វៀតណាមនិងនូវែលសេឡង់បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥។ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ រួមទាំងនូវែលសេឡង់ផងដែរ។ ទន្ទឹមនឹងនោះ នូវែលសេឡង់ជានិច្ចកាលអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀតណាម; ចាត់ទុកវៀតណាមជាកត្តាសំខាន់ក្នុងគោលនយោបាយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ខ្លួន។

ប្រភព៖ chinhphu.vn

កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ

នាពេលកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ប្រកបដោយភាពវិជ្ជមាននិងមានប្រសិទ្ធភាព ជាមួយនឹងការរក្សានូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគី។ ទាក់ទងនឹងពាណិជ្ជកម្មនិងការវិនិយោគ បច្ចុប្បន្ននេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់នូវែលសេឡង់ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ និង ២០២៤ សម្រេចបានប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន នូវែលសេឡង់មានគម្រោងវិនិយោគចំនួន ៥៥ នៅវៀតណាមដែលមានទុនវិនិយោគសរុបចំនួន ២០៨ លានដុល្លារអាមេរិក ភាគច្រើនលើវិស័យអប់រំ និងបណ្តុះបណ្តាល កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំណង់។ ទន្ទឹមនឹងនោះ ដោយមានទុនវិនិយោគចុះបញ្ជីសរុបចំនួន ៤៣,៩ លានដុល្លារអាមេរិក គម្រោងវិនិយោគរបស់វៀតណាមនៅនូវែលសេឡង់ផ្តោតលើវិស័យឧស្សាហកម្មផលិតកម្មនិងកែច្នៃ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ លក់ដុំនិងលក់រាយ ការនាំចូល និងកសិកម្ម។

កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនទៀតក៏បន្តអភិវឌ្ឍន៍ ដោយសម្រេចបាននូវលទ្ធផលលើកទឹកចិត្តជាច្រើន។ ភាគីទាំងពីរកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។ ក្រឡែកមើលឡើងវិញដំណើរ ៥០ឆ្នាំកន្លងទៅ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford បានចាត់ទុកថា៖ “ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានធ្វើដំណើរដ៏វែងឆ្ងាយ។ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍជាបណ្តើរៗ ជាមួយនឹងទំនាក់ទំនងថ្មីៗជាច្រើន។ សព្វថ្ងៃនេះ ទំនាក់ទំនងនេះគឺរឹងមាំជាងរយៈពេល ៥០ ឆ្នាំមុន។ ក្នុងនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីគ្របដណ្តប់លើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា៖ នយោបាយ សេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវ និងការអប់រំ...”។

ជាពិសេស បន្ទាប់ពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅប្រទេសនូវែលសេឡង់ ក្នុងខែមីនា ឆ្នាំ ២០២៤ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ ហើយភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងនេះឡើងដល់កម្ពស់ថ្មី។

ឱកាសសហប្រតិបត្តិការថ្មីៗជាច្រើន

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christoper Luxon គឺជាដំណើរទស្សនកិច្ចពិសេសក្នុងបរិបទឆ្នាំ ២០២៥ នេះគឺរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - នូវែលសេឡង់ និងរយៈពេល ៥ ឆ្នាំនៃការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងនូវែលសេឡង់។ ដូច្នេះហើយ ដំណើរទស្សនកិច្ចលើកនេះត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីវៀតណាម - នូវែលហ្សេឡង់អភិវឌ្ឍន៍កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

អមដំណើរជាមួយលោកនាយករដ្ឋមន្រ្តី Luxon ក្នុងដំណើរទស្សនកិច្ចនេះ មានគណៈប្រតិភូនៃប្រមុខដឹកនាំធុរកិច្ចណូវែលហ្សេឡង់ធំៗចំនួន ២០នាក់។ នេះជាឱកាសសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរតភ្ជាប់ និងកសាងភាពជាដៃគូថ្មី។ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនក្នុងវិស័យអប់រំ បណ្តុះបណ្តាល ពាណិជ្ជកម្ម សេដ្ឋកិច្ច អាកាសចរណ៍ ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោងនឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះដែរ។ យោងតាមឯកអគ្គរដ្ឋទូត Caroline Beresford នេះជាឱកាសសម្រាប់ប្រទេសទាំងពីរបើកទូលាយវិស័យសហប្រតិបត្តិការថ្មីៗជាច្រើន៖ “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី និងគណៈប្រតិភូពាណិជ្ជកម្មដ៏ធំមួយនេះ មិនត្រឹមតែដើម្បីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងពង្រឹង ពង្រីក និងអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូសំខាន់ៗដូចជាវៀតណាមផងដែរ។ ប្រសិនបើយើងគិតពីទំនាក់ទំនងជាក្រណាត់មួយ ផ្ទាំងរចនាសម្ព័ន្ធនៃទំនាក់ទំនងនោះប្រៀបប្រដូចជាសរសៃអំបោះ ដែលត្បាញជាមួយគ្នាដើម្បីបង្កើតភាពរឹងមាំ។ ហើយក្នុងន័យនេះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Luxon ទៅកាន់វៀតណាមមានគោលបំណងពង្រឹងនិងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន ដូចបច្ចុប្បន្ន”

យោងតាមឯកអគ្គរដ្ឋទូត Caroline Beresford នូវែលសេឡង់វាយតំលៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានលើកទី២ ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងអស្ថិរភាពជាច្រើន។ ឆ្នាំ ២០២៥ ក៏រំលឹកខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រនូវែលសេឡង់-អាស៊ានផងដែរ។ ដូច្នេះហើយ តាមរយៈដំណើរទស្សនកិច្ចនេះ នូវែលហ្សេឡង់ក៏ចង់បញ្ជាក់ពីការគាំទ្រ ហើយនឹងបន្តពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ជាមួយមានអត្ថន័យទាំងនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ របស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងបន្តរួមចំណែកក្នុងការបង្រួបបង្រួម និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់ឱ្យកាន់តែជាក់ស្តែងនិងមានងប្រសិទ្ធភាព៕