សន្និសីទសន្តិសុខទីក្រុង Munich បានផ្តោតលើបញ្ហាជម្លោះនៅអ៊ុយក្រែន(រូបថត៖ securityconference.org)

ចំណុចរបត់សម្រាប់ជម្លោះអ៊ុយក្រែន

ពីរថ្ងៃមុនពេល MSC ៦១ បើក នៅថ្ងៃទី ១២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីចាប់ផ្តើមការចរចាស្តីពី ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ គួរកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកមិនបាន ពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប មុនពេលធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ រុស្ស៊ីទេ ហើយក៏គ្រាន់តែជូនដំណឹងទៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោយមកប៉ុណ្ណោះ។ យោងតាមអ្នកសង្កេតការណ៍ កាយវិការនេះរបស់ប្រធានា ធិបតីអាមេរិក លោក Donald Trump អាចបង្កើតចំណុចរបត់ដ៏សំខាន់មួយដើម្បីជួយ បញ្ចប់ជម្លោះក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងមកនៅអ៊ុយក្រែន ប៉ុន្តែម្យ៉ាងវិញទៀត វាក៏ធ្វើ ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើន រួមទាំងអ៊ុយក្រែន មិនសប្បាយចិត្តដែរ ដោយសារតែពួកគេ មានហានិភ័យត្រូវដាក់ឲ្យនៅខាងក្រៅពីការចរចារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។

ក្តីបារម្ភនេះកាន់តែធំឡើង នៅពេលដែលលោក Donald Trump បានប្រកាស គាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១២ ខែកុម្ភៈ ជាមួយរដ្ឋមន្ត្រីការពារជាតិនៃអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថា គំនិតចូលជាសមាជិកអង្គការណាតូរបស់ អ៊ុយក្រែនគឺ "មិនអាចទៅរួចទេ" ហើយថា គោលបំណងរបស់អ៊ុយក្រែនចង់ស្ដារទឹកដី របស់ខ្លួនទៅជាសភាពមុនឆ្នាំ ២០១៤ គឺ “មិនប្រាកដប្រជា” ដែរ។ នៅក្នុងប្រតិកម្មរួម ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ប្រទេសអឺរ៉ុបភាគច្រើន រួមទាំងចក្រភព អង់គ្លេសបានប្រកាសថា "នឹងមិនមានដំណោះស្រាយសន្តិភាពយូរអង្វែងសម្រាប់ អ៊ុយក្រែនទេ ប្រសិនបើគ្មានការចូលរួមពីអឺរ៉ុបក្នុងការចរចា"។ រដ្ឋមន្ត្រីការពារជាតិ លីទុយអានី លោកស្រី Dovile Sakaliene បានព្រមានថា៖

“ឬយើងធ្លាក់ចូលក្នុងការស្រមើស្រមៃថា លោក Donald Trump និង លោក Vladimir Putin នឹងរកឃើញដំណោះស្រាយសម្រាប់យើងទាំងអស់គ្នា ហើយនោះគឺជាអន្ទាក់ មរណៈមួយ។ ឬអឺរ៉ុបត្រូវតែប្រើកម្លាំងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងយោធារបស់ខ្លួន ដើម្បី រួមជាមួយអាមេរិក សម្រេចថា តើអ្វីៗនឹងកើតឡើងនៅអឺរ៉ុប និងនៅអ៊ុយក្រែន”។

យោងតាមលោក Volodymyr Ohryzko អតីតរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សារុស្ស៊ី បណ្តាប្រទេសនៅអឺរ៉ុប និងរដ្ឋា ភិបាលអ៊ុយក្រែនចាំបាច់ត្រូវឆ្លៀតយកជាអតិបរមានូវជំនួបប្រាស្រ័យជាន់ខ្ពស់នៅ MSC ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យគាំទ្រទស្សនៈរបស់អឺរ៉ុប។

“សហរដ្ឋអាមេរិកនាបច្ចុប្បន្នមិនទាន់មានទស្សនៈចុងក្រោយនៅឡើយទេ។ នោះគឺជាការសន្និដ្ឋានពីអ្វីគ្រប់បែបយ៉ាងដែលយើងកំពុងមើលឃើញ។ ហេតុដូច្នេះ ខ្ញុំគិតថានៅពេលនេះ គោលដៅសំខាន់នៃកិច្ចការបរទេសរបស់អ៊ុយក្រែន គឺត្រូវតែ បង្កើតទស្សនៈនេះ ឬត្រឹមត្រូវជាងនេះទៅទៀត គឺជួយក្រុមសហការីរបស់លោក Trump បង្កើតទស្សនៈនេះ”។

សម្ពាធលើអឺរ៉ុប

ក្រៅពីការពិភាក្សាពាក់ព័ន្ធនឹងសេណារីយ៉ូសម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន សន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំនេះក៏នឹងឃើញការវិលត្រឡប់ដ៏ខ្លាំងក្លា នៃប្រធានបទចាស់មួយ គឺការចំណាយលើវិស័យការពារជាតិនៅក្នុងអង្គការណាតូ និង ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់សមាជិកណាតូនៅអឺរ៉ុប។ មុននោះ ប្រធានាធិបតី អាមេរិក លោក Donald Trump ធ្លាប់បានលើកឡើងថា ប្រទេសណាតូត្រូវការបង្កើន ការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte (រូបថត៖ THX/TTXVN)

យោងតាមអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ការចំណាយ ៥% GDP លើវិស័យការពារជាតិ គឺមិនប្រាកដប្រជានៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ននៃ ប្រទេសសមាជិកណាតូជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅឯវេទិកាសេដ្ឋ កិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសកាលពីចុងខែមុន មន្ត្រីកំពូល របស់អង្គការណាតូរូបនេះ បានទទួលស្គាល់ថា ប្លុកយោធានេះកំពុងស្ថិតក្នុងស្ថានភាព វិបត្តិដោយសារតែបញ្ហាថវិកាការពារជាតិ។

“យើងខ្ញុំពិតជាកំពុងស្ថិតក្នុងវិបត្តិ។ ទីមួយ ថវិកាត្រូវតែចំណាយកាន់តែច្រើន និងកាន់តែលឿនជាងមុន។ មិនមែនសមាជិកទាំងអស់បានបំពេញតាមតម្រូវការនៃការ ចំណាយ ២% GDP លើវិស័យការពារជាតិទេ ដូច្នេះយើងខ្ញុំត្រូវសម្រេចកិច្ចការនេះក្នុង រយៈពេលប៉ុន្មានខែខាងមុខ ហើយមិនអាចរង់ចាំទៀតទេ។ បន្ទាប់មក យើងខ្ញុំត្រូវ បង្កើនកម្រិតនៃការរួមវិភាគទាន។ តួរលេខពិតប្រាកដនឹងត្រូវបានដឹងនៅចុងឆ្នាំនេះ ប៉ុន្តែទំនងជាមានចំនួនច្រើនជាងកម្រិត ២%”។

ចែករំលែកទស្សនៈនេះ ប្រធាន MSC លោក Christoph Heusgen បាននិយាយថា ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump មិនទំនងជា នឹងដកកងទ័ព អាមេរិកប្រចាំនៅអឺរ៉ុបទាំងស្រុងនាពេលខាងមុខក៏ដោយ ប៉ុន្តែអ្នកជាប់ពន្ធអាមេរិក ប្រាកដជាមិនពេញចិត្តទេ ប្រសិនបើប្រទេសណាតូផ្សេងទៀតមិនរួមចំណែកលើសពី ៣% នៃ GDP ដល់វិស័យការពារជាតិ។ ដូច្នេះហើយ ក្នុងរយៈពេលវែង មធ្យោបាយ តែមួយគត់របស់អឺរ៉ុប គឺការកសាងសមត្ថភាពការពារសន្តិសុខផ្ទាល់ខ្លួន និងកាត់បន្ថយ ការពឹងផ្អែកលើសហរដ្ឋអាមេរិក។

ក្រៅពីបញ្ហារួមចំណែកផ្នែកហិរញ្ញវត្ថុដល់អង្គការណាតូ ប្រធានបទមួយទៀត ដែលអាចបញ្ឆេះការខ្វែងគំនិតគ្នារវាងអឺរ៉ុប និងអាមេរិកនៅ MSC គឺផែនការរបស់ ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាន់កាប់តំបន់ហ្គាហ្សា ខណៈដែល ប្រទេសអឺរ៉ុបភាគច្រើនប្រឆាំងទំទាស់យ៉ាងខ្លាំងនឹងផែនការនេះ។ ការដែលសហរដ្ឋ អាមេរិកចង់ទិញកោះ Greenland ពីប្រទេសដាណឺម៉ាក ឬចង់រួមបញ្ចូលប្រទេស កាណាដា ក៏ជាប្រធានបទដ៏ចម្រូងចម្រាសផ្សេងទៀត នៅទីក្រុង Munich ផងដែរ៕