អគ្គទេសាភិបាលអូស្ត្រាលី Sam Mostyn បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបភាព៖ ក្រសួងការបរទេស) |
ក្នុងរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣- ២០២៥) វៀតណាម និងអូស្ត្រាលីទទួលបានសមិទ្ធិផលសហប្រតិបត្តិការលេចធ្លោជាច្រើន ក្នុងនោះមានការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (នាឆ្នាំ ២០២៤)។
ដំណើរទស្សនកិច្ចនៅវៀតណាម របស់អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បង្ហាញអំពីគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់អូស្ត្រាលីក្នុងការគោរព និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមផងដែរ។ សម្រាប់វៀតណាម ដំណើរទស្សនៈកិច្ចបានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួន ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសអូស្ត្រាលី ដែលជាប្រទេសមានតួនាទីសំខាន់ក្នុងតំបន់។
ទំនាក់ទំនងទ្វេភាគីត្រូវបានអនុវត្តន៍គ្រប់ជ្រុងជ្រោយ
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn បានធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងវិស័យសហប្រតិបត្តិការសសរស្តម្ភ ចំនួន ៦។ នៅខែតុលាឆ្នាំ ២០២៤ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូនេះសម្រាប់ដំណាក់កាល ២០២៤ -២០២៧។
មកដល់ពេលនេះ ភាគីទាំងពីរបានសម្របសម្រួលដើម្បីអនុវត្តបាន ៩៦% មរិមាណទម្រង់សរុបនៃកម្មវិធីសកម្មភាពនេះ។ ជាពិសេស ភាគីទាំងពីរបានបើកកិច្ចសន្ទនាសន្តិសុខថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង ដោយបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពភាពជាដៃគូក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang អតីតនាយកវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖ “គំរូមួយក្នុងចំណោមគំរូក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្នគឺទំនាក់ទំនងវៀតណាម - អូស្ត្រាលី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យថាទស្សន៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែជាមូលដ្ឋានគ្រឹះជំរុញសន្តិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលី រួមចំណែកបង្កើតសណ្តាប់ធ្នាប់ក្នុងតំបន់ថ្មី នាពេលខាងមុខ”។
ក្នុងពេលជាមួយគ្នានោះ លោក Layton Pike វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអូស្ត្រាលី-វៀតណាម បានវាយតម្លៃថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមកាន់តែរឹងមាំឡើង ដោយសារប្រទេសទាំងពីរមានលក្ខណៈប្រហាក់ប្រហែលជាច្រើន ជាពិសេសការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកដែលមានស្ថិរភាព សន្តិភាព ការពឹងផ្អែកលើខ្លួនឯង និងវិបុលភាព ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កន្លែងត្រូវបានចាត់ទុកថា ជាអាទិភាពកំពូលរបស់រដ្ឋាភិបាលអូស្ត្រាលី៖
“ខ្ញុំគិតថា ប្រទេសទាំងពីរចែករំលែកគុណតម្លៃរួមជាច្រើន មិនត្រឹមតែនៅក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសេចក្តីប្រាថ្នាសម្រាប់តំបន់ទៀតផង។ យើងមានសេដ្ឋកិច្ចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ យើងទាំងពីរជាប្រទេសដែលមានទំហំមធ្យមនៅក្នុងតំបន់ ហើយប្រសិនបើយើងសហការជាមួយគ្នា យើងអាចធ្វើបានច្រើន”។
ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA)។ ប្រការនេះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ដូចជាការអនុគ្រោះពន្ធពិសេស។ ជាមួយនឹងទំហំធំសម្រាប់កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរមានគោល បំណងនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារនាពេលឆាប់ៗនេះ។
ចំណុចសំខាន់ក្នុងរូបភាពរួមនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលីគឺការភ្ជាប់ទំនាក់ទំនងវប្បធម៌និងប្រជាជន។ អូស្ត្រាលីមានសហគមន៍ជនវៀតណាមដ៏ធំមួយដែលមានប្រជាជនប្រហែល ៣៥០.០០០ នាក់ ហើយភាសាវៀត ណាមស្ថិតក្នុងចំណោមភាសាចំនួន ៤ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុត (បន្ទាប់ពីភាសាអង់គ្លេស ចិន និងភាសាអារ៉ាប់) ដែលជាមូលដ្ឋានគ្រឹះក្នុងការជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។ ក្នុងនោះមានការបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតវៀត ណាមទៅសិក្សានៅប្រទេសអូស្ត្រាលី សម្របសម្រួលការអនុវត្តកម្មវិធី New Colombo ប្រកបដោយប្រសិទ្ធភាព និងនាំនិស្សិតអូស្ត្រាលីមកផ្លាស់ប្តូរបទពិសោធន៍នៅវៀតណាម។
បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn មានអត្ថន័យសំខាន់ណាស់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយ បន្ទាប់ពីរយៈពេលជាង ១,៥ ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn នឹងមានសកម្មភាពដូចជា៖ ជួបពិភាក្សាជាមួយប្រធានរដ្ឋ លោកលឿង គឿង ជួបជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ចូលរួមវេទិការវៀតណាម-អូស្ត្រាលី ចូមរួមពិធីសម្ពោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម ទស្សនាទីក្រុង ហូជីមិញ និងស្ថាប័នវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួន ...។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។
វៀតណាមនិងអូស្ត្រាលីមានធាតុផ្សំទាំងអស់ ដើម្បីកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធដោយផ្អែកលើការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បន្តសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី ព្រមទាំងសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងទ្វេភាគីទៅកាន់ជំពូកថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
