(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេត ភូមិប្រកបរបរធ្វើធូបប្រពៃណី Báo Ân ឃុំ Mai Phụ ខេត្តហាទិញ កំពុងមមាញឹកជាមួយនឹងការធ្វើផលិតកម្ម ដើម្បីបម្រើទីផ្សារបុណ្យតេតឆ្នាំ ២០២៦។ ដោយមានថ្វីដៃដ៏ប៉ិនប្រសប់ និងហ្មត់ចត់របស់កម្មករជំនាញ ធូប Bao An ត្រូវបាន អតិថិជនរស់នៅទាំងជិតឆ្ងាយជ្រើសរើសទិញដើម្បីដាក់ថ្វាយលើអាសនៈដូនតា ក្នុងអំឡុងពេលបុណ្យតេត។
តាមដងផ្លូវចូលទៅក្នុងភូមិ យើងអាចប្រទះឃើញធូបត្រូវបានហាលឲ្យស្ងួតនៅគ្រប់ទីកន្លែង។ (រូបថត៖ Kim Lieu/VOV5) |
មុខរបរធ្វើធូបនៅភូមិ Bao An មានអាយុកាលជាង ៥០ ឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជាភូមិរបរសិប្បកម្មប្រពៃណីដ៏ល្បីល្បាញរបស់វៀតណាម។ ទោះបីជាធ្វើផលិតកម្មពេញមួយឆ្នាំក៏ដោយ ប៉ុន្តែនៅចុងឆ្នាំតែងតែជាពេលវេលាកំពូល ដោយមានបរិយាកាសដ៏ប្រញាប់ប្រញាល់ជាងមុន នៅពេលដែលរថយន្តដឹកវត្ថុធាតុដើម និងផលិតផល ធ្វើដំណើរចេញចូលពីភូមិយ៉ាងមមាញឹក។លោក Le Tien Luong ប្រធានសមាគមកសិករឃុំ Mai Phu បានឲ្យដឹងថា៖
“ប្រហែលនៅពាក់កណ្តាលខែតុលា អ្នកភូមិបានផ្តោតការយកចិត្តទុកដាក់ លើការកែលម្អគ្រឿងចក្រ និងប្រមូលទិញវត្ថុធាតុដើមដើម្បីត្រៀមរៀបចំសម្រាប់ការផលិតធូប ដោយធានាបាននូវការផ្គត់ផ្គង់ផលិតផលគ្រប់គ្រាន់សម្រាប់ប្រជាជននៅក្នុង និងក្រៅខេត្ត ដូចជា ខេត្តក្វាងទ្រី និងខេត្តង៉េអាន... របរធ្វើធូបនៅក្នុងភូមិ Bao An បានផ្តល់ការងារដល់ប្រជាជននៅមូលដ្ឋាន ព្រមទាំងរក្សាបាននូវសម្រស់ប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមកផងដែរ”។
អ្នកស្រី Pham Thu Hien ដែលជាអ្នកផលិតធូបអស់រយៈពេលច្រើនឆ្នាំមកនៅក្នុងភូមិ Bao An បានចែករំលែកថា៖
“ក្នុងអំឡុងពេលមុនបុណ្យតេត យើងបានបង្កើនផលិតកម្ម ធ្វើការបន្ថែមម៉ោង និងប្រមូលផ្តុំកម្លាំងពលកម្មទាំងលើការផលិត និងការវេចខ្ចប់ ដើម្បីបំពេញតម្រូវការទីផ្សារឲ្យបានទាន់ពេលវេលា។ ក្រៅពីការផ្គត់ផ្គង់ផលិតផលនៅក្នុងខេត្ត យើងក៏ផ្គត់ផ្គង់ដល់ខេត្ត ក្រុងផ្សេងទៀតដូចជា ហាណូយ ទីក្រុងហូជីមិញ និងដាណាំង ជាដើម”។
អ្នកភូមិហាលធូបនៅក្រោមពន្លឺថ្ងៃ ដើម្បីធ្វើឱ្យក្លិនក្រអូបមានរយៈពេលយូរ។ (រូបថត៖ Kim Lieu/VOV5) |
ដើម្បីផលិតចេញសរសៃធូបក្រអូប កម្មករភូមិ Bao An ត្រូវតែជ្រើសរើសវត្ថុធាតុដើមដោយប្រុងប្រយ័ត្ន។ វត្ថុធាតុដើមទាំងនេះគឺពីធម្មជាតិទាំងស្រុង ដែលធានាសុវត្ថិភាពសម្រាប់សុខភាព រួមមាន៖ ម្សៅទេព្វិរូ ក្រវាញ ក្លាំពូ រុក្ខជាតិឱសថជាច្រើនប្រភេទ ម្សៅឈើនិងម្សៅស្អិត។ លក្ខណៈពិសេសគឺការរួមបញ្ចូលគ្នានៃរុក្ខជាតិឱសថបុរាណពី ១០ ដល់ ៣០ មុខ និងកាវពីសំបកឈើ ដើម្បីបង្កើតក្លិនក្រអូបក្ដៅ ផ្អែម និងភាពស្អិតរមួតជាធម្មជាតិ។ ជើងធូបត្រូវបានធ្វើពីឫស្សី ជ្រលក់ពណ៌ក្រហម ហើយហាលឲ្យស្ងួត”។
ក្នុងនាមជាគ្រួសារដែលបានផលិតធូបអស់រយៈពេលជាង ៣០ ឆ្នាំមកហើយលោក Ninh Van Long នៅភូមិ Bao An បាននិយាយថា៖
“របរធ្វើធូបនៅទីនេះ មានប្រពៃណីតាំងពីច្រើនជំនាន់មក។ ផលិតផលស្នូលគឺធូបសរសៃដែលបម្រើតម្រូវការជីវភាពខាងវិញ្ញាណ។ ដើម្បីឲ្យផលិតផលមានគុណភាពខ្ពស់ ត្រូវតែយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ចាប់ពីការជ្រើសរើសវត្ថុធាតុដើម ការកិន ការលាយ ការស្រោបម្សៅ រហូតដល់ការហាលពន្លឺថ្ងៃឬសម្ងួត។ សំខាន់បំផុតនោះគឺ ប្រើប្រាស់វត្ថុធាតុដើមដោយមានសុវត្ថិភាព ហើយរួមបញ្ចូលគ្នាឲ្យបានសមហេតុផលរវាងរុក្ខជាតិឱសថ និងគ្រឿងក្រអូបធម្មជាតិ ដើម្បីបង្កើតក្លិនក្រអូបដ៏បន្ធូរអារម្មណ៍។
ផលិតផលធូបស្អាតពីភូមិធូបប្រពៃណី Bao An។ (រូបថត៖ Kim Lieu/VOV5) |
ទោះបីជាអាចប្រើប្រាស់គ្រឿងចក្រក៏ដោយ ប៉ុន្តែគ្រួសារផលិតធូបជាច្រើននៅភូមិ Bao An នៅតែធ្វើដោយដៃ ចាប់ពីការលាយថ្នាំជ្រលក់ រហូតដល់ការស្រោបម្សៅ។ ដូច្នេះ ធូបនៃភូមិនេះ មានក្លិនក្រអូបតែមួយគត់ដែលត្រូវបានអតិថិជនមកពីទាំងជិតឆ្ងាយ ទុកចិត្តជ្រើសរើសដើម្បីថ្វាយលើងអាសនៈដូនតាក្នុងអំឡុងពេលបុណ្យតេត។ អ្នកស្រី Dang Thi Bich រស់នៅឃុំ Dien Chau ខេត្តង៉េអាន បាននិយាយថា៖
“ខ្ញុំពីង៉េអានមកទីនេះដើម្បីប្រមូលទិញធូប យកមកលក់។ ធូបនៃភូមិ Bao An មានក្លិនក្រអូបស្រាលៗ ហើយនៅពេលដុត ផេះធូបនឹងរួញយ៉ាងស្រស់ស្អាតណាស់។ មនុស្សជាច្រើនពេញនិយមប្រើប្រាស់ធូបនៅទីនេះ។ ក្នុងបុណ្យតេតឆ្នាំនេះ តម្រូវការធូបបានកើនឡើង ដូច្នេះខ្ញុំបានប្រមូលទិញក្នុងបរិមាណច្រើនជាងធម្មតាដើម្បីលក់”។
ឆ្លងកាត់ដំណើរការនៃការអភិរក្សនិងអភិវឌ្ឍន៍ មុខរបរធ្វើធូបនៅភូមិ Bao An (ខេត្ត ហាទិញ) នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បង្កើតការងារធ្វើ និងលើកកំបស់ប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសាររាប់សិប។ លោក Le Van Than ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Mai Phu ខេត្តហាទិញ បានឲ្យដឹងថា៖
“ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គោលនយោបាយរបស់ខេត្ត និងមជ្ឈិមបានផ្តោតលើការអភិវឌ្ឍភូមិរបរសិប្បកម្ម។ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារចំនួន ៥១ បានចូលរួមធ្វើផលិតកម្ម ដែលខ្លះមានទ្រង់ទ្រាយធំ វិនិយោគលើគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិកម្ម។ មានកម្មករអចិន្ត្រៃយ៍ចំនួន ១១៩ នាក់ ហើយកម្មករតាមរដូវជាច្រើន ដែលចូលរួមបម្រើក្នុងអំឡុងពេលបុណ្យតេត។ តាមការធ្វើស្ថិតិ ប្រាក់ចំណូលរបស់កម្មករអចិន្ត្រៃយ៍មានចាប់ពី ១៥ ទៅ ២០ លានដុងក្នុងមួយខែ”។
សរសៃធូបនីមួយៗដែលត្រូវបានថ្វាយនៅលើអាសនៈដូនតាក្នុងអំឡុងពេលបុណ្យតេត មិនត្រឹមតែបង្ហាញពីការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា ប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យលក្ខណៈដ៏ស្រស់ស្អាតនៃវប្បធម៌ប្រពៃណីវៀតណាមទៀតផង។ ហើយប្រជាជននៅភូមិធ្វើធូប Bao An ជានិច្ចកាលមានមោទនភាពដោយបានរួមចំណែកកម្លាំងដ៏តិចតួចរបស់ខ្លួន ដល់ប្រពៃណីដ៏ស្រស់ស្អាតនេះ ជាពិសេសក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ៕