លេចក្តីសម្រេចចិត្តលេខ ៧២ បញ្ជាក់ផ្លូវសម្រាប់ការអភិវឌ្ឍ ការថែទាំសុខភាពប្រកបដោយនិរន្តរភាព (រូបថត៖ VGP) |
សេចក្តីសម្រេចចិត្តលេខ ៧២ ត្រូវបានអគ្គលេខាបក្ស លោកតូ ឡឹម តាងនាមការិយាល័យនយោបាយចុះហត្ថលេខា និងចេញផ្សាយនាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។ សេចក្តីសម្រេចចិត្តមិនត្រឹមតែមានលក្ខណៈបន្ទាន់ក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាយុទ្ធសាស្ត្ររយៈពេលវែងទៀតផង សំដៅលើកកំពស់ឋានៈ កម្លាំងកាយ កម្លាំងចិត្ត បញ្ញា និងស្មារតីរបស់ប្រជាជនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។
ចក្ខុវិស័យយុទ្ធសាស្ត្រ
សុខភាពសាធារណៈក្លាយជាមូលដ្ឋានគ្រឹះដើម្បីធានាស្ថិរភាព និងការអភិវឌ្ឍ។ ការដាក់សុខភាពមនុស្សជាមជ្ឈមណ្ឌល សេចក្តីសម្រេចចិត្តលេខ ៧២ បង្ហាញពីការត្រិះរិះយុទ្ធសាស្ត្រ៖ ដាក់កត្តាមនុស្សជាគោលដៅផងនិងជាម្ចាស់កម្មវត្ថុនៃការអភិវឌ្ឍ។
អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៧២ ត្រូវតែជាយុទ្ធសាស្ត្រ តម្រង់ទិសសកម្មភាព និងឈានទៅរកការទម្លុះទម្លាយ (រូបថត៖ VGP/Nhat Bac) |
ចាប់ពីពេលកសាងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការថា សេចក្តីសម្រេចចិត្តត្រូវតែមានលក្ខណៈយុទ្ធសាស្ត្រ តម្រង់ទិសសកម្មភាព និងការទម្លុះទម្លាយ "មិនចូលទៅក្នុងទ្រឹស្តី" និងធានានូវលទ្ធភាព ដាក់ចេញដំណោះស្រាយ និងលក្ខខណ្ឌតភ្ជាប់សម្រាប់អនុវត្តន៍៖
“ការបង្ការគឺជាគន្លឹះ - មូលដ្ឋានគឺជាគ្រឹះ - ប្រជាជនគឺជាមជ្ឈមណ្ឌល។ គោលដៅគឺដើម្បីបង្កើនអាយុវ័យ រស់នៅប្រកបដោយសុខភាពល្អ កាត់បន្ថយការចំណាយរបស់អ្នកជំងឺ បង្កើតប្រព័ន្ធឌីជីថល លើកកម្ពស់ការថែទាំសុខភាពបឋម កែលម្អគុណភាពសេវាកម្ម និងការពេញចិត្តរបស់ប្រជាជន”។
ក្នុងស្មារតីនោះ សេចក្តីសម្រេចចិត្តលេខ ៧២ បានកំណត់នូវគោលការណ៍ណែនាំសំខាន់ៗ មិនត្រឹមតែស្ថិតនៅត្រង់ការបំពេញតម្រូវការនៃការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងសំដៅលើការថែទាំសុខភាពដ៏ទូលំទូលាយ រួមមានការការពារ ការព្យាបាល ការស្តារនីតិសម្បទា ការថែទាំផ្លូវចិត្ត និងការកែលម្អរាងកាយ។ នេះគឺជាចំណុចថ្មីមួយ ដែលបង្ហាញពីការបោះជំហានទៅមុខ ក្នុងការយល់ដឹងអំពីសុខភាព៖ មិនត្រឹមតែគ្មានជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថានភាពនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមដ៏ទូលំទូលាយផងដែរ។ ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long បានអះអាងថា៖ “សេចក្តីសម្រេចចិត្តបន្តទទួលមរតកនូវទស្សនៈរបស់បក្សលើការយកចិត្តទុកដាក់ និងការពារសុខភាពប្រជាជន ប៉ុន្តែមានចំណុចមួយចំនួនដែលមានលក្ខណៈជាក់ស្តែងជាង។ នោះគឺយើងពិនិត្យមើលការងារការពារ និងថែរក្សាសុខភាពប្រជាពលរដ្ឋក្នុងវិសាលភាពទូលំទូលាយជាងនេះ។ ហើយពីភាពទូលំទូលាយនេះ យើងអាចរៀបចំភារកិច្ច និងដំណោះស្រាយជាក់ស្តែងបន្ថែមទៀត សំដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើការយល់ដឹង និងសកម្មភាពឆ្ពោះទៅគោលដៅកសាងប្រទេសវៀតណាមប្រកប ដោយសុខភាពល្អ ដែលប្រជាជនទាំងអស់ទទួលបានការថែទាំសុខភាព បង្ការជំងឺយ៉ាងសកម្មក្នុងសង្គមទាំងមូល រួមចំណែកយ៉ាងសំខាន់ និងជំរុញការអភិវឌ្ឍប្រទេសជាតិសម្បូររុងរឿង ស៊ីវិល័យ និងវិបុលភាពក្នុងយុគសម័យថ្មី”។
ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអះអាងថា នេះគឺជាសេចក្តីសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ ទូលំទូលាយ ភ្លាមៗ និងយូរអង្វែង និងមានសកម្មភាពតម្រង់ទិសខ្ពស់ (រូបថត៖ VGP/Nhat Bac) |
ដំណោះស្រាយនិងសកម្មភាពជាក់ស្តែង
សេចក្តីសម្រេចចិត្តលេខ ៧២ កំណត់ក្រុមភារកិច្ច និងដំណោះស្រាយ រួមមានៈ ពង្រឹងប្រព័ន្ធការពារសុខភាព ការថែទាំសុខភាពបឋម និងឱសថបុរាណ; បន្តស្មារតីនៃការបម្រើអ្នកជំងឺ; ការព្យាបាលដំបូងនៃជំងឺអាទិភាព; ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមូលនិធិធានារ៉ាប់រងសុខភាព; ការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព; និងលើកទឹកចិត្តដល់ការអភិវឌ្ឍការថែទាំសុខភាពឯកជន។ គួរកត់សម្គាល់ថា ចាប់ពីឆ្នាំ ២០២៦ ប្រជាជននឹងអាចទៅពិនិត្យសុខភាពជាប្រចាំ និងឥតគិតថ្លៃម្តងក្នុងមួយឆ្នាំ។ អត្រាការធានារ៉ាប់រងសុខភាពឈានដល់ជាង ៩៥%; ចំនួន ១០០% នៃស្ថានីយ៍សុខភាពឃុំត្រូវបានវិនិយោគទាំងស្រុងលើសម្ភារៈបរិក្ខារ និងធនធានមនុស្ស។ ទាក់ទិននឹងបញ្ហានេះ សាស្ត្រាចារ្យរង បណ្ឌិត Dao Xuan Co នាយកមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា៖ “ខ្ញុំគិតថា ប្រជាជនវៀតណាមបរិមាណទាំង ១០០% សុទ្ធតែសប្បាយចិត្តនិងឆ្លើយតប ពោលគឺត្រូវបានពិនិត្យសុខភាពជាប្រចាំ និងទទួលការលើកលែងថ្លៃមន្ទីរពេទ្យមូលដ្ឋាន តាមការធានារ៉ាប់រងសុខភាព ត្រូវបានបញ្ចូលក្នុងសេចក្តីសម្រេចចិត្ត។ ទាក់ទងនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងពង្រឹងការថែទាំសុខភាពមូលដ្ឋាននិងធនធានមនុស្សថែទាំសុខភាពឃុំ ខ្ញុំគិតថា នេះជាគោលនយោបាយសំខាន់និងត្រឹមត្រូវ ដើម្បីឱ្យមានធនធានថែទាំសុខភាពនៅថ្នាក់មូលដ្ឋាន ផ្តោតលើប្រជាជន ប្រជាជនជាអ្នកទទួលផល និងទទួលបានការថែទាំសុខភាពត្រឹមត្រូវនៅមណ្ឌលសុខភាពដែលខ្លួនកើតមក។ ខ្ញុំគិតថា នេះជាយុទ្ធសាស្ត្រមួយដែលចំគោលដៅនិងត្រឹមត្រូវ”។
ការអនុវត្តសេចក្តីសម្រេចចិត្ត នឹងនាំមកនូវឥទ្ធិពលយ៉ាងទូលំទូលាយ។ ទាក់ទងនឹងសេដ្ឋកិច្ចសង្គម ប្រទេសដែលមានកម្លាំងមាំមួន អាចបង្កើតកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ រួមចំណែកដល់ការបង្កើនផលិតភាព និងការលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ ទាក់ទងនឹងរបបសន្តិសុខសង្គម នៅពេលដែលមនុស្សគ្រប់រូបមានឱកាសទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សមធម៌សង្គមត្រូវបានពង្រឹង ហើយការជឿទុកចិត្តរបស់ប្រជាជនចំពោះរបបក៏ត្រូវបានពង្រឹង។ ទាក់ទងនឹងសន្តិសុខ ប្រព័ន្ធថែទាំសុខភាពដ៏រឹងមាំមួយ នឹងជួយប្រទេសនេះ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះជំងឺរាតត្បាត គ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ដោយធានាបាននូវស្ថិរភាពនយោបាយ និងសង្គម។
ជាងនេះទៅទៀត សេចក្តីសម្រេចចិត្តលេខ ៧២ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅទី ៣៖ ការធានានូវជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ នេះមិនត្រឹមតែជាការទទួលខុសត្រូវផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារមួយទៅកាន់បរទេស៖ វៀតណាមជាប្រទេសប្រកបដោយមនុស្សសាស្ត្រ ដោយយកប្រជាជនជាមជ្ឈមណ្ឌលនៃគោលនយោបាយទាំងអស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


