(VOVWORLD) - ភូមិចម្លាក់គ្រឿងឈើវិចិត្រសិល្បៈ La Xuyen ឃុំ Yen Ninh ស្រុក Y Yen ខេត្ត Nam Dinh (ចាស់) បច្ចុប្បន្នជាឃុំ Vu Duong ខេត្ត Ninh Binh ត្រូវបានគេស្គាល់ដល់ជាយូរមកហើយ ជាលំយោលមួយនៃសិល្បៈចម្លាក់ឈើប្រពៃណីដ៏ល្បីល្បាញបំផុតនៅភាគខាងជើងប្រទេសវៀតណាម។ ដោយមានប្រវត្តិជាងមួយពាន់ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ កន្លែងនេះមិនត្រឹមតែជាទីបង្អែកផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។
ភូមិជាងឈើ La Xuyen បង្កើតបានជាផ្លូវសិប្បកម្មមួយនៅជាប់នឹងផ្លូវជាតិលេខ ១០។ (រូបថត៖ Kim Lieu/VOV5) |
ភូមិចម្លាក់គ្រឿងឈើវិចិត្រសិល្បៈ La Xuyen ឃុំ Yen Ninh ស្រុក Y Yen ខេត្ត Nam Dinh (ចាស់) បច្ចុប្បន្នជាឃុំ Vu Duong ខេត្ត Ninh Binh ត្រូវបានគេស្គាល់ដល់ជាយូរមកហើយ ជាលំយោលមួយនៃសិល្បៈចម្លាក់ឈើប្រពៃណីដ៏ល្បីល្បាញបំផុតនៅភាគខាងជើងប្រទេសវៀតណាម។ ដោយមានប្រវត្តិជាងមួយពាន់ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ កន្លែងនេះមិនត្រឹមតែជាទីបង្អែកផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។
សូរសំឡេងនៃម៉ាស៊ីនអារកាត់ និងសំឡេងចោះដាប់ឈើ តែងតែបន្លឺឡើងនៅក្នុងភូមិ La Xuyen ចាប់ពីព្រឹកព្រលឹមរហូតដល់ល្ងាច។ មិនដូចភូមិសិប្បកម្មជាច្រើនទៀតដែលធ្វើផលិតកម្មតាមលក្ខណៈឧស្សាហកម្មនោះទេ ភូមិជាងឈើ La Xuyen នៅតែរក្សាដដែលនូវលក្ខណៈសិប្បកម្មរបស់ខ្លួន។ លោក Pham Ngoc Tuan លេខាសាខាបក្ស ភូម La Xuyen ឃុំ Vu Duong ខេត្ត Ninh Binh បានឲ្យដឹងថា៖
“La Xuyen ខុសពីកន្លែងផ្សេងៗ។ ភូមិសិប្បកម្មប្រពៃណី និងភូមិចម្លាក់ឈើ ផ្តោតសំខាន់លើលម្អិតនិងក្បូរក្បាច់រចនា។ ជាងឈើឆ្លាក់ដោយដៃ មិនមែនប្រើម៉ាស៊ីនទេ។ ឧទាហរណ៍ គ្រែនិងទូឈើប្រពៃណី មិនអាចធ្វើដោយម៉ាស៊ីនបានទេ។ ជាងឈើត្រូវតែឆ្លាក់ដោយដៃ។ ដូច្នេះ លក្ខណៈដ៏ប្រណិតនេះនឹងមិនដែលរសាយបាត់ឡើយ ដោយសារគ្មានកន្លែងផ្សេងទៀតអាចធ្វើយ៉ាងដូច្នេះបានទេ”។
ជាងឈើ La Xuyen ឆ្លាក់ឈើដោយដៃទាំងស្រុង ដោយផ្តោតសំខាន់លើលម្អិតនិងក្បូរក្បាច់រចនា។ (រូបថត៖ Kim Lieu/VOV5) |
ចង្កោមឧស្សាហកម្មនៃភូមិសិប្បកម្ម La Xuyen មានផ្ទៃដី ១៦ ហិកតា ទាក់ទាញអាជីវកម្មជាង ៣០ និងគ្រឹះស្ថានផលិតកម្មជាង ១០០០ ដែលបង្កើតការងារសម្រាប់កម្មករក្នុងស្រុកប្រហែល ៥០០០ នាក់ជារៀងរាល់ឆ្នាំ។ អាជីវកម្មជាច្រើនបានវិនិយោគប្រាក់រាប់សិបពាន់លានដុងលើម៉ាស៊ីនទំនើបសម្រាប់ដំណើរការកែច្នៃឈើ ពង្រីកទំហំផលិតកម្ម ហើយបង្កើតជាផ្លូវសិប្បកម្មដ៏មមាញឹកមួយនៅជាប់នឹងផ្លូវជាតិលេខ ១០ ជាមួយនឹងហាងលក់គ្រឿងសង្ហារឹម និងផ្សារទំនើបរាប់រយកន្លែង។ ផលិតផលទាំងនេះមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញទៅកាន់ប្រទេសចិន ថៃ ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុបទៀតផង។
សិប្បករ យឿង វ៉ាន់ហៀន នាយកក្រុមហ៊ុនភាគហ៊ុន La Xuyen Vang ឃុំ Vu Duong ខេត្ត Ninh Binh បានឲ្យដឹងថា៖ “ឥឡូវនេះ ប្រព័ន្ធដឹកជញ្ជូនមានភាពងាយស្រួលខ្លាំង ផលិតផលមានការរចនាដ៏សម្បូរបែប និងមានគុណភាពល្អ ដូច្នេះអតិថិជនរបរទេស និងមកពីខេត្តឆ្ងាយៗក៏មកភូមិ ដើម្បីទិញទំនិញផងដែរ។ យើងមានបំណងចង់បង្កើតម៉ាកយីហោសម្រាប់ភូមិសិប្បកម្ម អភិវឌ្ឍន៍ខ្លាំងនូវទំនិញដែលមានគុណភាពខ្ពស់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងស្រុក និងអន្តរជាតិ”។
ផលិតផលមួយចំនួននៃភូមិជាងឈើ La Xuyen។ (រូបថត៖ Kim Lieu/VOV5) |
បច្ចុប្បន្ន ភូមិសិប្បកម្មឈើវិចិត្រសិល្បៈ La Xuyen មិនត្រឹមតែជាមជ្ឈមណ្ឌលផលិតគ្រឿងឈើប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគោលដៅដែលភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន មកទស្សនា ស្វែងយល់ទៀតផង។ អ្នកស្រី Pham Thi Phuong ម្ចាស់សិប្បកម្មគ្រឿងឈើវិចិត្រសិល្បៈ នៅ La Xuyen បានចែករំលែកថា៖
“ភ្ញៀវទេសចរបរទេសភាគច្រើនមកទស្សនា និងថតវីដេអូ អំពីភូមិសិប្បកម្ម និងផលិតផលរបស់ភូមិ។ មានក្រុមភ្ញៀវទេសចរមកពីប្រទេសចិន តៃវ៉ាន់ (ចិន) ហុងកុង ជប៉ុន និងប្រទេសអាស៊ីមួយចំនួនទៀតដែលទិញផលិតផលពីភូមិផងដែរ។ ប៉ុន្តែប្រការដ៏សំខាន់គឺ ពួកគេមកស្វែងរកប្រភពទំនិញដើម្បីនាំចូលត្រឡប់ទៅប្រទេសខ្លួនវិញ”។
គណៈគ្រប់គ្រងភូមិសិប្បកម្មនិងអាជ្ញាធរមូលដ្ឋាន កំពុងជំរុញការផ្សព្វផ្សាយម៉ាកយីហោរបរជាងឈើ La Xuyen តាមរយៈផ្សារណាត់ និងការតាំងពិព័រណ៍នានា ដោយរួមផ្សំជាមួយនឹងការអនុវត្តបច្ចេកវិទ្យាឌីជីថល។ ក្នុងពេលជាមួយគ្នានោះ លើកកម្ពស់ការអភិវឌ្ឍគំរូភូមិសិប្បកម្ម La Xuyen ដោយផ្សាភ្ជាប់នឹងទេសចរណ៍ទទួលបទពិសោធន៍។ លោក Tran Ba Huan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vu Duong ខេត្ត Ninh Binh បានមានប្រសាសន៍ថា៖
“យើងបន្តលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ដើម្បីផ្សព្វផ្សាយផលិតផលរបស់ភូមិ។ អាជីវកម្មនិងគ្រួសារផលិតកម្ម មានការតំរង់ទិសជាក់លាក់ ដោយស្របតាមចំណងចំណូលចិត្តអតិថិជន។ យើងកំពុងកសាងផែនការឃោសនា ផ្សព្វផ្សាយ និងអភិវឌ្ឍភូមិសិប្បកម្ម ដោយផ្សាភ្ជាប់ជាមួយនឹងទេសចរណ៍។ ធ្វើយ៉ាងណាដើម្បីឲ្យភ្ញៀវទេសចរមកខេត្ត Ninh Binh ខណៈពេលធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ល្បីៗផ្សេងទៀត ពួកគេនឹងឆ្លងកាត់ភូមិសិប្បកម្ម La Xuyen ដើម្បីទស្សនានិងទិញទំនិញ”។
ការថែរក្សានិងអភិវឌ្ឍសិប្បកម្មជាងឈើ La Xuyen រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បានបើកទិសដៅថ្មីមួយសម្រាប់ភូមិសិប្បកម្មប្រពៃណី ដោយរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃមូលដ្ឋានទៅកាន់ភ្ញៀវទេសចរ។ គំរូនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបានយ៉ាងពេញលេញនូវលក្ខណៈប្រពៃណីនៃរបរជាងឈើក្នុងដំណើរការធ្វើសមាហរណកម្មទៀតផង៕