កាលពី ៨០ ឆ្នាំមុន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Minh Anh/Vietnam+)

និមិត្តរូបនៃឯករាជ្យនិងអធិបតេយ្យភាព

ទង់ក្រហមផ្កាយមាសបានបង្ហាញខ្លួនជាផ្លូវការនៅទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ស្របពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ។ នោះមិនត្រឹមតែជាថ្ងៃដែលមាតុភូមិមានឈ្មោះនៅចំពោះមុខប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏ជាថ្ងៃដែលឈ្មោះវៀតណាម បានបង្ហាញខ្លួនជាផ្លូវការនៅលើផែនទីពិភពលោកទៀតផង។

ទង់ក្រហមផ្កាយមាសនៅទីលាន Ba Dinh។ (រូបថត៖ VOV)

នៅលើទង់ជាតិ ពណ៌ក្រហមតំណាងឱ្យពណ៌នៃភាពក្លៀវក្លា ឆន្ទៈ ជំនឿជាក់ ស្មារតីនៃការលះបង់ និងការតស៊ូបដិវត្តន៍។ ផ្កាយមាសតំណាងឱ្យពន្លឺនៃតួនាទីដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀត
ណាម។ ស្លាបផ្កាយទាំង ៥ តំណាងឱ្យសាមគ្គីភាពរវាងប្រជាជនគ្រប់ស្រទាប់វណ្ណៈ រួមមានបញ្ញាវ័ន្ត កសិករ កម្មករ ពាណិជ្ជករ និងយុទ្ធជនក្នុងមហាគ្រួសារបណ្ដាជនជាតិវៀតណាម។ លោកសាស្ត្រាចារ្យ Mach Quang Thang នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវិភាគថា៖

“រួមជាមួយនឹងសេចក្តីប្រកាសជាអមតៈនោះ ទង់ក្រហមផ្កាយមាសបានធ្វើជាសក្ខីភាពនៃពេលវេលាដ៏ពិសិដ្ឋនៃមាតុភូមិ៖ រដ្ឋវៀតណាមថ្មីទើបបានផ្ដល់កំណើត របបនយោបាយថ្មីទើបបានផ្ដល់កំណើត ដែលជាការផ្លាស់ប្តូរជីវិតពិតប្រាកដរបស់ប្រជាជាតិវៀតណាម ពីប្រជាជាតិស្ថិតក្រោមនឹមទាសភាព បានក្លាយទៅជាប្រជាជាតិសេរីភាព ហើយប្រកាសទៅកាន់ពិភពលោកទាំងមូលថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើងជាមួយនឹងទីតាំងមួយនៅលើផែនទីពិភពលោក។ អស់រយៈពេល៨០ឆ្នាំមកនេះ ទង់ជាតិគឺជានិមិត្តរូបនៃរបបនយោបាយ មោទនភាពជាតិ និងភាពពិសិដ្ឋនៃអធិបតេយ្យភាពជាតិ”។

ក្នុងការតស៊ូដណ្តើមឯករាជ្យរបស់ប្រជាជាតិ ទង់ជាតិគឺជាពន្លឺនាំផ្លូវ ជាទីបង្អែកខាងស្មារតី ដែលបន្ថែមកម្លាំងសម្រាប់យុទ្ធជន និងប្រជាជនវៀតណាមជំនះពុះពារលើការលំបាក ដើម្បីដណ្ដើមបានជ័យជំនះ។ ហើយនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ ទង់ក្រហមផ្កាយមាសបានបក់រវីកៗនៅលើដំបូលលេណដ្ឋានរបស់ឧត្តមសេនីយ៍ De Castries ដែលបញ្ជាក់ពីជ័យជំនះទាំងស្រុងរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu។ ជាង ២០ ឆ្នាំក្រោយមក នៅឆ្នាំ ១៩៧៥ ទង់ក្រហមផ្កាយមាសនោះ បានបក់រវីកម្តងទៀតសព្វទីកន្លែងទូទាំងប្រទេស នៅពេលដែលយុទ្ធនាការហូជីមិញទទួលបានជ័យជម្នះទាំងស្រុង ហើយមាតុភូមិត្រូវបានបង្រួបបង្រួមតែមួយ។ អតីតយុទ្ធជន Nguyen Van Tap ដែលបានបើករថក្រោះ លេខ ៣៩០ បុកដួលខ្លោងទ្វារវិមានឯករាជ្យក្នុងឆ្នាំ ១៩៧៥ បានសម្ដែងនូវអារម្មណ៍ថា៖

“ខ្ញុំរំជួលចិត្ត និងមានមោទនភាពយ៉ាងខ្លាំងចំពោះទង់ជាតិដែលជោគជាំពលីកម្មសាច់ស្រស់ឈាមស្រស់របស់ប្រជាជនជាច្រើនជំនាន់។ រូបភាពទង់ក្រហមផ្កាយមាសបក់តាមខ្យល់ គឺជាជ័យជំនះនៃជំនឿជាក់ដែកថែបលើមាគ៌ាដែលបក្សនិងលោកប្រធានហូជីមិញ បានជ្រើសរើស ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន”។

រយៈពេល ៨០ ឆ្នាំនៃទង់ក្រហមផ្កាយមាសក៏ជា ៨០ ឆ្នាំនៃការខិតខំប្រឹងប្រែងតស៊ូរបស់វៀតណាមដើម្បីដណ្ដើមនិងរក្សាខឿនឯករាជ្យនិងសេរីភាពក៏ដូចជាដើម្បីការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

មោទនភាពចំពោះពណ៌ទង់ជាតិ

ទង់ក្រហមផ្កាយមាស គឺជាមោទនភាពរបស់ប្រជាជនវៀតណាមម្នាក់ៗ ហើយរឹតតែមានមោទនភាពដោយបានឃើញទង់ជាតិបក់នៅទីលាន Ba Dinh នៅគ្រប់ទឹកដីជាប់នៃមាតុភូមិអស់រយៈពេល ៨០ ឆ្នាំកន្លងមក។ ទង់ក្រហមផ្កាយមាសក៏ជានិមិត្តរូបនៃឯករាជ្យ អធិបតេយ្យភាព និងសេចក្តីប្រាថ្នាសន្តិភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ទិដ្ឋភាពនៃពិធីគោរពទង់ជាតិនៅលើកោះមួយចំនួនក្នុងតំបន់ពិសេស Truong Sa។ (រូបថត៖ baohaiquanvietnam.vn)

នៅតំបន់ពិសេស Truong Sa ខេត្ត Khanh Hoa ពិធីគោរពទង់ជាតិមិនត្រឹមតែជាពិធីកិច្ចយោធាដ៏ឱឡារិកប៉ុណ្ណោះទេ ថែមទាំងជាការស្បថបន្តពង្រីកស្មារតីនៃបដិវត្តន៍ខែសីហា ដោយប្តេជ្ញាការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិទៀតផង។

“ការគោរពទង់ជាតិគឺជាពិធីកិច្ចដ៏ពិសិដ្ឋសម្រាប់យើង។ វាជាកិត្តិយសនិងមោទនភាពសម្រាប់យើងដែលបានបំពេញភារកិច្ចនៅលើកោះ Truong Sa។ នៅចំពោះមុខទង់ជាតិ យើងបានស្រែកហ៊ោការស្បថកិត្តិយសទាំង១០របស់កងទ័ព ដែលបង្ហាញពីភាពស្មោះត្រង់របស់យើងចំពោះបក្ស មាតុភូមិ និងប្រជាជន”។

“ពេលដែលទង់ជាតិបក់លើកោះ ហើយចម្រៀងជាតិ ត្រូវបានច្រៀងយ៉ាងកងរំពងលើកោះ ខ្ញុំមានអារម្មណ៍ថា ស្រុកកំណើតយើង មាតុភូមិយើងនៅទីនោះ ហើយបញ្ជាក់ពីអធិបតេយ្យភាពជាតិ”។

បង្គោលទង់ជាតិ Lung Cu ខេត្ត Tuyen Quang។ (ប្រភព៖ VTC News)

នៅឯបង្គោលទង់ជាតិ Lung Cu ដែលជាចំណុចប៉ូលភាគខាងជើងនៃប្រទេសវៀតណាម ទង់ជាតិទំហំ ៥៤ម៉ែត្រការ៉េ ដែលតំណាងឲ្យជនជាតិភាតរទាំង៥៤ ត្រូវបានបង្ហូតលើបង្គោលទង់ជាតិនៅលើកំពូលភ្នំ នាគ។ ចង្វាក់ភ្លេងវីរភាពនៃចម្រៀងជាតិបានបន្លឺឡើង បញ្ជាក់ពីអធិបតេយ្យភាពជាតិ។ ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Ca Mau ដែលជាចំណុចប៉ូលភាគខាងត្បូងនៃមាតុភូមិ ក៏មានទង់ជាតិដ៏ពិសិដ្ឋផងដែរ។

ចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៧៧ ទង់ក្រហមផ្កាយមាសរបស់ប្រជាជាតិវៀតណាម ត្រូវបានបង្ហូតឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដែលកត់សម្គាល់ថា វៀតណាមបានក្លាយជាសមាជិកទី ១៤៩ នៃអង្គការពហុភាគីដ៏ធំបំផុតរបស់ពិភពលោក បើកផ្លូវសម្រាប់ដំណើរសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយរបស់វៀតណាម។

មិនយូរប៉ុន្មានក្រោយមក ទង់ក្រហមផ្កាយមាស មានវត្តមានកាន់តែច្រើនឡើង នៅក្នុងវេទិកាអន្តរជាតិពហុភាគី ដូចជា៖ កិច្ចប្រជុំកំពូលនៃបណ្ដាខឿនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាដើម។

កម្លាំងរក្សាសន្តិភាពរបស់វៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់ប្រទេស និងប្រជាជនវៀតណាមដែលស្រឡាញ់សន្តិភាពដល់មិត្តភក្តិអន្តរជាតិ។ (រូបភាព៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម)

ទង់ក្រហមផ្កាយមាស ក៏ត្រូវបានបង្ហូតឡើងនៅឯបេសកកម្មរក្សាសន្តិភាពវៀតណាមនៅអាហ្វ្រិកដែលកត់សម្គាល់ការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោកផងដែរ។ លោកឧត្តមសេនីយត្រី Mohammad Nazmul Haque ប្រធានសេនាធិការនៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិបានវាយតម្លៃថា៖

“ខ្ញុំរីករាយណាស់ ដោយទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនស៊ូដង់ខាងត្បូង និង Abyei ចំពោះការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ជាពិសេសក្រុមកងវិស្វកម្ម និងកងពេទ្យកម្រិត២ ចាប់តាំងពីអ្នកបានដាក់ពង្រាយទៅកាន់ UNISFA និង UNMISS...ខ្ញុំជឿជាក់ថា នៅពេលខាងមុខ អ្នកនឹងបន្តទទួលបានសមិទ្ធផលពីការលះបង់ និងការសន្យារបស់ខ្លួន ចំពោះបេសកកម្ម ក៏ដូចជាចំពោះសហគមន៍មូលដ្ឋានដែលអ្នកកំពុងបម្រើ”។

មិនត្រឹមតែបង្ហាញខ្លួននៅទីស្នាក់ការអង្គការពហុភាគី និងសន្និសីទអន្តរជាតិប៉ុណ្ណោះទេ ទង់ជាតិវៀតណាមក៏បានបង្ហាញខ្លួនយ៉ាងឱឡារិកនៅស្ថានទូតវៀតណាមប្រចាំប្រទេសនានាទៀតផង។ វត្តមាននៃទង់ជាតិវៀតណាម គឺជាសក្ខីភាពនៃដំណើរធ្វើសមាហរណកម្មរបស់ប្រទេសជាតិ៖ ពីប្រទេសអាណានិគមមួយដែលរងការជាន់ឈ្លី ទៅជាប្រទេសឯករាជ្យ ដែលមានសំឡេង និងជំហរលើឆាកអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានមានប្រសាសន៍ថា៖

“ពីប្រទេសដែលត្រូវគេឡោមព័ទ្ធ និងដាក់ឲ្យនៅឯកោ វៀតណាមបច្ចុប្បន្នមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ បង្កើតបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣៨ រួមទាំងប្រទេសទាំងអស់ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេស G7 ប្រទេស G20 ភាគច្រើន ហើយ វៀតណាមក៏ជាសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិជាង ៧០ ផងដែរ”។

ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក នៅលើដំណើរដ៏ភ្លឺស្វាងរបស់ប្រជាជាតិ វត្តមាននៃទង់ក្រហមផ្កាយមាសនៅលើផែនទីនយោបាយពិភពលោក បានក្លាយទៅជាកម្លាំងមួយដើម្បីលើកកំពស់ឋានៈរបស់ប្រទេសជាតិ ព្រមទាំងជាកម្លាំងចលករជួយបដិវត្តន៍វៀតណាមជំនះពុះបារលើការលំបាកដើម្បីទទួលបានសមិទ្ធិផលនៅលើឆាកអន្តរជាតិផងដែរ

ផ្លូវទង់ជាតិនៅភូមិ Suoi Lin ឃុំ Van Ho ខេត្ត Son La បានក្លាយជាទីកន្លែងដ៏ពិសេសក្នុងអំឡុងថ្ងៃសរទៈរដូវជាប្រវត្តិសាស្ត្រ។ (រូបថត៖ VOV)

ទង់ផ្កាយក្នុងថ្ងៃបុណ្យជាតិ

ក្រោយរយៈពេល ៨០ ឆ្នាំចាប់តាំងពីទង់ជាតិក្រហមផ្កាយមាសបក់រវីកៗនៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ និង៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី វៀតណាមបច្ចុប្បន្នមានអានុភាព ឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហានៅកម្រិតតំបន់និងពិភពលោក។ សមិទ្ធិផលក្នុងរយៈពេល ៨០ ឆ្នាំមកនេះ គឺជាកម្លាំងចលករសម្រាប់ប្រជាជាតិវៀតណាមឆ្ពោះទៅរកអនាគតដ៏ភ្លឺត្រចះត្រចង់។

ពីប្រទេសក្រីក្រ និងដើរថយក្រោយ វៀតណាមបានរួចផុតពីក្រុមប្រទេសដែលមានចំណូលទាបតាំងពីឆ្នាំ ២០០៨។ ពីប្រទេសដែលខ្វះខាតស្បៀងអាហារ វៀតណាមបានក្លាយជាប្រទេសឈានមុខគេក្នុងការនាំចេញអង្ករ និងកសិផលជាច្រើនទៀតនៅលើពិភពលោក។ អត្រាគ្រួសារក្រីក្របានថយចុះពី ៥៨% ក្នុងឆ្នាំ ១៩៩៣ មកត្រឹម១,៩% ក្នុងឆ្នាំ ២០២៤ យោងតាមស្តង់ដារភាពក្រីក្រពហុវិមាត្រ។

វៀតណាមបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី៣២លើពិភពលោក; GDP ជាមធ្យមក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០២៥ កើនជិត ២៥ ដងក្រោយពីបីទសវត្សរ៍; អាយុជាមធ្យមបានកើនពី ៦២ ឆ្នាំក្នុងឆ្នាំ ១៩៩០ ដល់ប្រហែល ៧៤,៧ ឆ្នាំក្នុងឆ្នាំ ២០២៥។ សន្ទស្សន៍សុភមង្គលយោងតាមចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៥ បានកើនឡើង ៨ កាំ ធៀបនឹងឆ្នាំ ២០២៤ ដោយជាប់ចំណាត់ថ្នាក់៤៦/១៤៣ ប្រទេស។

សេចក្តីប្រាថ្នារបស់ប្រជាជាតិអំពីការ “ប្រកៀកស្មាគ្នាជាមួយមហាអំណាច” កំពុងមានឱកាសយុទ្ធសាស្ត្រដើម្បីសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតផ្នែកការទូតវៀតណាម កាលពីថ្ងៃទី ២៥ ខែសីហា លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ វៀតណាមត្រូវតែស្ទុះឈានទៅមុខ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ជាប្រទេសប្រកបដោយភាពខ្លាំងមាំមួន វិបុលភាព និងសុភមង្គល។ នោះគឺជាការបញ្ជានៃប្រាជ្ញានិងបេះដូង ជាសេចក្តីប្រាថ្នាដ៏ធំធេងអំពីការប្រកៀកស្មាគ្នាជាមួយនឹងមហាអំណាចលើទូទាំងពិភពលោក របស់លោកប្រធានហូជីមិញ តាំងពីប៉ុន្មានថ្ងៃដំបូងបង្កើតប្រទេសជាតិ និងរបស់ប្រជាជាតិវៀតណាមទាំងមូល”។

យន្តការ និងគោលនយោបាយទម្លុះទម្លាយជាច្រើនត្រូវបានស្នើឡើង ដើម្បីកៀរគរនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍គំរូសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនោះ យន្តការ និងគោលនយោបាយពិសេស ដែលមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិត្រូវបានអនុវត្តន៍ចំពោះតំបន់កម្លាំងចលករ និងប៉ូលកំណើនផងដែរ។ សាស្ត្រាចារ្យ Liu Anh វិទ្យាស្ថានសិក្សាហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យប្រជាជនចិនបានធ្វើអធិប្បាយថា៖

“ខ្ញុំជឿជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមមានភាពស្វាហាប់ និងមាននិរន្តរភាព។ ទន្ទឹមនឹងការកែទម្រង់នយោបាយ និងរដ្ឋបាល ខ្ញុំជឿជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនឹងកាន់តែមានគុណភាព និងកម្រិតខ្ពស់។ យថាទស្សន៍នាពេលអនាគតរបស់វៀតណាមគឺពោរពេញទៅដោយសក្ដានុពល កម្លាំងចលករ និងកម្លាំងរស់”។

វៀតណាមក៏កំពុងផ្លាស់ប្តូរពី "ការចូលរួមយ៉ាងសកម្ម" ទៅជា "ការរួមចំណែកក្នុងការកសាងនិងបង្កើតច្បាប់លេង" ដោះស្រាយដោយសុខដុមរមនាក្នុងទំនាក់ទំនងជាមួយមហាអំណាច ក៏ដូចជាជាមួយមជ្ឈមណ្ឌអំណាចនានារបស់ពិភពលោក។ លោក John McAuliff នាយកប្រតិបត្តិនៃមូលនិធិសហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សា និងការអភិវឌ្ឍ បានចាត់ទុកថា៖

“ខ្ញុំគិតថាពេលនេះជាពេលវេលាដែលវៀតណាម ដើរតួនាទីដ៏សកម្មជាងមុន ដែលអាចដើរតួនាទីតភ្ជាប់ប្រទេសនានា មិនត្រឹមតែក្នុងការផ្សះផ្សាប៉ុណ្ណោះទេ ថែមទាំងក្នុងការកសាងទំនុកចិត្តរវាងប្រទេសនានា ជាពិសេសប្រទេសដែលមានជម្លោះ និងការខ្វែងគំនិតគ្នាទៀតផង។ វៀតណាមអាចទាញយកបទពិសោធន៍របស់ខ្លួនក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពនៅចំណុចដ៏ក្តៅគគុក ដើម្បីជួយប្រទេសនានាក្នុងការសន្ទនាដោះស្រាយជម្លោះ។

កាលពី ៨០ ឆ្នាំមុន នាថ្ងៃទី ២ ខែកញ្ញា ទង់ក្រហមផ្កាយមាសបានបក់តាមខ្យល់នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រហើយថ្ងៃនេះ ទីលាន Ba Dinh រដ្ឋធានីហាណូយ និងសព្វកន្លែងទូទាំងប្រទេសក៏ពោរពេញដោយទង់ក្រហម ដែលជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងដែលកំពុងរង់ចាំប្រជាជាតិវៀតណាម។

វគ្គហាត់សមថ្នាក់រដ្ឋនៃពិធីព្យុហយាត្រា ដង្ហែរក្បួន អបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥។ (រូបថត៖ VOV)

ទីស្នាក់ការរបស់ស្ថាប័ន សហគ្រាស លំនៅឋាន និងហាងជាច្រើនត្រូវបានតុបតែងដោយទង់ជាតិនិងផ្កាយ៉ាងស្រស់ឆើតឆាយ។ ទង់ជាតិតូចៗរាប់ពាន់ទង់បង្កើតជាដំបូលពណ៌ក្រហមដូចកំរាលដ៏រស់រវើកដែលត្បាញដោយក្តីស្នេហាចំពោះមាតុភូមិ នៅតាមគ្រប់ច្រកល្ហក។ ក្នុងចំណោមហ្វូងមនុស្សដើរចូលមកទីលាន Ba Dinh លោកស្រី Do Thi Bich Thuc មកពី Bac Ninh មានអារម្មណ៍ថា៖

“ខ្ញុំមានមោទនភាព រំជួលចិត្ត និងសប្បាយរីករាយយ៉ាងក្រៃលែង។ មនុស្សគ្រប់រូបមានអារម្មណ៍ដូចគ្នា គឺមានមោទនភាពជាជនជាតិវៀតណាម ហើយមោទនភាពចំពោះជ័យជំនះ និងទំព័រប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិទាំងមូល ក្រោយរយៈ៨០ឆ្នាំនៃឯករាជ្យ”។

មិនត្រឹមតែនៅទីលាន Ba Dinh ប៉ុណ្ណោះទេ ស្មារតីស្នេហាជាតិ និងមោទនភាពជាតិបានរីក
សាយភាយយ៉ាងខ្លាំងក្លាតាមគ្រប់ច្រកល្ហកក្នុងទីក្រុងហាណូយ។ ផ្លូវដែលបានគ្របដណ្ដប់ដោយទង់ជាតិនិងផ្កា បានក្លាយជាកន្លែងតភ្ជាប់ប្រជាជនវៀតណាមដែលពោរពេញដោយសេចក្ដីស្នេហាចំពោះមាតុភូមិ។

រយៈ ៨០ ឆ្នាំក្រោយថ្ងៃឯករាជ្យ កម្លាំងដ៏ធំបំផុតនៃទង់ជាតិមិនត្រឹមតែស្ថិតនៅពណ៌ក្រហម និងផ្កាយមាស ៥ ជ្រុងប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅជំនឿជាក់របស់ប្រជាជនរាប់លាននាក់ចំពោះតម្លៃដ៏ពិសិដ្ឋនៃឯករាជ្យ សន្តិភាព និងការអភិវឌ្ឍទៀតផង។ ប្រសិនបើឯករាជ្យត្រូវបានប្ដូរយកដោយសាច់ស្រស់ឈាមស្រស់នោះ សន្តិភាពគឺជាលទ្ធផល។ ប្រសិនបើដូនតាបានធ្វើពលីកម្មដើម្បីការពារទង់ជាតិនោះ ប្រជាជនវៀតណាមជំនាន់បច្ចុប្បន្នកំពុងប្រើបញ្ញា និងស្មារតីទទួលខុសត្រូវ ដើម្បីធ្វើឲ្យទង់ជាតិនោះ បក់រវីកៗនៅលើផែនទីពិភពលោក៕