សហភាពអឺរ៉ុប និង MERCOSUR បានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូងក្នុងឆ្នាំ ២០០០។ ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសសហភាពអឺរ៉ុបបានធ្វើឱ្យដំណើរការចរចារមានភាពជាប់គាំង អស់រយៈពេលដ៏យូរ មុនពេលភាគីទាំងពីរបានសុក្រឹត្យសេចក្តីព្រាងឯកសារចុងក្រោយនៅចុងឆ្នាំ២០២៤។

EU ខិតខំប្រឹងប្រែងធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មពិភពលោក។ រូបថត៖ THX/TTXVN

កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ

ការដែលគណៈកម្មការអឺរ៉ុប (EC) ផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR បានបញ្ចប់ការចរចាអូសបន្លាយរយៈពេលយូរបំផុតរបស់ប្លុកនេះ ជាមួយដៃគូពាណិជ្ជកម្ម។ ប្រសិនបើត្រូវបានអនុម័ត ដោយប្រទេសសមាជិក EU ទាំង២៧ និងសមាជិក MERCOSUR ទាំងអស់ (ប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ បូលីវី) កិច្ចព្រមព្រៀងនេះនឹងបង្កើតជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោក ជាមួយអ្នកប្រើប្រាស់ប្រហែល ៧០០ លាននាក់។ សម្រាប់ MERCOSUR កសិកម្មគឺជាវិស័យដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត នៅពេលដែលផលិតផលកសិកម្ម របស់មហាអំណាច់កសិកម្មដូចជាប្រេស៊ីលនិងអាហ្សង់ទីន នឹងត្រូវបាននាំចេញទៅកាន់អឺរ៉ុបក្នុងអត្រាពន្ធទាបនិងឧបសគ្គតិចជាង។

យោងតាមកិច្ចព្រមព្រៀងនេះ MERCOSUR នឹងលុបចោលពន្ធនាំចូលលើទំនិញ ៩១% ពីសហភាពអឺរ៉ុបជាបណ្តើរៗ។ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយសហគ្រាសនាំចេញរបស់អឺរ៉ុប សន្សំការចំណាយពន្ធជាង ៤ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ និងបង្កើនតម្លៃនាំចេញប្រចាំឆ្នាំរបស់ EU ទៅកាន់ប្លុកនេះ ឡើងដល់ ៣៩% ស្មើនឹង៤៩ពាន់លានអឺរ៉ូ។ កិច្ចព្រមព្រៀងជាមួយ MERCOSUR បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ EU ក្នុងបរិបទដែល EU កំពុងចាត់ទុកការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម គឺជាយុទ្ធសាស្ត្រស្នូលនាពេលខាងមុខ សំដៅឆ្លើយតបទៅនឹងហានីភ័យក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូធំបំផុតរបស់ខ្លួន គឺអាមេរិកនិងចិន។ នាថ្ងៃទី ៣ ខែកញ្ញា EC បានដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបនូវសំណើដើម្បីចុះហត្ថលេខានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសកល EU-Mexico ទំនើប (MGA)។ ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic បានប្រកាសថា៖ "នេះមិនត្រឹមតែជាពេលវេលាដ៏សំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់ EU ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អនាគតសេដ្ឋកិច្ចរបស់ប្លុកផងដែរ។ កិច្ចព្រមព្រៀង EU-MERCOSUR និងកិច្ចព្រមព្រៀងសកល EU-Mexico ទំនើប មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ។ ទាំងអស់នេះ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលជួយកំណត់តួនាទីរបស់អឺរ៉ុបនៅក្នុងសេដ្ឋកិច្ចពិភពលោកសម្រាប់ទសវត្សរ៍ខាងមុខទៀតផង"។

សម្រាប់ MGA ប្រសិនបើត្រូវបានអនុម័ត សហភាពអឺរ៉ុបក៏នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីទីផ្សារមានប្រជាជនជាង ១៣០ លាននាក់នៅក្នុងប្រទេសម៉ិកស៊ិក ដែលជាសេដ្ឋកិច្ចធំទីពីរនៅអាមេរិកឡាទីន។ បច្ចុប្បន្ននេះ ការជួញដូរទំនិញ និងសេវាកម្មរវាងភាគីទាំងពីរមានតម្លៃជាង ៨១ ពាន់លានដុល្លារក្នុងមួយឆ្នាំ បង្កើតការងារធ្វើជាង ៦៣០.០០០ កន្លែងនៅអឺរ៉ុប។

យន្តការការពារកសិកម្ម

បើទោះបីត្រូវបានចាត់ទុកថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ EU នៅពេលនេះក៏ដោយ កិច្ចព្រមព្រៀង EU-MERCOSUR នឹងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ក្នុងដំណើរការផ្តល់សច្ចាប័នក្នុងប្រទេសសមាជិក EU នីមួយៗ។ បច្ចុប្បន្ននេះ ប្រទេសសមាជិក EU ភាគច្រើន រួមទាំងអាល្លឺម៉ង់និងម៉ិកស៊ីក បានគាំទ្រកិច្ចព្រមព្រៀងជាមួយ MERCOSUR។ ប្រទេសទាំងនេះជឿជាក់ថា កិច្ចព្រមព្រៀង EU-MERCOSUR នឹងជួយបន្ថយការខាតបង់សេដ្ឋកិច្ចរបស់អឺរ៉ុបដោយសារគោលនយោបាយពន្ធដារបស់អាមេរិក និងកាត់បន្ថយការពឹងផ្អែករបស់ EU ទៅលើប្រទេសចិន ជាពិសេសក្នុងវិស័យរ៉ែ និងវត្ថុធាតុដើមសំខាន់ៗ។

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចធំៗចំនួន ២ ផ្សេងទៀតរបស់ EU គឺបារាំង និងប៉ូឡូញ បានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងជាមួយ MERCOSUR ដោយហេតុផលថា តម្លៃកសិផលថោក និងមិនអនុលោមតាមស្តង់ដារបរិស្ថានរបស់ MERCOSUR អាចបង្កការខូចខាតដល់វិស័យកសិកម្មអឺរ៉ុប។ ទាំងបារាំង និងប៉ូឡូញបានប្រកាសម្តងហើយម្តងទៀតនូវលក្ខខណ្ឌបច្ចុប្បន្ននៃកិច្ចព្រមព្រៀងជាមួយ MERCOSUR គឺ "មិនអាចទទួលយកបានឡើយ" ហើយបានព្រមានថា នឹងរារាំងកិច្ចព្រមព្រៀងនេះ ប្រសិនបើបទប្បញ្ញត្តិកសិកម្មមិនត្រូវបានផ្លាស់ប្តូរ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk កាលពីថ្ងៃទី ៣ ខែកញ្ញាបានប្រកាសថា៖ “យើងបានយល់ព្រមជាមួយភាគីបារាំងថា ប្រសិនបើពួកគេមិនចង់ចូលរួមជាមួយយើងក្នុងការរារាំងកិច្ចព្រមព្រៀងនេះ យ៉ាងហោចណាស់ពួកគេគួរតែធ្វើការជាមួយយើងដើម្បីរៀបចំយន្តការការពារមួយ។ ប្រការនេះមានន័យថា ប្រសិនបើកិច្ចព្រមព្រៀងបានចូលជាធរមាន ហើយមានសញ្ញាអវិជ្ជមានណាមួយទាក់ទងនឹងទីផ្សារកសិកម្មនោះ គណៈកម្មការអឺរ៉ុបគួរតែអនុវត្តយន្តការការពារជាបន្ទាន់ ពោលគឺការតម្លើងពន្ធនាំចូលឡើងវិញ”

ដើម្បីបន្ធូរបន្ថយក្តីកង្វល់ពីវិស័យកសិកម្មអឺរ៉ុប គណៈកម្មការគ្រោងនឹងបន្ថែម “ឯកសារផ្លូវច្បាប់”មួយ ទៅក្នុងកិច្ចព្រមព្រៀងជាមួយ MERCOSUR ដើម្បីពង្រឹងការការពារសម្រាប់ “ផលិតផលដែលងាយរងគ្រោះរបស់អឺរ៉ុប”។ EC បានសន្យាថា នឹងធ្វើអន្តរាគមន៍ប្រសិនបើការនាំចូលមានផលប៉ះពាល់អវិជ្ជមានដល់ផ្នែកទំនិញដូចជា សាច់គោ បសុបក្សី ស្ករ និងអេតាណុល។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការប្រឆាំងជំទាស់ពីប្រទេសសមាជិកមួយចំនួន សហភាពអឺរ៉ុបក៏ត្រូវការស្វែងរកដំណោះស្រាយដើម្បីបន្ធូរបន្ថយប្រតិកម្មរបស់សហជីពកសិកម្មអឺរ៉ុបជាច្រើន ដែលចាត់ទុកកិច្ចព្រមព្រៀងនេះជាការគំរាមកំហែងដោយផ្ទាល់ដល់អត្ថប្រយោជន៍របស់កសិករអឺរ៉ុប៕