន ហើយការទិញកាន់តែងាយស្រួលនិងលឿនជាងមុនដែរ។ ខ្ញុំមិនចាំបាច់ទៅហាងដោយផ្ទាល់ដើម្បីទិញទំនិញដែលខ្ញុំចូលចិត្តនោះទេ”។
ក្នុងលំហូរនៃទីផ្សារ ភូមិគ្រឿងឈើ Huu Bang ទីក្រុងហាណូយ នៅតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជារៀងរាល់ថ្ងៃ ខណៈពេលដែលរៀនវិធីសាស្ត្រថ្មីៗដើម្បីសម្របខ្លួនទៅនឹងទីផ្សារ។ រឿងរ៉ាវនៃការសម្របខ្លួនរបស់ភូមិសិប្បកម្មសព្វថ្ងៃនេះមិនត្រឹមតែជារឿងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារឿងអំពីការថែរក្សារបរចិញ្ចឹមជីវិត ការថែរក្សាអត្តសញ្ញាណ និងអនាគតរបស់ភូមិមួយដែលបានរស់នៅជាមួយឈើអស់ជាច្រើនជំនាន់មកហើយ៕