សិស្សានុសិស្ស និស្សិតត្រូវទទួលការផ្សព្វផ្សាយ និងអប់រំអំពីសិទ្ធិមនុស្ស (រូបថត៖ កាសែតបក្សកុម្មុយនិស្តវៀតណាម)

កិច្ចការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សមានអត្ថន័យសំខាន់ជាពិសេស ជួយប្រជាជនឱ្យយល់ដឹងអំពីសិទ្ធិមនុស្ស; ត្រូវមានស្មារតីការពារសិទ្ធិផ្ទាល់ខ្លួន និងគោរពសេចក្តីថ្លសថ្នូរ មនុស្ស សិទ្ធិ និងសេរីភាពរបស់អ្នកដទៃ។ ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្សជាបញ្ហាមានលក្ខណៈគ្រប់ជ្រុងជ្រោយនៃប្រទេសជាតិទាំងមូល និងក៏ជាបញ្ហាសកលផងដែរ។

លទ្ធផលលេចធ្លោល្អក្នុងការអប់រំសិទ្ធិមនុស្ស

ការធានាសិទ្ធិមនុស្ស និងការអនុវត្តការអប់រំសិទ្ធិមនុស្សនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី (១៩៨៦) វៀតណាមបានក្លាយជាប្រទេសគំរូក្នុងការអនុវត្តគោលដៅសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ជាគំរូនៃការផ្សះផ្សារនិងការស្តារឡើងវិញក្រោយសង្គ្រាម។

អត្រានៃភាពក្រីក្រពហុវិមាត្រយោងតាមស្ដង់ដារថ្មីក្នុងឆ្នាំ ២០២៤ មានត្រឹមតែប្រហែល ១% ប៉ុណ្ណោះ។ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់ UNDP សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨ កាំ បើធៀបនឹងរយៈពេលមុន គឺពីថ្នាក់ ១១៥ មក ថ្នាក់ ១០៧ ក្នុងចំណោម ១៩៣ ប្រទេស។

កុមារត្រូវបានចិញ្ចឹមបីបាច់ និងត្រូវបានបង្កលក្ខណៈងាយស្រួលក្នុងការទៅសាលារៀនគ្រប់ៗគ្នា។ មនុស្សទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យសិក្សានៅក្នុងប្រព័ន្ធអប់រំជាតិដែលមានការអភិវឌ្ឍកាន់តែខ្លាំងឡើង និងមានសង្គមសិក្សាមួយ។ រហូតមកដល់បច្ចុប្បន្ន អត្រានៃការកៀរគរសិស្សឱ្យចូលរៀននៅចំអាយុក្នុងកម្រិតបឋមសិក្សាសម្រេចបាន ៩៩,៧%; អត្រាសិស្សបញ្ចប់កម្មវិធីមធ្យមសិក្សាទុតិយភូមិសម្រេចបាន ៩០,៧%។

យុវជន និងមនុស្សក្នុងវ័យធ្វើការមានឱកាសការងារច្រើន។ គិតត្រឹមត្រីមាសទីបីនៃឆ្នាំនេះ វៀតណាមមានកម្មករនិយោជិតមានការងារធ្វើចំនួន ៥១,៦ លាននាក់ ស្មើនឹង ៩៨% នៃកម្លាំងពលកម្ម។

ក្នុងពេលជាមួយគ្នានោះ អាយុកាលជាមធ្យមរបស់ប្រជាជនវៀតណាមក្នុងឆ្នាំ ២០២៣ គឺ ៧៤,៥ ឆ្នាំ ដែលខ្ពស់ជាងមធ្យមភាគពិភពលោក (៧៣ ឆ្នាំ)។ បច្ចុប្បន្ននេះ រដ្ឋាភិបាលផ្តល់ការឧបត្ថម្ភធនជាប្រចាំដល់ប្រជាជនដែលមានគណូបការៈជាង ១,១៣ លាននាក់ ដោយចំណាយថវិកាអស់ ២៩.០០០ ពាន់លានដុង/ឆ្នាំ (១,២ ពាន់លានដុល្លារអាមេរិក)។

មនុស្សចាញ់ប្រៀបគេ ប្រជាជនក្នុងស្ថានភាពលំបាក ជួបគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់សុទ្ធតែទទួលបានជំនួយឧបត្ថម្ភ។ វៀតណាមកំពុងអនុវត្តគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។

នៅវៀតណាម ប្រជាជនទាំងអស់សុទ្ធតែត្រូវបានរស់នៅក្នុងបរិយាកាសសន្តិភាព; សុទ្ធតែបានទទួលសេរីភាពប្រជាធិបតេយ្យ សេរីភាពខាងជំនឿនិងសាសនា សេរីភាពសារព័ត៌មាន សេរីភាពនៃការច្នៃប្រឌិត និងសមភាពចំពោះមុខច្បាប់។ យោងតាមចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ សន្ទស្សន៍សុភមង្គលរបស់វៀតណាមឆ្នាំ ២០២៤ បានកើនឡើងចំនួន ១១ កាំ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥៤ក្នុងចំណោម ១៣៤ ប្រទេស។ បច្ចុប្បន្នវៀតណាមជាសមាជិក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និសីទូទាំងប្រទេស ស្តីពីការអប់រំសិទ្ធិមនុស្សនៅទីក្រុងហាណូយ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ VGP/Nhat Bac)

ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ គម្រោងអប់រំសិទ្ធិមនុស្សត្រូវបានអនុវត្តប្រកបដោយសមកាលកម្ម និងទូលំទូលាយនៅក្នុងក្រសួង សាខា និងមូលដ្ឋាន។ អញ្ជើញថ្លែងមតិក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអប់រំសិទ្ធិមនុស្ស នាថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “សម្រាប់វៀតណាម ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្សគឺជាបេសកកម្មមានលក្ខណៈទូលំទូលាយក្នុងប្រជាជនទាំងមូលប្រកបដោយបរិយាប័ន្ន។ ការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សត្រូវបានដាក់នៅក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងការចូលរួមរបស់ប្រជាជន។ ការពារសិទ្ធិមនុស្សនិងការអប់រំសិទ្ធិមនុស្ស គឺជាកម្មវិធីផ្លូវការ ដែលត្រូវបានដាក់ក្នុងប្រព័ន្ធអប់រំទាំងមូល ដែលយកសិស្សានុសិស្សជាមជ្ឈមណ្ឌល គ្រូបង្រៀនជាកម្លាំងចលករ ហើយសាលាជាមូលដ្ឋានគ្រឹះ និងការអនុវត្តការសិក្សាពេញមួយជីវិត និងសង្គមសិក្សា”។

គោលការណ៍ទាក់ទងផ្ទាល់នឹងសិទ្ធិមនុស្សជាលក្ខណៈវិនិច្ឆ័យចាំបាច់ក្នុងការបង្កើតនិងអនុវត្តន៍គោលនយោបាយ

នាពេលខាងមុខ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោលការណ៍ណែនាំរបស់បក្ស យន្តការ គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីការធានាសិទ្ធិមនុស្ស វៀតណាមនឹងដាក់ចេញនូវគោលការណ៍នៃវិធីសាស្រ្តអភិក្រម ឈរលើសិទ្ធិមនុស្ស ដែលក្លាយជាតម្រូវការចាំបាច់ និងលក្ខណៈវិនិច្ឆ័យវាយតម្លៃក្នុងគោលនយោបាយនិងការបង្កើតច្បាប់ រួមទាំង សកម្មភាពអនុវត្តច្បាប់នៅគ្រប់កម្រិត។

វៀតណាមក៏បន្តការច្នៃប្រឌិត និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គមក្នុងទិសដៅដ៏ទូលំទូលាយ ទំនើប បរិយាប័ន្ននិងនិរន្តរភាព ក្នុងស្មារតីយកប្រជាជនជាមជ្ឈមណ្ឌល និងជាម្ចាស់កម្មវត្ថុ។ អនុវត្តគោលនយោបាយឱ្យបានល្អ ដើម្បីធានាសន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ។

វៀតណាមក៏បន្តចូលរួមដោយការទទួលខុសត្រូវ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមប្រឹក្សាសិទ្ធិមនុស្សរវាងប្រទេសពាក់ព័ន្ធ អង្គការក្នុងតំបន់ និងយន្តការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោះស្រាយកង្វល់រួមលើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សនិងមនុស្សធម៌។

បញ្ហាសិទិ្ធមនុស្ស និងការអប់រំសិទ្ធិមនុស្ស គឺជាខ្លឹមសារស្នូលមួយនៃសតិអារម្មណ៍ហូជីមិញ ដែលជាទស្សនៈខ្ជាប់ខ្ជួនក្នុងគោលមាគ៌ា គោលការណៃនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម។ ក្នុងយុគសម័យថ្មី ការប្តេជ្ញាការពារសិទ្ធិមនុស្ស និងអប់រំអំពីសិទ្ធិមនុស្សដែលនឹងរួមចំណែកជួយវៀតណាមសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនក្នុងការកសាងប្រកបដោយជោគជ័យ ប្រទេសវៀតណាមសង្គមនិយមមួយសម្បូរធូធារនិងវិបុលភាព៕